អន្តរជាតិ
យោធាអាម៉េរិកជួយទិញអាហារសមុទ្រជប៉ុន ខណៈចិនហាមឃាត់ការនាំចូល
31, Oct 2023 , 9:49 am        
រូបភាព
អ្នក​នេសាទ​រៀបចំត្រី​នៅ​ផ្សារ​មួយកន្លែងនៅ​ទីក្រុង Fukushima ។ រូបភាព ៖ Xinhua
អ្នក​នេសាទ​រៀបចំត្រី​នៅ​ផ្សារ​មួយកន្លែងនៅ​ទីក្រុង Fukushima ។ រូបភាព ៖ Xinhua
អាម៉េរិកបានចាប់ផ្តើមទិញអាហារសមុទ្រជប៉ុនយ៉ាងច្រើន ដើម្បីផ្គត់ផ្គង់យោធារបស់ខ្លួន សម្រាប់មូលដ្ឋានទ័ពនៅជប៉ុន ដើម្បីជាការឆ្លើយតបទៅនឹងការហាមឃាត់របស់ចិន លើផលិតផល អាហារសមុទ្រ បន្ទាប់ពីទីក្រុងតូក្យូបានបញ្ចេញទឹកពីរោងចក្រនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ។

 
ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃ ទី៣០ ខែតុលា អគ្គរដ្ឋអាម៉េរិកប្រចាំប្រទេសជប៉ុនលោក Rahm Emanuel បាននិយាយ ថា ទីក្រុងវ៉ាស៊ីនតោនគួរតែពិនិត្យមើលឱ្យកាន់តែទូលំទូលាយ អំពីរបៀបដែលអាចជួយទូទាត់ការហាមឃាត់របស់ចិន ដែលជាផ្នែកមួយនៃសង្រ្គាមសេដ្ឋកិច្ច។
 
«វានឹងក្លាយជាកិច្ចសន្យារយៈពេលវែងរវាងកងកម្លាំងប្រដាប់អាវុធអាម៉េរិក និងជលផល និងព្រមទាំងសហប្រតិបតិ្តការអាម៉េរិកនៅជប៉ុន»។​ លោក Emanuel លើកឡើងបែបនេះរួច មានប្រសាសន៍ថា វិធីដ៏ល្អបំផុតដើម្បីឆ្លើយតបទៅការបង្ខិតបង្ខំសេដ្ឋកិច្ចរបស់ចិនគឺ ការផ្ដល់ជាជំនួយ និងការជ្រោមជ្រែងដល់ប្រទេស ឬឧស្សាហកម្មគោលដៅ។
 
ការទិញអាហារសមុទ្រលើកដំបូងដោយអាម៉េរិក ក្រោមគម្រោងនេះ មានត្រឹមតែលៀស សមុទ្រតិចជាងមួយតោន ដែលជាផ្នែកតូចមួយនៃលៀសសមុទ្រជាង ១០ ម៉ឺនតោន ដែល ជប៉ុនបាននាំចេញទៅកាន់ចិនដីគោក កាលពីឆ្នាំមុន។
 
លោក Emanuel បាននិយាយថា អាម៉េរិកក៏អាចពិនិត្យមើលការនាំចូលត្រីពីជប៉ុន និងចិនផងដែរ។
 
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ហាក់មិនចាប់អារម្មណ៍លើការអត្ថាធិប្បាយរបស់លោក Emanuel ឡើយ។ លោក Wang បាននិយាយថា ទំនួលខុសត្រូវរបស់អ្នកការទូត ដើម្បីលើកកម្ពស់មិត្តភាពរវាងប្រទេស ជាជាងការលាបពណ៌ប្រទេសផ្សេងទៀត និងបង្កបញ្ហា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com