ជាតិ
បាក់ឌុប
លោក ហ៊ុន ម៉ានី សរសើរគ្រូដែលចូលរួមផលិតវីដេអូស្វ័យសិក្សា MoEYS E-Learning ដល់សិស្ស 
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
×![]()
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូ និងក្រុមការងារបច្ចេកទេស មកពីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលបានបង្កើតវីដេអូស្វ័យសិក្សាតាមកម្មវិធី MoEYS E-Learning។ សម្រាប់លោក ហ៊ុន ម៉ានី ការចូលរួមចំណែករបស់លោកគ្រូ អ្នកគ្រូ បានធ្វើឱ្យវិស័យអប់រំនៅកម្ពុជាមានការលូតលាស់ជាបន្តបន្ទាប់។
កម្មវិធី MoEYS E-Learning ត្រូវបានបង្កើតឡើងកិច្ចសហប្រតិបិត្តការរវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដោយដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១។ MoEYS E-Learning បង្កើតក្នុងបំណងអភិវឌ្ឍន៍វិស័យអប់រំប្រកបដោយគុណភាព និងការសិក្សាពេញមួយជីវិត ឆ្ពោះទៅកាន់យុគសម័យឌីជីថល។ ជាមួយគ្នានេះ កម្មវិធីស្វ័យសិក្សានេះ ក៏ជាឧបករណ៍អប់រំថ្មីមួយ ដែលសម្បូរទៅដោយវីដេអូជាច្រើន បង្ហាញពីការបង្រៀន សន្លឹកកិច្ចការ និងឯកសារផ្សេងៗ។

រូបភាពពីសសយក
តាមរយៈសមិទ្ធផលខាងលើ លោក ហ៊ុន ម៉ានី បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក្រុមការងារបច្ចេកទេស មកពីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងដៃគូសហការពាក់ព័ន្ធដែលបានចូលរួមក្នុងការរៀបចំផលិតមាតិកាក្នុងកម្មវិធី MoEYS E-Learning។ ប្រធាន ស.ស.យ.ក រូបនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានឱ្យវិស័យអប់រំនៅកម្ពុជាមានការលូតលាស់ជាបន្តបន្ទាប់ ជាពិសេសទៅលើការធ្វើកំណែទម្រង់« អ្នកចេះ គឺជាប់»។
លោក ហ៊ុន ម៉ានី បានអរគុណ ចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក្រុមការងារបច្ចេកទេស មកពីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងដៃគូសហការ រួមមានមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមូលនិធិ ស.អ. នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ MoEYS E-Learning។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៣ ខែនេះ លោកគ្រូ អ្នកគ្រូ និងក្រុមការងារបច្ចេកទេសសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានចងក្រង និងផលិតវីដេអូគ្រប់មុខវិជ្ជាសម្រាប់កម្រិតថ្នាក់ទី១២ ចំនួន៦១២ វីដេអូ ដើម្បីឱ្យសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ អាចសិក្សា និងរំឭកមេរៀនបន្ថែមបាន៕

រូបភាពពីសសយក

រូបភាពពីសសយក

រូបភាពពីសសយក

រូបភាពពីសសយក

រូបភាពពីសសយក

រូបភាពពីសសយក

រូបភាពពីសសយក
Tag:
ហ៊ុន ម៉ានី
អប់រំ
MoEYS E-Learning
© រក្សាសិទ្ធិដោយ thmeythmey.com