អន្តរជាតិ
នយោបាយអន្តរជាតិ
លោក បៃឌិន អាចជួបលោក ស៊ី នៅខែវិច្ឆិកានេះ 
រូបភាព ៖ AFP
×![]()
សេតវិមាន បានអះអាងថា ប្រធានាធិបតី ចូ បៃឌិន គ្រោងនឹងជួបសន្ទនា ដើម្បីស្ថាបនាទំនាក់ទំនងឡើងវិញជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង នៅ San Francisco នាខែវិច្ឆិកានេះ។
« យើងកំពុងទន្ទឹងរង់ចាំកិច្ចប្រជុំប្រកបដោយការស្ថាបនា និងការសន្ទនារវាងមេដឹកនាំទាំងពីរនៅ San Francisco ក្នុងខែវិច្ឆិកា។ ខ្ញុំគិតថាខ្ញុំទើបតែបញ្ជាក់រឿងនេះ »។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានអះអាងបែបនេះថ្ងៃទី ៣១ ខែតុលា។
ការលើកឡើងរបស់សេតវិមានបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានធ្វើទស្សនកិច្ចនៅវ៉ាស៊ីនតោន។ ដំណើរទស្សនកិច្ចនេះ ត្រូវបានរំពឹងថា នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលរវាងប្រធានាធិបតី ស៊ី ជិនភីង និងប្រធានាធិបតី ចូ បៃឌិន នៅក្រៅសន្និសីទកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC ) នៅ San Francisco អំឡុងខែវិច្ឆិកា។
យ៉ាងណាមិញ ចិន មិនទាន់បានបញ្ជាក់ថា លោក ស៊ី នឹងមកអាម៉េរិកនោះទេ។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថា នឹងមានកិច្ចព្រមព្រៀងមួយ ដើម្បីជួបគ្នានៅ San Francisco ក្នុងខែវិច្ឆិកា ហើយកំពុងពិនិត្យមើលព័ត៌មានលម្អិតសំខាន់ៗ ដើម្បីបញ្ចប់ផែនការនោះ ។
លោក បៃឌិន និងលោក ស៊ី មិនបានទាក់ទងគ្នា ចាប់តាំងពីកិច្ចប្រជុំនៅកោះបាលី ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ។ ទំនាក់ទំនងរវាងប្រទេសសេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោកទាំងពីរ មានភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំ ដោយសារប្រទេសទាំងពីរនេះ ប្រជែងដណ្តើមឥទ្ធិពលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយមិនយល់ស្របលើបញ្ហាជាច្រើន។
នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយ Aspen Strategy Group នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៨ ខែតុលា លោក វ៉ាង យី បានអះអាងថា ភាគីទាំងពីរនឹងធ្វើឱ្យមានស្ថិរភាព និងឱ្យទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើងតាមដែលអាចធ្វើទៅបាន ហើយយល់ព្រមធ្វើការរួមគ្នា ដើម្បីឆ្ពោះទៅរកកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ នៅសន្និសីទនៅទីក្រុង San Francisco ។ នេះបើយោងតាមសារព័ត៌មានចិន Xinhua ។
យ៉ាងណាមិញ ប្រមុខការទូតចិនរូបនេះ បានព្រមានថា ផ្លូវទៅកាន់ទីក្រុង San Francisco មិនរលូននោះទេ។ លោកបញ្ជាក់ថា អាម៉េរិក និងចិនត្រូវតែលុបបំបាត់ការជ្រៀតជ្រែក ជម្នះឧបសគ្គ ពង្រឹងការឯកភាពគ្នា ដើម្បីបណ្តុះឲ្យចេញជាលទ្ធផល៕
Tag:
ស៊ី ជិនភីង
ចូ បៃឌិន
អាម៉េរិក
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com