ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន​ ម៉ាណែត៖ ទំនាក់ទំនងជាមួយចិន ជួយពង្រឹងការវិនិយោគលើបច្ចេកវិទ្យាកម្ពុជា
02, Nov 2023 , 10:29 am        
រូបភាព
រូបភាព ៖ CGTN
រូបភាព ៖ CGTN
ថ្លែងប្រាប់ទូរទស្សន៍ចិន CCTV សម្តេច ហ៊ុន​ ម៉ាណែត បានគូសបញ្ជាក់ពីសារសំខាន់នៃទំនាក់ទំនងជាមួយចិន ដែលនាំមកនូវលំហូរវិនិយោគលើវិស័យបច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍ កម្ពុជាតួយ៉ាងដូចជាក្រុមហ៊ុន Huawei , Alibaba និងក្រុមហ៊ុនវារីអគ្គិសនីជាដើម។

 
បន្ថែមពីការអភិវឌ្ឍន៍លើវិស័យថ្លូវ ថ្នល់ អគារ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃវិស័យបច្ចេកវិទ្យា ដើម្បីជំរុញឲ្យយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ អនុវត្តប្រកបដោយប្រសិទ្ធភាព​។ នេះបើតាមការផ្តល់បទសម្ភាសរបស់សម្តេចជាមួយទូរទស្សន៍រដ្ឋចិន CCTV ក្នុងឱកាសចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវនៅទីក្រុងប៉េកាំងនាពេលថ្មីៗនេះ​។ 
 
ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាមួយចិន​ ដែលជាមហាអំណាចកំពុងរីកចម្រើនបច្ចេកវិទ្យាថ្មីៗ សម្តេច ហ៊ុន ម៉ាណែត បានមើលឃើញពីគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុនចិន ដែលមានសមត្ថភាពគ្រប់គ្រងបច្ចេកវិទ្យារបស់ពិភពលោក។ តាមរយៈការចូលរួមជាមួយចិន ជាពិសេសវិស័យឯកជននិងឯកជន នឹងអាចជំរុញការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគ ដោយនាំយកបច្ចេកវិទ្យាទាំងនោះមកបណ្តុះបណ្តាលកម្លាំងពលកម្មសម្រាប់បំពេញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាបានកាន់តែច្រើន។
 
នៅក្នុងបទសម្ភាសជាមួយ CCTV ប្រមុខរដ្ឋាភិបាលរូបនេះ​បានរំលេចពីបណ្តាក្រុមហ៊ុនចិនធំៗកន្លងមក ដែលបាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា ហើយក៏មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​បាន​ចាប់អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា ​ដូចជាក្នុងវិស័យថាមពលកកើតឡើងវិញ តួយ៉ាងស្ថានីយវារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងរបស់ក្រុមហ៊ុនចិនបានកសាងមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាពថាមពលនៅកម្ពុជានាពេលអនាគត។ ទន្ទឹមនេះ ក្រុមហ៊ុន Huawei ទើបតែដំណើរការនៅកម្ពុជាក៏នឹងជំរុញការវិនិយោគដោយនាំយកបច្ចេកវិទ្យាបន្ថែមទៀតផងដែរ។
 
មិនត្រឹមតែនៅក្នុងបច្ចេកវិទ្យារូបវន្តប៉ុណ្ណោះទេ សម្តេចក៏បានគូសបញ្ជាក់ពីការចុះហត្ថលេខារវាងក្រសួងពាណិជ្ជកម្មកម្ពុជាជាមួយក្រុមហ៊ុន Alibaba Group ដែលផ្តល់ភាពងាយស្រួលអនុញ្ញាតឱ្យកសិករខ្មែរ សហគ្រាសធុនតូច និងមធ្យមពង្រីកទីផ្សាររបស់ពួកគេជាមួយបណ្តាញនេះផងដែរ។ 
 
សម្តេច ហ៊ុន ម៉ាណែត បានសាទរចំពោះការ​​រីក​ចម្រើន​ក្នុង​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាលនិង​ក្រុមហ៊ុន រដ្ឋាភិបាលនិង​ធុរកិច្ច ក៏ដូចជាអាជីវកម្ម​ទៅ​នឹង​អាជីវកម្ម​នូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ 
 
គួរបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនតាមបណ្តាប្រទេសផ្សេងៗ ភាគច្រើនស្ថិតនៅក្នុងគម្រោងយុទ្ធសាស្រ្តខ្សែក្រវាត់មួយ និងផ្លូវមួយដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាកលដែលចាប់ផ្តើមដោយប្រធានាធិបតីចិនលោក ស៊ី ជិនភីង កាលពីមួយទសវត្សរ៍មុនដើម្បីភ្ជាប់អាស៊ីជាមួយអាហ្វ្រិក និងអឺរ៉ុប តាមរយៈផ្លូវគោក និងផ្លូវសមុទ្រ៕ 

Tag:
 ហ៊ុន​ ម៉ាណែត
  បច្ចេកវិទ្យា​
  ចិន
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com