កីឡាជាតិ
ជាតិ
តើ បឹងកេត អាចសងសឹក ភ្នំពេញក្រោន បានទេ ក្នុងការប្រកួតលីគ CPL ជុំទី២?
04, Nov 2023 , 7:59 am        
រូបភាព
ការប្រកួតជុំទី១ ភ្នំពេញក្រោន និងបឹងកេត រូបពី Cambodian Premier League
ការប្រកួតជុំទី១ ភ្នំពេញក្រោន និងបឹងកេត រូបពី Cambodian Premier League
បឹងកេត ត្រូវប្រកួតជាមួយ ភ្នំពេញក្រោន ក្រុមការពារតំណែងជើងឯក ការប្រកួតលីគកំពូលកម្ពុជាសប្ដាហ៍ទី១០ នាថ្ងៃ៤ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦ យប់។ ជំនួប ៦លើកចុងក្រោយ បន្ទាប់ពីលីគកម្ពុជា ប្ដូឈ្មោះពី C-League ឬ Metfone Cambodian League ទៅ Cambodian Premier League បឹងកេត ធ្លាប់ឈ្នះ ភ្នំពេញក្រោន ១លើក ចាញ់ ៣ប្រកួត និងស្មើ២។ បឹងកេត ធ្វើមិនសូវជាបានល្អប៉ុន្មានទេ ក្នុងលីគ ខណៈភ្នំពេញក្រោន កំពុងជោគជ័យខ្លាំង ទាំងក្នុងលីគ និងក្នុងការប្រកួត AFC Cup។



បច្ចុប្បន្ន បឹងកេត ឈរនៅចំណាត់ថ្នាក់លេខ៤ (បណ្ដោះអាសន្ន)។ បើទោះជាចំណាត់ថ្នាក់លេខ៤ បឹងកេត នៅតែមិនទាន់ធ្វើបានល្អ ព្រោះចាញ់ ២ប្រកួតជាប់គ្នា គឺចាញ់ព្រះខ័នរាជស្វាយរៀង ៣-១ និងចាញ់ អាយ អេស អាយដង្កោសែនជ័យ ២-១។ 
 
នៅសប្ដាហ៍ទី១០នេះ បឹងកេត ត្រូវប្រកួតជាមួយ ភ្នំពេញក្រោន ដែលឈរចំណាត់ថ្នាក់លេខ២ (បណ្ដោះអាសន្ន)។ ជំនួប ៦លើក បន្ទាប់ពីប្ដូឈ្មោះក្រុមហ៊ុនលីគ ទៅជា CPL បឹងកេត ឈ្នះ ភ្នំពេញក្រោន តែម្ដងប៉ុណ្ណោះ ក្រៅពីនោះ ចាញ់៣ និងស្មើ២។ ចំណែកការប្រកួតជុំទី១ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២៣-២០២៤ ភ្នំពេញក្រោន បានឈ្នះ បឹងកេត លទ្ធផល ២-១។ 
ការយកឈ្នះភ្នំពេញក្រោន ដូចជាមិនមែនរឿងងាយស្រួលទេ សម្រាប់បឹងកេត ព្រោះក្រុមនេះ កំពុងជោគជ័យយ៉ាងខ្លាំង ទាំងក្នុងការប្រកួតលីគ និង AFC Cup ម្យ៉ាងវិញទៀត ក៏ជាក្រុមការពារតំណែងជើងឯក ឆ្នាំ២០២២ ផងដែរ។
 
តើបឹងកេត ឈ្នះភ្នំពេញក្រោនទេ ឬក៏ត្រូវចាញ់ ៣សប្ដាហ៍ជាប់គ្នា?
 
ក្នុងថ្ងៃជាមួយគ្នានោះ វេលាម៉ោង គិរីវង់សុខសែនជ័យ ត្រូវទទួលក្រុមភ្ញៀវ វិសាខា នៅម៉ោង ៣:៤៥ នៅកីឡដ្ឋានគីរីវង់សុខសែនជ័យ។ ចំណែក ណាហ្គាវើលដ៍ ត្រូវប្រកួតជាមួយ ព្រៃវែង នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ វេលាម៉ោង ៦:០០ យប់។
 
ចូលមកដល់ថ្ងៃទី៥ ខែវិច្ឆិកា នៃការប្រកួតពានរង្វាន់លីគកំពូល សប្ដាហ៍ទី១ អង្គរថាយហ្គឺរ ត្រូវស្វាគមន៍ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋានហនុមាន ម៉ោង ៣:៤៥ រសៀល រីឯ ព្រះខ័នរាជ ស្វាយរៀង ទទួល កងយោធពលខេមរភូមិន្ទ ម៉ោង ៦:០០ ល្ងាច នៅកីឡដ្ឋានខេត្តស្វាយរៀង។
 
 គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី៩ ព្រះខ័នរាជ ស្វាយរៀង បន្ដឈរនៅចំណាត់ថ្នាក់លេខ១ (បណ្ដោះអាសន្ន) មាន ២៧ពិន្ទុ។ ចំណាត់ថ្នាក់លេខ ២ ភ្នំពេញក្រោន មាន ២១ពិន្ទុ តាមពីក្រោយដោយ វិសាខា មាន ១៨ពិន្ទុ។ ចំណែកចំណាត់ថ្នាក់លេខ ៤ បឹងកេត មាន ១៣ពិន្ទុ ស្មើគ្នាជាមួយ អាយ អេស អាយ ដង្កោសែនជ័យ ឈរនៅចំណាត់ថ្នាក់លេខ ៥។ រីឯកងយោធពលខេមរភូមិន្ទ លេខ៦ និងព្រៃវែង លេង៧ មាន១០ពិន្ទុ ដូចគ្នា។ ណាហ្គាវើលដ៍ មាន ៩ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៨ តាមពីក្រោយដោយគិរីវង់សុខសែនជ័យ លេខ៩ មាន ៥ពិន្ទុ។ ដោយឡែក អង្គរថាយហ្គឺរ ត្រូវធ្លាក់មកលេខ១០ មាន៤ពិន្ទុ៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com