សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃលើកលែងទិដ្ឋាការសម្រាប់ជនជាតិឥណ្ឌា និងតៃវ៉ាន់
31, Oct 2023 , 6:19 pm        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
រដ្ឋាភិបាលថៃនៅថ្ងៃទី៣១ ខែតុលា បានប្រកាសលើកលែងលក្ខខណ្ឌតម្រូវទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរពីឥណ្ឌា និងតៃវ៉ាន់ ចាប់ពីខែវិច្ឆិកា ដល់ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរបន្ថែម។

 
ថៃបានលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីឥណ្ឌា និងតៃវ៉ាន់។ អ្នក​នាំ​ពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាន​និយាយ​ថា​ ៖ «​ ​ភ្ញៀវទេសចរមកពី​ឥណ្ឌា និង​តៃវ៉ាន់​អាច​ចូល​ទៅ​​ថៃ​បាន​រយៈពេល ៣០ថ្ងៃ​»។
 
ឥណ្ឌាគឺជាទីផ្សារទេសចរធំជាងគេទី៤ របស់ថៃនៅឆ្នាំនេះ ជាមួយនឹងភ្ញៀវប្រហែល ១,២លាននាក់ បន្ទាប់ពីម៉ាឡេស៊ី ចិន និងកូរ៉េខាងត្បូង។ ភ្ញៀវទេសចរដែល​មក​ពី​​ឥណ្ឌា​បង្ហាញ​សញ្ញា​កើនឡើង ​​ខណៈ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ និង​បណ្តាញ​បដិសណ្ឋារកិច្ច​កាន់​តែ​ច្រើន ​បាន​កំណត់​គោលដៅ​ទីផ្សារ​មួយនេះ។
 
នៅខែកញ្ញាកន្លងមក ថៃក៏បានលុបចោលតម្រូវការទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ដែលជាទីផ្សារទេសចរដ៏ធំ មុនពេលរាលដាលជំងឺកូវីដ-១៩ ដែលមានចំនួន ១១លាននាក់ ក្នុងចំណោម ៣៩លាននាក់ នៅឆ្នាំ ២០១៩។
 
ចាប់ពីខែមករា ដល់ថ្ងៃទី២៩ ខែតុលា មានភ្ញៀវទេសចរទៅថៃមានប្រមាណ ២២លាននាក់ដែលបង្កើនចំណូលបាន ៩២៧,៥ពាន់លានបាត (២៥,៦៧ពាន់លានដុល្លារ) ។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់រដ្ឋាភិបាលថៃ។
 
ថៃកំពុងដាក់គោលដៅទទួលភ្ញៀវទេសចរឲ្យបាន ២៨លាននាក់នៅឆ្នាំនេះ ដោយរដ្ឋាភិបាលថ្មីសង្ឃឹមថាវិស័យទេសចរណ៍អាចទូទាត់ការនាំចេញបន្តចុះខ្សោយ ដែលជាការរារាំងកំណើនសេដ្ឋកិច្ចប្រទេស៕ 

Tag:
 តៃវ៉ាន់
  ឥណ្ឌា
  ទិដ្ឋាការ
© រក្សាសិទ្ធិដោយ thmeythmey.com