កីឡាជាតិ
ជាតិ
Dave Leduc ​ឃើញ​សក្ដានុពល ​ក្នុង​ការ​ប្រើ​ក្បាច់​គុន​​ពង្រីក​វិស័យ​ទេសចរណ៍ នៅកម្ពុជា
03, Nov 2023 , 3:29 pm        
រូបភាព
កីឡាករ Dave Leduc ថតរូបជាមួយសម្ដេច ហ៊ុន ម៉ាណែត និង ព្រុំ សំណាង។ រូបពីទំព័រហ្វេសប៊ុក STPM
កីឡាករ Dave Leduc ថតរូបជាមួយសម្ដេច ហ៊ុន ម៉ាណែត និង ព្រុំ សំណាង។ រូបពីទំព័រហ្វេសប៊ុក STPM
Dave Leduc ទទួលបានការស្វាគមន៍លើសលុបពីអ្នកគាំទ្រប្រដាល់នៅកម្ពុជា ជាពិសេសទទួលបានការចូលជួប សម្ដេច ហ៊ុន ម៉ាណែត ទៀតផង នៅមុនជំនួបរបស់គេទល់ ព្រុំ សំណាង នៅថ្ងៃទី៥ ខែវិច្ឆិកា។ ក្រោយជួបសម្តេចនាយករដ្ឋមន្ដ្រីកម្ពុជា កំពូលអ្នកប្រដាល់មីយ៉ាន់ម៉ាបង្ហាញអារម្មណ៍កក់ក្តៅ និងប្រាប់ប្រទេសនៅលោកខាងលិច គួរសិក្សា ស្វែងយល់ពីកម្ពុជាឲ្យបានច្រើន។ Leduc មើលឃើញពីសក្ដានុពល ក្នុងការប្រើក្បាច់គុន ដើម្បីផ្សព្វផ្សាយ និងពង្រឹងវិស័យទេសចរណ៍កម្ពុជា។

 
យោងតាមសារបង្ហោះរបស់ Dave Leduc ដែលគេឱ្យឈ្មោះជាស្តេចប្រដាល់របស់មីយ៉ាន់ម៉ា ទំនងជាពេញចិត្តនូវការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីកម្ពុជា។ ក្រៅពីលើកសរសើរពីភាពរួសរាយរបស់ពលរដ្ឋកម្ពុជា កីឡាកររូបនេះ យល់ថាប្រទេសលោកខាងលិច គួរតែស្វែងយល់ពីកម្ពុជា ឲ្យបានច្រើនជាងនេះទៀតផង។
 
Leduc ក៏បាន​ឃើញ​សក្ដានុពលជា​ច្រើន​ក្នុង​ការ​ប្រើ​ក្បាច់​គុន ​ដើម្បី​ពង្រីក​វិស័យ​ទេសចរណ៍នៅកម្ពុជាទៀតផង។ «ខ្ញុំ​មាន​អារម្មណ៍​ទទួលបានការស្វាគមន៍​យ៉ាង​កក់ក្តៅនៅ​ព្រះរាជា​ណាចក្រ​​កម្ពុជា។ គ្រប់​គ្នា​មានភាពរួសរាយរាក់ទាក់ និងមាន​ចិត្ត​ល្អ​។ ខ្ញុំ​គិត​ថា​ លោក​ខាង​លិច ​ត្រូវ​ការ​ស្វែងយល់​បន្ថែមទៀត​អំពី​ប្រទេស​កម្ពុជា។ ខ្ញុំ​ស្រឡាញ់​ប្រទេស​​នេះ​រួច​ទៅ​ហើយ ហើយ​ខ្ញុំ​ឃើញ​សក្ដានុពលជា​ច្រើន ​ក្នុង​ការ​ប្រើ​ក្បាច់​គុន​ដើម្បី​ពង្រីក​វិស័យ​ទេសចរណ៍។»។ កីឡាករ Dave Leduc សរសេរដូច្នេះលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។
 
កីឡាករមីយ៉ាន់ម៉ា បានប្រាប់បន្ថែមថា សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ក្នុងកិច្ចសំណេះសំណាលនេះ ថារូបសម្ដេច គាំទ្រយ៉ាងពេញទំហឹងចំពោះក្បាច់គុនបុរាណ ដោយនឹងឲ្យកងទ័ពរៀននូវគុនខ្មែរ ដើម្បីធ្វើឲ្យមានកម្លាំង និងរាងកាយមាំមួន។ Dave Leduc ចាត់ទុកគំនិតសម្ដេច គឺជាការផ្ដួចផ្ដើមដ៏ល្អ ក្នុងការរក្សា និងអភិវឌ្ឍន៍ក្បាច់គុនបុរាណ។
 
បន្ទាប់ពីកិច្ចសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំកម្ពុជា កីឡាករ Dave Leduc ស្ងើចសរសើរ សម្ដេច ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំប្រទេស ដែលមានការអប់រំខ្ពស់ ព្រោះក្នុងកិច្ចសំណេះសំណាល សម្ដេច បានប្រើប្រាស់ភាសាបារាំង និងភាសាអង់គ្លេស ជាមួយកីឡាករមីយ៉ាន់ម៉ារូបនេះ។ Dave Leduc បានបង្ហោះសារដូច្នេះថា៖ «សម្តេច មានការអប់រំដ៏ខ្ពង់ខ្ពស់ ហើយបាននិយាយជាមួយខ្ញុំ ជាភាសាកំណើតរបស់ខ្ញុំគឺ ភាសាបារាំង និងភាសាអង់គ្លេស។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សម្តេចជាសុភាពបុរសមួយរូប ដោយបានយកចិត្តទុកដាក់មែនទែនដល់ភរិយារបស់ខ្ញុំ Irina ត្រូវតែមានវត្តមាន នៅក្នុងការថតរូបជាមួយគ្នា។»។
 
គួរបញ្ជាក់ផងដែរថា Dave Leduc និង ព្រុំ សំណាង នឹងត្រូវប្រកួតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសង្វៀនជីបម៉ុង ២៧១ វេលាម៉ោង ៧:០០ យប់៕
 

Tag:
 Dave Leduc
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com