សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រោងចក្រ​នៅ​អាស៊ី​ជួប​ការ​លំបាក​ដោយ​សារ​​តម្រូវការនៅចិនទន់ខ្សោយ
02, Nov 2023 , 2:39 pm        
រូបភាព
រដ្ឋលេខាធិការ៤ និងអនុរដ្ឋលេខាធិការ៩នៃលេខាធិការដ្ឋានកិច្ចការព្រំដែន
រដ្ឋលេខាធិការ៤ និងអនុរដ្ឋលេខាធិការ៩នៃលេខាធិការដ្ឋានកិច្ចការព្រំដែន
តម្រូវការទន់ខ្សោយពីចិន បានធ្វើឱ្យផលិតកម្មនៅរោងចក្រអាស៊ីស្ថិតនៅក្រោមសម្ពាធនៃការនាំចេញ។ សកម្មភាពផលិតកម្មនៅ ជប៉ុន​ កូរ៉េខាងត្បូង ឥណ្ឌា វៀតណាម​ តៃវ៉ាន់ ម៉ាឡេស៊ីសុទ្ធតែបង្ហាញតួលេខនៃការធ្លាក់ចុះនៅខែតុលា ដោយសារវត្ថុធាតុដើមឡើងថ្លៃ ស្របពេលសេដ្ឋកិច្ចចិនលូតលាស់តិចតួច។

 
សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) នៅខែតុលាបានបង្ហាញថា សកម្មភាពផលិតកម្មក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូងសុទ្ធតែបានធ្លាក់ចុះ។ សន្ទស្សន៍ PMI ចិននៅខែតុលាមានកម្រិត ៤៩,៥ពិន្ទុធ្លាក់ចុះពី ៥០,៦នៅខែកញ្ញា (PMI ក្រោម ៥០ បង្ហាញពីសកម្មភាពផលិតកម្មធ្លាក់ចុះ)។
 
ទិន្នន័យទាំងនេះបានបង្ហាញពីស្រមោលលើការរំពឹងទុកនៃការងើបឡើងវិញនៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។  ឥទ្ធិពលនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន ជាក់ស្តែងបំផុតប៉ះពាល់ដល់ជប៉ុន និងកូរ៉េខាងត្បូង។ ប្រទេស​ផលិត​ធំៗ​ទាំង​ពីរ​នេះ​ពឹងផ្អែក​ខ្លាំង​លើ​តម្រូវការ​ពី​​ចិន។
 
សកម្មភាព​ផលិត​កម្ម​នៅ​ជប៉ុន​បាន​ធ្លាក់​ចុះ​ ៥​ខែជាប់ៗ​គ្នា។ ទិន្នផល​រោងចក្រ​របស់​ប្រទេសនេះ​នៅ​ខែ​កញ្ញា​​បាន​កើនឡើង​ទាប​ជាង​ការ​ព្យាករ​ដោយ​សារ​តម្រូវ​ការ​យឺត។ ក្រុមហ៊ុនគ្រឿងម៉ាស៊ីន Fanuc និង Murata Manufacturing ថ្មីៗនេះបានប្រកាសពីប្រាក់ចំណេញ ៦ខែបានថយចុះ ដោយសារតម្រូវការធ្លាក់ចុះពីទីផ្សារចិន។
 
ទន្ទឹមនឹងនេះ សកម្មភាពផលិតកម្មនៅកូរ៉េខាងត្បូងបានថយចុះរយៈពេល ១៦ខែជាប់ៗគ្នា ហើយសន្ទស្សន៍ PMI របស់តៃវ៉ាន់ វៀតណាម និងម៉ាឡេស៊ី ក៏បានធ្លាក់ចុះនៅខែតុលានេះផងដែរ។ បន្ថែមពីនេះ ឥណ្ឌាផលិតកម្មបានធ្លាក់ចុះ ២ខែជាប់ៗគ្នា។ តម្រូវការទន់ខ្សោយ និងការកើនឡើងតម្លៃវត្ថុធាតុដើម បានដាក់សម្ពាធលើទំនុកចិត្តអាជីវកម្មនៅទីនេះ។
 
«ជាទូទៅសន្ទស្សន៍ PMI នៅខែតុលា នៃប្រទេសកំពុងរីកចម្រើននៅអាស៊ីបានធ្លាក់ចុះយ៉ាងខ្លាំង។ ទស្សនវិស័យផលិតកម្មនៅក្នុងតំបន់នេះនៅតែអាប់អួរក្នុងរយៈពេលខ្លី ដោយសារការស្តុកទំនិញកើនឡើង ហើយតម្រូវការខាងក្រៅខ្សោយ» ។ នេះបើតាមការលើកឡើងរបស់លោក Shivaan Tandon សេដ្ឋវិទូនៅក្រុមហ៊ុន Capital Economics ។ 
 
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែតុលាបានព្រមានថា ការស្ទុះងើបឡើងវិញដ៏ទន់ខ្សោយរបស់ចិន និងវិបត្តិអចលនទ្រព្យអាចរារាំងដល់ការរំពឹងទុកសេដ្ឋកិច្ចរបស់អាស៊ីបន្ថែមទៀត។ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចពិភពលោករបស់ខ្លួនកាលពីខែតុលា IMF បានបន្ទាបការព្យាករកំណើនរបស់ខ្លួនសម្រាប់អាស៊ីមកត្រឹម ៤,២ភាគរយ៕ 
 

Tag:
 ចិន
  រោងចក្រ
  អាស៊ី
  ផលិតកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com