ជាតិ
សង្គមជាតិ
ក្រុមហ៊ុនបុរីពិភពថ្មី ប្រកាសកែប្រែលក្ខខណ្ឌមួយចំនួនសម្រាប់អតិថិជន
31, Oct 2023 , 10:02 pm        
រូបភាព
សកម្មភាពពលរដ្ឋទៅតវ៉ាកាលពីថ្ងៃទី២៨ខែតុលា
សកម្មភាពពលរដ្ឋទៅតវ៉ាកាលពីថ្ងៃទី២៨ខែតុលា
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ក្រោយផ្ទុះការតវ៉ាពីសំណាក់អតិថិជនមួយចំនួនរបស់ខ្លួន ដែលអះអាងថា ក្រុមហ៊ុនបុរីពិភពថ្មី មិនអនុវត្តតាមកិច្ចសន្យាទិញ-លក់ផ្ទះរបស់ខ្លួននោះ ក្រុមហ៊ុន បុរីពិភពថ្មី បានចេញមុខបកស្រាយថា ពីជំហរអនុវត្តន៍កិច្ចសន្យា ទិញ-លក់ផ្ទះរបស់ខ្លួន។ តាមរយៈសេចក្តីប្រកាស ចុះថ្ងៃទី២៩តុលា ក្រុមហ៊ុន សម្រេចកែប្រែលក្ខខណ្ឌចំនួន៣ ដែលក្រុមហ៊ុនអះអាងថាជាលក្ខខណ្ឌសម្រាលដល់អតិថិជន នៅក្នុងស្ថានភាពដែលសេដ្ឋកិច្ចកំពុងជួបវិបត្តិដូចបច្ចុប្បន្ន។



លក្ខខណ្ឌដែលក្រុមហ៊ុនប្រកាសកែប្រែនោះមានទី១ សម្រាប់កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌទទួលទិញវិញ។ ចំពោះករណីនេះ ក្រុមហ៊ុនទទួលទិញវិញ៥០ភាគរយ នៃប្រាក់ដែលបានបង់ប្រចាំខែ(ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី៧ឡើងទៅ បូកនឹងប្រាក់បានកក់និងប្រាក់បានសងដើម ទូទាត់កាត់កងជាក់ស្តែងជាមួយប្រាក់ដែលអតិថិជនជំពាក់ ឬខកខានបង់ប្រចាំខែ។
 
សម្រាប់លក្ខខណ្ឌទី២ គឺសម្រាប់កិច្ចសន្យាទិញលក់ផ្ទះគ្មានលក្ខខណ្ឌទទួលទិញ។ ចំពោះករណីនេះ ក្រុមហ៊ុនទទួលទិញវិញតែប្រាក់ដើម បូកបន្ថែមនឹងប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ឬកាត់កងជាក់ស្តែងជាមួយប្រាក់ដែលអតិថិជនជំពាក់ ឬខកខានបង់ប្រចាំខែ។
 
សម្រាប់លក្ខខណ្ឌទី៣ គឺសម្រាប់កិច្ចសន្យាទិញលក់ផ្ទះគ្មានលក្ខខណ្ឌទទួលទិញវិញ សម្រាប់អតិថិជនមានផ្ទះ២។ ចំពោះលក្ខខណ្ឌនេះ គឺក្រុមហ៊ុនអនុវត្តន៍តែលើកិច្ចសន្យា ទិញផ្ទះមុនថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ប៉ុណ្ណោះ ដោយក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០ភាគរយ នៃប្រាក់ដែលបានបង់ប្រចាំខែ(ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី៧ឡើងទៅ បូកបន្ថែមប្រាក់បានកក់ និងប្រាក់បានសងដើម ហើយទូទាត់ជាក់ស្តែងជាមួយប្រាក់ដែលអតិថិជនជំពាក់បង់ប្រចាំខែ ហើយយកទៅទូទាត់ជាមួយអតិថិចននៅបង់រំលស់បន្ត។ ចំពោះប្រាក់នៅសល់ក្រោយទូទាត់ ក្រុមហ៊ុន មិនប្រគល់ជូនវិញទេ។ 
 
ក្រៅពីប្រកាសពីជំហរអនុវត្តកិច្ចសន្យាជាមួយអតិថិជន ម្ចាស់ក្រុមហ៊ុនបុរីពិភពថ្មី ឧកញ៉ា ហុង ពីវ នៅយប់ថ្ងៃទី៣១ តុលានេះ ក៏បញ្ចេញសារសោកស្តាយ និងបង្ហាញឈ្មោះបុគ្គលក២នាក់ ដែលក្រុមហ៊ុនអះអាងថាជាឈ្មួញកណ្តាលនោះ បានញុះញង់ឱ្យពលរដ្ឋជួបជុំតវ៉ា ដោយសារតែឈ្មួញកណ្តាលទាំង២នាក់នេះ លក់ផ្ទះដែលទិញពីក្រុមហ៊ុនមិនចេញ។ 
ក្រុមហ៊ុនបុរីពិភពថ្មី ក៏ប្តឹងឱ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់លើបុគ្គលទាំង២នាក់នោះ ដែលក្រុមហ៊ុនអះអាងថាបានបំពានគោលការណ៍ច្បាប់ រំលោភសិទ្ធិបុគ្គល ប៉ះពាល់ដល់ក្រុមហ៊ុន និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសស្ថិរភាពនៃវិស័យអចលនទ្រព្យ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com