ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ក្រសួងអប់រំ និងសសយក បន្តអភិវឌ្ឍន៍ MoEYS E-Learning សម្រាប់សិស្ស
03, Nov 2023 , 11:09 am        
រូបភាព
ការអប់រំសតវត្សទី២១ ផ្សារភ្ជាប់នឹងការសិក្សាតាមបែបឌីជីថល។ ក្រោមកិច្ចសហប្រតិបិត្តការរវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើតកម្មវិធី MoEYS E-Learning និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០២១។ MoEYS E-Learning ជាកម្មវិធីទូរសព្ទដៃស្វ័យសិក្សា ដែលអនុញ្ញាតឱ្យសិស្សានុសិស្សអាចពង្រឹងសមត្ថភាពបន្ថែមដោយខ្លួនឯង ទៅតាមពេលវេលា និងទីកន្លែងសមស្រប ចាប់ពីថ្នាក់ទី១-១២។




តាមរយៈភាពជោគជ័យលើការផលិតមាតិកាវីដេអូជាច្រើនកន្លងមក សហភាពសហព័ន្ធយុវជនកម្ពុជា ប្ដេជ្ញាបន្តអភិវឌ្ឍន៍ MoEYS E-Learning សម្រាប់សិស្សបន្តទៀត។ លោក សុខ សប្បាយណា សមាជិកគណៈអចិន្រ្តយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា លើក​ឡើងថា៖ «ច្បាស់ណាស់ ចក្ខុវិស័យរួម យើងចង់​សហការ​ជាមួយ​ក្រសួង​អប់រំបន្តទៀត ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​Appនេះទៅមុខទៀត ទាំងលក្ខណៈខ្លឹមសារ និង​បង្កើនវីដេអូឱ្យសម្បូរបែប...»។ 
 
មិនខុសពីការលើកឡើងរបស់លោក សុខ សប្បាយណា ឡើយ លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានគិតគូរលើការអភិវឌ្ឍន៍ E-Learning។ «យើងខ្ញុំមិនឈប់ត្រឹមនេះទេ។ យើងខ្ញុំបាន​សិក្សាអំពី​ចំណុចមួយដែលហៅថាអាកប្បកិរិយានៃ​អ្នកសិក្សា​ ព្រោះអ្នកសិក្សាម្នាក់ៗមាន​អាកប្បកិរិយាផ្សេងៗពីគ្នានៅក្នុង​របៀបរៀន។ សិស្សខ្លះចូលចិត្តរៀនជា​លក្ខណៈស្វ័យសិក្សា សង្ខេបមេរៀន និងសំណួរចម្លើយ។ ដូច្នេះតទៅមុខទៀត យើងត្រូវជំរុញឱ្យមាន​ការ​ផលិត​មាតិកាឌីជីថលនេះឱ្យ​បានច្រើន ដើម្បីលើក​កម្ពស់​សមធម៌នៃការ​សិក្សា»។ នេះជាការលើកឡើងរបស់​លោក សាន វឌ្ឍនា។ 
  
លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

MoEYS E-Learning បង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រីកបន្ថែមនូវឧបករណ៍ យន្តការ និងជម្រើស នៃការផ្ដល់សេវាអប់រំ និងការរៀនសូត្រសម្រាប់សិស្សានុសិស្ស ដ៏សម្បូរបែប និងងាយស្រួលទទួលបានចំពោះសិស្សានុសិស្សគ្រប់រូប។ លើសពីនេះ ជាផ្នែកមួយជួយអភិវឌ្ឍន៍វិស័យអប់រំ ក្នុងបរិបទនៃបដិវត្តន៍ ឧស្សាហកម្ម ៤.០ រួមទាំងការឆ្លើយតបទៅនឹងបញ្ហាកូវីដ-១៩ នាពេលកន្លងមក។ 
 
សមិទ្ធិផលនៃការផលិតមាតិកាវីដេអូនេះ មិនមែនកើតឡើងដោយការងាយស្រួលនោះទេ។ លោក សាន់ ប៊ុនណាត គ្រូបង្រៀនមុខវិជ្ជាអក្សរសាស្រ្តខ្មែរ ដែលធ្លាប់តែបង្រៀននៅទល់មុខសិស្ស បែរផ្លាស់ប្ដូរមកបង្រៀនពីចម្ងាយ។ លោក សាន់ ប៊ុនណាត រៀបរាប់បែបណា៖«អ្វីដែលជួប​ឧបសគ្គ​ គឺគិតទៅដល់​ខ្លឹមសារមេរៀន​ជាចម្បង ធ្វើយ៉ាងណា​ផលិ​តវីដេអូឱ្យចំ​គោលដៅ​សម្រាប់​កូនៗអានទៅ ទស្សនាទៅឆាប់យល់។ លើសពីនេះ ត្រូវរៀបចំស្លាយឱ្យមានភាពទាក់ទាញ ហើយឧបសគ្គមួយទៀត គឺការភ័យ​ចំពោះការឈរថតមុខកាំមេរ៉ា»។
  
ពិធីថ្លែងអំណរគុណ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមការងារក្នុងការផលិតវីដេអូសិក្សាកម្រិតថ្នាក់ទី១២ នៃកម្មវិធីស្វ័យសិក្សា MoEYS E-Learning កាលពីថ្ងៃទី១ វិច្ឆិកា 

បើទោះបីជាមានលំបាកក្នុងការផលិតមាតិកាវីដេអូបង្រៀនក្ដី តែសម្រាប់លោក សាន់ ប៊ុនណាត វីដេអូបង្រៀនពីចម្ងាយនេះ បានធ្វើឱ្យលោកចេះផ្នែកបច្ចេកវិទ្យាបន្ថែមទៀត និងសប្បាយចិត្តក្នុងការចែករំលែក។ ក្នុងរយៈពេល២ឆ្នាំមកនេះ MoEYS E-Learning បានសម្រួលដល់សិក្សារបស់សិស្សតាមរយៈការស្វ័យសិក្សាដោយខ្លួនឯង ជាមួយមុខងារពិសេសៗ រួមទាំងខ្លឹមសារជាច្រើននៅក្នុង APP។ 
 
ជាគ្រូឯកទេសព័ត៌មានវិទ្យា លោកស្រី គឹម មិថុនា បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលចូលរួមបង្កើតកម្មវិធីដ៏ល្អនេះ។ គ្រូ​បង្រៀនរូបនេះ បរិយាយដូច្នេះ៖«សម្រាប់គឺល្អខ្លាំងណាស់ ដោយសារតែAppនេះ ជាធនធានមួយមានគ្រប់កម្រិតថ្នាក់ រួមទាំងជំនាញទន់ សម្រាប់សិស្សសិក្សា»។​
  
លោកស្រី គឹម មិថុនា គ្រូឯកទេសព័ត៌មានវិទ្យា

ក្នុងពិធីថ្លែងអំណរគុណ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមការងារក្នុងការផលិតវីដេអូសិក្សាកម្រិតថ្នាក់ទី១២ នៃកម្មវិធីស្វ័យសិក្សា MoEYS E-Learning កាលពីថ្ងៃទី១វិច្ឆិកា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរចំពោះការលះបង់របស់លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមផលិតវីដេអូប្រកបដោយភាពជោគជ័យ។ 
 
កម្មវិធីស្វ័យសិក្សានេះ ទទួលបានការគាំទ្រពីសំណាក់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាង៣០ម៉ឺននាក់ក្នុងរយៈពេល២ឆ្នាំមកនេះ។ MoEYS E-Learning មានឯកសារជាច្រើនរួមមាន កម្រងវីដេអូ, បណ្ណាល័យឌីជីថល, តេស្ត និងព័ត៌មានផ្សេងៗ។
 
ពិធីថ្លែងអំណរគុណ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមការងារក្នុងការផលិតវីដេអូសិក្សាកម្រិតថ្នាក់ទី១២ នៃកម្មវិធីស្វ័យសិក្សា MoEYS E-Learning កាលពីថ្ងៃទី១ វិច្ឆិកា 

ពិធីថ្លែងអំណរគុណ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមការងារក្នុងការផលិតវីដេអូសិក្សាកម្រិតថ្នាក់ទី១២ នៃកម្មវិធីស្វ័យសិក្សា MoEYS E-Learning កាលពីថ្ងៃទី១ វិច្ឆិកា 

Tag:
 ក្រសួង​អប់រំ
  សសយក
  MoEYS E-Learning
© រក្សាសិទ្ធិដោយ thmeythmey.com