ជាតិ
សម្ដេច ម៉ាណែត ថា ពិភពលោកនឹងមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន បើមានស្រ្តីដឹកនាំច្រើន
05, Nov 2023 , 11:29 am        
រូបភាព
បើមានស្តី្រក្លាយជាមេដឹកនាំកាន់តែច្រើននោះ ពិភពលោកនឹងមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ។ នេះជាការយល់ឃើញរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានថ្លែងសន្ទរកថា មហានៅក្នុងមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំឡើង​លើទឹកដី​សៀមរាបអង្គរ​ពី​ថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រព្រឹត្តទៅ​ក្រោម​​ប្រធានបទ «ស្រមៃមើលឱកាស៖ ផ្តល់អំណាចដល់ កុមារី និងយុវតី (Imagine Possibilities)»។

សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងថា ស្ត្រីនៅក្នុងពិភពលោក កំពុងរងការគាបសង្កត់ពីកត្តាផ្សេងៗ ដូចជា កត្តាប្រពៃណី, កត្តាសេដ្ឋកិច្ច និងកត្តានៃកង្វះការយល់ដឹង។ បើតាមសម្ដេច ស្រ្តីរាប់លាននាក់លើពិភពលោក ត្រូវបានរារាំងមិនឱ្យទទួលបាននូវឱកាសក្នុងការអភិវឌ្ឍខ្លួនឯង និងចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ឱ្យបានពេញសក្តានុពលរបស់ខ្លួន។ 
 
«សម្រាប់ខ្ញុំ នេះគឺជាការខាតបង់ដ៏គួរឱ្យសោកស្តាយនៃមូលធនមនុស្ស ដែលជាកម្លាំងចលករដ៏រឹង មាំ ប្រកបដោយចីរភាព សម្រាប់សង្គមជាតិ ប្រសិនពួកគាត់ទទួលបានឱកាសពេញលេញ »។ នេះបើតាមនាយករដ្ឋមន្រ្តីកម្ពុជា ដែលយល់ឃើញថា ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រងនិងកក់ក្តៅជាងមុន ប្រសិនមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។
 
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
 
សម្ដេចនាយករដ្ឋមន្រ្តី បានប​ន្ថែមថា៖« យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមាន អារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ត្រីគឺជាស្នូល។ យើងនឹងជំរុញការចូលរួមរបស់យុវតី នៅក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ ដែលមានសមាគមកាយរឹទ្ធនារីនេះ ជាយន្តការ» ។
 
ជាមួយគ្នានេះ រដ្ឋាភិបាល នឹងបង្កើនសមាមាត្ររបស់ស្ត្រី ក្នុងការចូលរួមឱ្យបានជាអតិបរមានៅក្នុងស្ថាប័នជាតិ ,ការពង្រឹង និងការពារសិទ្ធិការងាររបស់ស្ត្រី និងការបន្តដំឡើងតួនាទីរបស់ស្ត្រី ក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិត នៃអង្គភាព និងស្ថាប័ននានា។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់រដ្ឋាភិបាល និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ គាំទ្រ និងចូលរួមជាមួយចលនានៃសមាគមកាយឫទ្ធិនារី ដើម្បីជំរុញឱ្យបេសកកម្មដ៏ថ្លៃថ្លាទាំងនេះ សម្រេចបានដោយជោគជ័យ។
 
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com