ជាតិ
ទេសចរជាតិកាន់តែច្រើនជួលមគ្គុទេសក៍​ ពេលដើរកម្សាន្ត​នៅតំបន់អង្គរ
03, Nov 2023 , 9:09 am        
រូបភាព
សៀមរាប៖ ទេសចរជាតិ​កាន់តែច្រើន ចង់ដឹងកាន់តែស៊ីជម្រៅពីរឿងរ៉ាវ​ប្រវត្តិសាស្ត្រ សាសនា សិល្បៈ និងវប្បធម៌ ដ៏សម្បូរបែប​ក្នុងខេត្តសៀមរាប នៅក្នុង​រយៈ​ពេលចុងក្រោយ​នេះ ពិសេសក្រោយវិបត្តិកូវីដ-១៩។ ​គេអាចដឹងនិន្នាការនេះ  តាមរយៈការជួលមគ្គុទេសក៍​ទេសចរណ៍ខ្មែរ របស់អ្នកទេសចរជាតិ នៅពេលដែលពួកគេទៅកម្សាន្តនៅរមណីយ​ដ្ឋានអង្គរ។​

 
លោក ឈូន រិទ្ធី មគ្គុទេសក៍ទេសចរណ៍ខ្មែរប្រចាំខេត្តសៀមរាប បានប្រាប់សារព័ត៌មាន​ឌីជីថល​ថ្មីៗថា ​ដ្បិតតែសេដ្ឋកិច្ចបច្ចុប្បន្នធ្លាក់ចុះ ប៉ុន្តែ ទេសចរជាតិ​ហាក់មាន​កំណើន​ជាង​មុនវិបត្តិកូវីដ-១៩។ អ្វីដែលលោក មិននឹកស្មានដល់នោះ​គឺពួកគេមិនស្ទាក់ស្ទើរក្នុង​ការជួល​មគ្គុទេសក៍ខ្មែរដែលមានវិជ្ជាជីវៈ សម្រាប់ផ្ដល់ព័ត៌មានទាក់ទងនឹង ប្រាសាទ វប្បធម៌ សាសនា ប្រវត្តិសាស្ត្រ និងសិល្បៈ ដ៏សម្បូរបែបនោះទេ។ 
 
ធ្វើការជាមគ្គុទេសក៍ទេសចរណ៍ជាង១០ឆ្នាំមកនេះ លោក រិទ្ធី កត់សម្គាល់ថា សព្វថ្ងៃ ទេសចរជាតិមិនមែនមកសៀមរាបគ្រាន់តែថតរូប ដូចពីមុននោះទេ។ ពោលគឺពួកគេ​ចាប់ផ្ដើម​ចង់ចេះ ចង់ដឹង និងជជែកសួររាល់ចម្ងល់នានា ជាពិសេស ពាក់ព័ន្ធនឹងប្រាសាទ ដើម្បីជាចំណេះដឹង និងការផ្សព្វផ្សាយបន្ត។ 

លោក ឈូន រិទ្ធី មគ្គុទេសក៍ទេសចរណ៍ខ្មែរប្រចាំខេត្តសៀមរាប។ រូបភាព៖  ឈុំ ចន្ថា 
 
លោក ប្រាប់ដូច្នេះថា៖«កាលពីមុន ខ្ញុំតែងសង្កេតឃើញពួកគាត់មកសៀមរាប គ្រាន់តែដើរកម្សាន្ត ហើយនឹងថតរូបប៉ុណ្ណោះ ប៉ុន្តែ ឥឡូវពួកគាត់ចាប់ផ្ដើមយល់ដឹងច្រើន។ ស្របពេល ការផ្សព្វផ្សាយក៏កាន់តែទូលំទូលាយទៀត ដូច្នេះ ពួកគាត់តែងតែជួលមគ្គុទេសក៏ខ្មែរ ដើម្បីផ្ដល់សេវាឱ្យគាត់សម្រាប់ជាចំណេះដឹង»។
 
លោក ឈូន រិទ្ធី បង្ហាញការត្រេកអរ និងមោទកភាពខ្លាំង នៅពេលឃើញពលរដ្ឋខ្មែរចេះខ្វល់ខ្វាយ និងលើកតម្កើងសម្បត្តិ​វប្បធម៌​ខ្មែរ។ មិនត្រឹមតែបានចំណេះដឹងរវាងគ្នា និងគ្នា  តែវាក៏​ផ្ដល់ចំណូលបន្ថែម ដល់មគ្គុទេសក៏ជាតិ ផងដែរ។ 
 
បច្ចុប្បន្ន កញ្ចប់មគ្គុទេសក៏ទេសចរណ៍ខ្មែរ មានតម្លៃ៣០ ទៅ៤០ដុល្លារ ក្នុងមួយថ្ងៃ។ ប៉ុន្តែ ទេសចរជាតិ មានជម្រើសជួលគិតជាម៉ោង ឬតាមប្រាសាទមួយៗបាន ដែល លោក រិទ្ធី យល់ថាជាតម្លៃសមរម្យ​សម្រាប់ប្រជាជនខ្មែរ។ ​លោក ឈូន រិទ្ធី​លើកទឹកចិត្តឱ្យ​ទេសចរ​ជាតិ ជួលមគ្គុទេសក៏ទេសចរណ៍ ដើម្បីប្រាប់រឿងរ៉ាវប្រាសាទ និងទស្សនីយភាព​ជាច្រើន ពី​ខេត្តសៀមរាប៕ 

Tag:
 មគ្គុទេសក៍ទេសចរណ៍
  ទេសចរណ៍
  សៀមរាប
  អង្គរវត្ត
  ឈូន រិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com