FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
មេ FIFA បន់ស្រន់ឱ្យឪពុករបស់ Diaz រួចផុតពីការចាប់ជំរិត នៅកូឡុំប៊ី 
×![]()
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានផ្ញើសារគាំទ្រ និងជួយបែរបន់សេចក្តីសុខទៅកាន់ខ្សែប្រយុទ្ធ Luis Diaz របស់ក្រុមហង្សក្រហម Liverpool ចំពោះបញ្ហាការចាប់ជំរិតឪពុកម្តាយរបស់គេនៅក្នុងប្រទេសកូឡុំប៊ី។
ម្តាយរបស់ Diaz ត្រូវបានជួយសង្គ្រោះមកវិញដោយសុវត្ថិភាព ប៉ុន្តែក្រុមអាជ្ញាធរ ក៏ដូចជាទាហានច្រើនអ្នកកំពុងតែបន្តស្វែងរកឪពុករបស់គេ។
«ក្នុងនាមជា FIFA និងសហគមន៍បាល់ទាត់ពិភពលោក ខ្ញុំចង់ពង្រីកការគាំទ្រ និងការអធិស្ឋានរបស់យើងទៅកាន់ក្រុមគ្រួសាររបស់ Luis Diaz និងមិត្តភក្កិរបស់គេក្នុងគ្រាដ៏លំបាកនេះ។»។ លោក Infantino បានបង្ហោះនៅលើបណ្តាញសង្គម Instagram បែបនេះ។
កាលពីថ្ងៃទី៣០ សហព័ន្ធបាល់ទាត់ប្រទេសកូឡុំប៊ី ក៏បានចេញសេចក្តីប្រកាស ទាមទារឱ្យជនចាប់ជំរិត ដោះលែងឪពុករបស់ Diaz ជាបន្ទាន់ដោយគ្មានការព្រមព្រៀងអ្វីទាំងអស់។ អំឡុងការប្រកួតរបស់ Liverpool ទល់នឹង Nottingham Forest ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីបានចាកចេញពីក្រុមទាំងយប់ ក្រោយឮដំណឹងអំពីក្រុមគ្រួសារត្រូវបានចាប់ជំរិត។ លោក Jurgen Klopp បានចាត់ទុករឿងនេះថាជារឿងដែលពិបាកបំផុតដែលលោកមិនធ្លាប់ជួបនៅក្នុងជីវិតរបស់លោក។
ទាក់ទងនឹងរឿងនេះលោក Klopp បាននិយាយដូច្នេះថា ៖ «ជារឿងដែលពិបាកបំផុតក្នុងជីវិតរបស់ខ្ញុំដែលមិនធ្លាប់ជួបពីមុនមក។ ខ្ញុំមិនបានត្រៀមខ្លួនសម្រាប់រឿងនេះពីមុនឡើយ គ្រប់គ្នានៅក្នុងក្លិប Liverpool មានក្តីបារម្ភពីក្រុមគ្រួសាររបស់ Diaz។»។
ស្ថិតក្នុងការប្រកួតដដែលនោះ អំឡុងពេលខ្សែប្រយុទ្ធ Diogo Jota បានស៊ុតបាល់ចូលទី រូបគេបានលើកអាវបង្ហាញពីឈ្មោះរបស់ Luis Diaz ក្នុងន័យគាំទ្រ ក៏ដូចជាការបែរបន់សម្រាប់សុវត្ថិភាពរបស់ក្រុមគ្រួសារមិត្តរួមក្រុមរបស់ខ្លួន។
គិតមកដល់ពេលនេះ អាជ្ញាធរប្រទេសកូឡុំប៊ី នៅមិនទាន់អាចស្វែងរកទីតាំង ឪពុករបស់ Diaz បានឡើយ។ កាលពីថ្ងៃទី២៩ ខែតុលា មន្ត្រីប៉ូលិសកូឡុំប៊ី បានប្រកាសថា ពួកគេនឹងផ្តល់ប្រាក់ចំនួន ៤ម៉ឺនអឺរ៉ូ (៤,៨ម៉ឺនដុល្លារ) ដល់អ្នកដែលបានផ្តល់ព័ត៌មាន សម្រាប់ជួយដល់ការជួយសង្គ្រោះដល់ឱពុករបស់ខ្សែប្រយុទ្ធ Diaz៕
Tag:
FIFA
Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com