កីឡាជាតិ
ជាតិ
កីឡាករ-ការិនីវាយសីយុវជនកម្ពុជា កើនសមត្ថភាព ក្រោយដណ្តើមមេដាយ១៤ ពីជើងឯកអាស៊ីអាគ្នេយ៍
03, Nov 2023 , 5:29 pm        
រូបភាព
លោក លី កុសល បំពាក់មេដាយដល់កីឡាការិនី រូបពី NOCC
លោក លី កុសល បំពាក់មេដាយដល់កីឡាការិនី រូបពី NOCC
​លោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា មើលឃើញថា អត្ដពលិកថ្នាលកម្ពុជា រីកចម្រើនទាំងគុណភាព និងសមត្ថភាព បន្ទាប់ពីពួកគេ ដណ្ដើមបានមេដាយសរុប១៤ ពីព្រឹត្តិការណ៍ BA Sea Regional Junior Championship 2023 ដែលរៀបចំនៅកម្ពុជា ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។



មេដាយចំនួន ១៤ ដែលអត្ដពលិកកីឡាវាយថ្នាលរបស់កម្ពុជា រកបានក្នុងព្រឹត្តិការណ៍មានដូចជា មាស១ ប្រាក់៦ និងសំរឹទ្ធ៧។ ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ចាត់ទុកថាអត្ដពលិកវ័យក្មេងទាំងអស់ កើនឡើងនូវសមត្ថភាពជាខ្លាំង។ លោក លី កុសល បន្ថែមទៀតថា ក្រោមការបង្ហាត់របស់គ្រូបរទេសស្ម័គ្រចិត្ត កីឡាករ-កីឡាការិនី មានវិន័យខ្ពស់ ហើយយកចិត្តទុកហ្វឹកហាត់ជាខ្លាំង។ 
 
«កីឡា ទោះបីជាយើង មិនបានមេដាយមាសក៏ដោយ ហើយបានមេដាយប្រាក់ ក៏ចាត់ទុកថាជាជោគជ័យមួយដ៏ធំ ដោយសារតែនេះ ជាថ្នាល់​ ដែលយើងទើបបណ្ដុះបណ្ដាល ហើយជាឱកាសឲ្យក្មេងៗទាំងអស់នោះ ខិតខំបញ្ចេញអស់ពីសមត្ថភាព ជាមួយអ្វី ដែលពួកគេមាន ដូចជាបច្ចេកទេស ដែលបានរៀនសូត្រ ពីគ្រូបរទេស។ គ្រូពីបរទេស បានស្ម័គ្រចិត្តមកជួយ។ ក្រោមការហ្វឹកហាត់ជាមួយគ្រូដែលមានវិន័យតឹងរឹង បើទោះជាមានរយៈពេលខ្លី ប៉ុន្ដែកីឡាករ-កីឡាការិនីទាំងអស់ មានការយកចិត្តទុកដាក់ និងមានស្មារតីដើម្បីជាតិ។»។ លោក លី កុសល បាននិយាយដូច្នេះ។
 
ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ មាន ៥ប្រទេសចូលរួម ក្នុងនោះមាន ម្ចាស់ផ្ទះ កម្ពុជា, ប៊្រុយណេ, ឡាវ, មីយ៉ាន់ម៉ា និងទីម័រខាងកើត​ ហើយអត្ដពលិកថ្នាលសរុប ៧០នាក់។
 
គួរបញ្ជាក់ថា បន្ទាប់ពីចប់ការប្រកួត ដែលប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃនេះ មីយ៉ាន់ម៉ា ឈរចំណាត់ថ្នាក់លេខ១ ឈ្នះមេដាយសរុប១៧ ក្នុងនោះមាស១១ ប្រាក់៤ និងសំរឹទ្ធ២ តាមពីក្រោយដោយកម្ពុជា មេដាយសរុប១៤ មាស១ ប្រាក់៦ និងសំរឹទ្ធ៧ និងលេខ៣ ទីម័រខាងកើត មេដាយសរុប១០ ប្រាក់១ សំរឹទ្ធ៩។ ចំណែកលេខ៤ ឡាវ ឈ្នះមេដាយសរុប៣ ប្រាក់១ និងសំរឹទ្ធ២៕
 

Tag:
 វាយសី
  លី កុសល
© រក្សាសិទ្ធិដោយ thmeythmey.com