កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់វៀតណាម Hoang Duc ចាយជិត៥០ម៉ឺនដុល្លារ ទិញ Mercedes G63
01, Nov 2023 , 11:59 am        
រូបភាព
Nguyen Hoang Duc ខ្សែបម្រើក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម បានចំណាយប្រាក់ខ្ទង់លានដុល្លារ ដើម្បីសាងសង់ផ្ទះសម្រាប់ឪពុកម្តាយ និងទិញសម្ភារថ្លៃៗដូចជានាឡិកា និងរថយន្តជាដើម។ ថ្មីៗនេះ Hoang Duc ទើទិញរថយន្តទំនើប Mercedes G63 តម្លៃជិតកន្លះលានដុល្លារ។



ខ្សែបម្រើក្រុម Viettel នៃលីគកីឡាបាល់ទាត់វៀតណាម (V. League) រូបនេះ ទើបតែបានទិញរថយន្ត Mercedes G63 ក្នុងតម្លៃ ១១ពាន់លានដុង (៤៥១០០០ដុល្លារ)។ តម្លៃនេះ ថ្លៃជាងរថយន្ត Porsche ជិតបីដង ដែលមិត្តរួមក្រុមវៀតណាមរួមមាន Que Ngoc Hai, Doan Van Hau និង Vu Van Thanh ប្រើសព្វថ្ងៃ។
 
មុនទិញ Mercedes G63 ខ្សែបម្រើវ័យ២៥ឆ្នាំ Hoang Duc បានទិញ Mercedes-Benz GLC តម្លៃ១០ម៉ឺនដុល្លាររួចហើយកាលពីឆ្នាំមុន។ ក្រៅពីរថយន្តទំនើបៗ Hoang Duc ចំណាយប្រាក់ទិញនាឡិកាថ្លៃៗដូចជា Patek Philippe, Rolex Datejust និងថែមទាំងសង់ផ្ទះជូនឪពុកម្តាយរបស់គេនៅស្រុកកំណើតតម្លៃ៤០ម៉ឺនដុល្លារ  ដែលសរុបជាប្រាក់ខ្ទង់លានដុល្លារ។

ទ្រព្យដ៏ច្រើនរបស់សមាជិកក្រុមជម្រើសជាតិវៀតណាមរូបនេះ ភាគច្រើនទទួលចំណូលពីអាជីពកីឡាករបាល់ទាត់ក្នុងស្រុក តាមរយៈភាពលេចធ្លោរនារយៈពេលចុងក្រោយនេះ។ បើតាមការផ្សាយរបស់កាសែត vnexpress របស់វៀតណាម Hoang Duc ត្រូវបានគេប៉ាន់ស្មានថា ទទួលបានថ្លៃពលកម្មប្រចាំឆ្នាំខ្ទង់១០ម៉ឺនដុល្លារ និងចំណូលពីកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀត។
 
Hoang Duc ដែលបង្ហាញខ្លួនឱ្យជម្រើសជាតិវៀតណាម៣២លើក ស៊ុតបញ្ចូលទី២គ្រាប់ ក៏មានអាជីវកម្មផ្ទាល់ខ្លួនផងដែរ បើកហាងលក់សម្លៀកបំពាក់កីឡា ស្បែកជើង និងសម្ភារផ្សេងៗទៀត។
 
នៅ V. League ខ្សែបម្រើឆ្នើមវ័យ២៥ឆ្នាំ ជាប់ជាកីឡាករល្អបំផុតឆ្នាំ២០២៣។ Hoang Duc ដែលចូលរួមជាមួយក្រុម Viettel ឆ្នាំ២០១៧ ក៏ត្រូវបានជ្រើសរើសជាបេក្ខភាពសម្រាប់ពានរង្វាន់បាល់មាស Golden Ball ឆ្នាំ២០២៣ ខណៈធ្លាប់ ឈ្នះ១លើករួចមកហើយក្នុងឆ្នាំ ២០២១៕
  


 

Tag:
 Nguyen Hoang Duc
© រក្សាសិទ្ធិដោយ thmeythmey.com