កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាទ្រីយ៉ាត្លុង រៀបចំការប្រកួតថ្នាក់ជាតិ ឆ្នាំ២០២៣ នៅកែប
04, Nov 2023 , 7:39 pm        
រូបភាព
ការប្រកួតកីឡាទ្រីយ៉ាត្លុង រូបពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា
ការប្រកួតកីឡាទ្រីយ៉ាត្លុង រូបពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានជូនដំណឹងដល់កីឡាករ-កីឡាការិនី តាមបណ្ដាលក្លិប និងសមាគម ដែលស្រឡាញ់ និងហ្វឹកហាត់កីឡាទ្រីយ៉ាត្លុង ចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលត្រូវធ្វើចាប់ពីថ្ងៃទី១៥-១៧ ខែធ្នូ ឆ្នាំ២០២៣ នៅឆ្នេរកែប។ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ពន្យល់ថា កីឡាទ្រីយ៉ាត្លុង ជាប្រភេទកីឡាអូឡាំពិក ដែលពិបាកហ្វឹកហាត់ និងប្រកួត ដែលជាហេតុធ្វើឲ្យកីឡានេះ មានចូលរួមតិចប៉ុណ្ណោះ។



លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា មិនអាចរំពឹកទុកពីចំនួន អ្នកចូលរួម ថានឹងអាចកើនឡើងទេ ប៉ុន្ដែ ចំនួន អាចប្រហាក់ប្រហែលទៅនិងការប្រកួតក្នុងឆ្នាំពីមុនៗ ដែលចំនួន ប្រហែលជា ១០០នាក់។ អគ្គលេខាធិការរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា កីឡាទ្រីយ៉ាត្លុង គឺជាប្រភេទកីឡាអូឡាំពិក ពិបាកប្រកួត ហើយអាចមានគ្រោះថ្នាក់ ប្រសិនជាមិនស្ទាត់ជំនាយ ហើយចូលរួមប្រកួត។ 
 
«កីឡាទ្រីយ៉ាត្លុងគឺជាប្រភេទកីឡាអូឡាំពិក វាពិបាកលេង ឬប្រកួត។ល។ ដូច្នេះហាត់ល្មមៗលេងមិនបានទេ វាគ្រោះថ្នាក់ យើងប្រកួតនៅសមុទ្រវាគ្រោះថ្នាក់ណាស់។»។ លោក ងិន សុបញ្ញា បាននិយាយប្រាប់ដូច្នេះ។
 
សហព័ន្ធ បានដាក់វិញ្ញាសាប្រកួតចំនួន ៤គឺ៖

១-វិញ្ញាសាអាគ័តត្លុង Standard Aquathlon បុរស
ហែលទឹក ១គីឡូម៉ែត្រ + រត់ប្រណាំង ៥ គីឡូម៉ែត្រ
 
២-វិញ្ញាសាអាគ័តត្លុង Standard Aquathlon នារី
ហែលទឹក ១គីឡូម៉ែត្រ + រត់ប្រណាំង ៥ គីឡូម៉ែត្រ
 
៣-វិញ្ញាសាអាគ័តត្លុង Sprint Aquathlon បុរសអាយុក្រោម ១៨ឆ្នាំ
ហែលទឹក ៥០០ម៉ែត្រ + រត់ប្រណាំង ២.៥គីឡូម៉ែត្រ
 
៤-វិញ្ញាសាអាគ័តត្លុង Sprnt Aquathlon នារីអាយុក្រោម ១៨ឆ្នាំ
ហែលទឹក ៥០០ម៉ែត្រ + រត់ប្រណាំង ២.៥គីឡូម៉ែត្រ
 
សហព័ន្ធកីឡាដដែលនេះ បានបន្ថែមទៀតថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ត្រូវបានធ្វើឡើង គម្រោងថវិការប្រចាំឆ្នាំ ដើម្បីពន្លឿនការអភិវឌ្ឍកីឡាជាតិ របស់ក្រសួងអប់រំ យុវជន និងកីឡា៕

Tag:
 ទ្រីយ៉ាត្លុង
  ងិន សុបញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com