«តាង» និង «តាំង» មានន័យខុសគ្នា ប៉ុន្តែអ្នកខ្លះមិនបានចាប់អារម្មណ៍ ក៏សរសេរច្របូកច្របល់គ្នា ជាពិសេសពាក្យ «តាងនាម» ដោយមានអ្នកសរសេរច្រឡំជា «តាំងនាម» ទៅវិញ។
ដើម្បីឱ្យកាន់តែច្បាស់សារព័ត៌មានឌីជីថលថ្មីៗ សូមលើកយកពាក្យទាំងពីរ «តាង» និង «តាំង» មកពន្យល់ ដោយផ្អែកតាមវចនានុក្រមខ្មែរ២០២២ របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលបានធ្វើបច្ចុប្បន្នកម្មពីវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
កិរិយាសព្ទ «តាង» មានន័យថា ជួស, ដាក់ជាជំនួស : តាងនាមនៃពុទ្ធបរិស័ទ ..., តាងក្រុម ...តាងក្រសួង។ ជានាមសព្ទ «តាង» គឺ តំណាង, ជំនួស។ អ្វីៗដែលទុកជាស្មរ ជាបន្ទាល់បាន។
ន័យដាច់ដោយឡែកមួយទៀតនោះ គឺ «តាង» សំដៅលើគ្រឿងផ្ទុកស្រដៀងនឹងញ៉ែង សម្រាប់ដាក់លើខ្នងគោ ឬលើខ្នងលា ប្រើផ្ទុកទំនិញឬវត្ថុផ្សេងៗ។
រីឯកិរិយាសព្ទ «តាំង» វិញ មានន័យថា តម្កល់, ដាក់ឱ្យជារបៀប, ចាប់ផ្ដើមធ្វើ, ឋិតនៅ, ផ្គត់ផ្គង់អាត្មា, ផ្ចង់ ...។ នាមសព្ទ «តាំង» សំដៅលើតុតូចទាប សម្រាប់អង្គុយឬថ្កល់អ្វីៗ : តាំងតម្កល់សៀវភៅ; គ្រែតាំង (គ្រែនិងតាំង)។
«តាំងខ្លួន» គឺផ្គត់ផ្គង់ខ្លួនឱ្យមានផ្ទះលំនៅ ទ្រព្យធន កេរ្តិ៍ឈ្មោះ ...។ ន័យមួយទៀត គឺចាត់ទុកខ្លួនជាអ្វីមួយ : គាត់តាំងខ្លួនជាឯកឧត្តម ដើរបោករឿងទិញដីគេ។
កូនពាក្យផ្សេងៗរួមមាន តាំងជំហរ, តាំងងារ, តាំងចិត្ត, តាំងតុ, តាំងទី, តាំងធម៌, តាំងធ្វើ, តាំងភ្នាល់, តាំងរបស់, តាំងរាជធានី, តាំងស្មារតី, តាំងហាង, តាំងទ័ព, តាំងនៅ ជាដើម
ក្រៅពីនេះ «តាំង» គឺទួលក្នុងដងព្រៃ; លុះចំណេរកាលតមកគេកាប់ឆ្ការព្រៃ គាស់រាន ធ្វើជាភូមិលំនៅ ឬគេកសាងជាវត្តអារាមលើទួលនោះ គេហៅភូមិឬវត្តនោះថា តាំង តាមឈ្មោះដើម ដូចជា តាំងក្រសាំង, តាំងគោក, តាំងផ្លោច ជាដើមក្នុងប្រទេសកម្ពុជាយើង៕