កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ Al-Dawsari និងកីឡាការិនី Sam Kerr ឈ្នះពានរង្វាន់កីឡាករល្អប្រចាំឆ្នាំរបស់ AFC
01, Nov 2023 , 3:09 pm        
រូបភាព
កីឡាករអារ៉ាប៊ីសាអូឌីត Salem Al-Dawsari ជាកីឡាករដែលបានឈ្នះពានរង្វាន់កីឡាករល្អប្រចាំឆ្នាំនៅក្នុងទ្វីបអាស៊ី AFC Player of the Year ហើយដែលកីឡាការិនី Sam Kerr ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea និងក្រុមនារីអូស្ត្រាលី បានឈ្នះពានរង្វាន់ជាកីឡាការិនីល្អប្រចាំឆ្នាំរបស់ AFC ដូចគ្នា។ ការប្រគល់ពានរង្វាន់ដល់កីឡាករ កីឡាការិនីល្អប្រចាំឆ្នាំ បានធ្វើឡើងនៅក្នុងទីក្រុងដូហា ថ្ងៃទី៣១ ខែតុលា។



ខ្សែប្រយុទ្ធ Al-Dawsari ជាកីឡាករម្នាក់ដែលបានស៊ុតបាល់បញ្ចូលទីនៅក្នុងជំនួបព្រឹត្តិការណ៍ World Cup 2022 កាលពីឆ្នាំមុន រវាងអារ៉ាប៊ីសាអូឌីត យកឈ្នះលើក្រុមម្ចាស់ជើងឯកអាហ្សង់ទីន ដោយលទ្ធផល ២-១។ កីឡាករសញ្ជាតិអារ៉ាប៊ីសាអូឌីតបានឈ្នះពានរង្វាន់ជាកីឡាករល្អប្រចាំឆ្នាំ បន្ទាប់ពីរូបគេបានបង្ហាញខ្លួនលេងឱ្យក្រុម Al Hilal បានយ៉ាងល្អនៅក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Champions League និងនៅពានរង្វាន់ FIFA Club World Cup។
 
ការផ្តល់ពានរង្វាន់កីឡាករល្អប្រចាំឆ្នាំសម្រាប់ទ្វីបអាស៊ី ទើបតែត្រូវបានធ្វើឡើងវិញលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ ព្រោះតែការរំខានដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ទូទាំងទ្វីប។
  


«ខ្ញុំពិតជាសប្បាយចិត្តជាមួយអ្វីដែលខ្ញុំទទួលបានពេលនេះ ខ្ញុំពិតជាពេញចិត្តក្នុងអរគុណចំពោះភាពជាអ្នកដឹកនាំនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ការផ្តល់ចំណាប់អារម្មណ៍លើអត្តពលិក និងបានគាំទ្រដល់កីឡា។»។ Al-Dawsari បាននិយាយនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់នៅក្នុងទីក្រុងដូហា។ ខ្សែប្រយុទ្ធ ​Al-Dawsari បានយកឈ្នះលើកីឡាករ Almoez Ali របស់កាតា និង Mathew Leckie របស់ប្រទេសអូស្ត្រាលី។
 
ចំណែកកីឡាការិនី Sam Kerr កាលពីថ្ងៃទី៣០ ខែតុលា ជាកីឡាការិនីចំណាត់ថ្នាក់លេខ ២ សម្រាប់ពានរង្វាន់ Ballon d’Or 2023 នៅក្នុងទីក្រុងប៉ារីស កីឡាការិនីរូបនេះបានឈ្នះពានរង្វាន់កីឡាការិនីល្អប្រចាំឆ្នាំក្នុងទ្វីបអាស៊ី ជាលើកទី២ ក្នុងអាជីពរបស់នាង ចាប់តាំងពីឆ្នាំ ២០១៧ មក។ Sam Kerr បានជាកីឡាការិនីទី៣ ដែលឈ្នះពានរង្វាន់មួយនេះច្រើនជាងមួយ ដោយចូលរួមកីឡាការិនីជប៉ុន Aya Miyama និង Homare Sawa។
 
លោក Hajime Moriyasu បានឈ្នះពានរង្វាន់ជាគ្រូបង្វឹកល្អប្រចាំឆ្នាំ បន្ទាប់ពីលោកបានដឹកនាំក្រុមជម្រើសជាតិជប៉ុនឡើងដល់វគ្គ ១៦ក្រុម World Cup 2022 ដែលបានយកឈ្នះលើក្រុមអាល្លឺម៉ង់ និងអេស្ប៉ាញ នៅក្នុងវគ្គចែកពូល អំឡុងការប្រកួតនៅក្នុងប្រទេសកាតា។ 
 
អ្នកស្រី Shui Qingxia បានឈ្នះពានរង្វាន់ជាគ្រូបង្វឹកស្ត្រីល្អ ក្រោយពីអ្នកស្រីបានដឹកនាំក្រុមនារីចិន បានដឹកនាំក្រុមមួយឡើងទៅប្រកួតប្រជែងពានរង្វាន់ Women’s Asian Cup កាលពីខែកុម្ភៈកន្លងទៅ នៅក្នុងប្រទេសឥណ្ឌា៕
 

Tag:
 AFC
  Al-Hilal
  Salem Al-Dawsari
  Sam Kerr
© រក្សាសិទ្ធិដោយ thmeythmey.com