អន្តរជាតិ
ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា ដណ្ដើមបានទីតាំងឈរបន្ថែមពីយោធា
05, Nov 2023 , 11:59 am        
រូបភាព
ក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅមីយ៉ាន់ម៉ា បានរឹបអូសយកប៉ុស្តិ៍ឈរជើងមួយចំនួនទៀតរបស់យោធាមីយ៉ាន់ម៉ានៅថ្ងៃទី៤ ខែវិច្ឆិកា បន្ទាប់ពីការប្រយុទ្ធគ្នានៅភាគខាងជើងប្រទេស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកប្រទេសនេះ។

ក្នុងសប្ដាហ៍នេះ ការប្រយុទ្ធរវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច៣ក្រុម និងយោធាមីយ៉ាន់ម៉ា បានផ្ទុះឡើងនៅរដ្ឋ Shan ភាគខាងជើងក្បែរព្រំដែនចិន។ បើតាមអង្គការសហប្រជាជាតិ ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំនេះ បង្ខំមនុស្សជាង២៣ ០០០នាក់ចាកចេញពីផ្ទះរបស់ពួកគេ។
 
នៅថ្ងៃទី៤ ខែវិច្ឆិកា កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) កងទ័ពរំដោះជាតិ Ta'ang (TNLA) និងកងទ័ព Arakan (AA) ដែលរួមដៃគ្នាប្រយុទ្ធទល់យោធាមីយ៉ាន់ម៉ា អះអាងពីការដណ្តើមបានប៉ុស្តិ៍ឈរជើងជាច្រើន និងទីប្រជុំជន៤នៅរដ្ឋភាគខាងជើង ហើយបានបិទផ្លូវពាណិជ្ជកម្មសំខាន់ៗទៅកាន់ចិន។
 
បើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្រុមយុទ្ធជន TNLA បានរឹបអូសយកប៉ុស្តិ៍២ដែលគ្រប់គ្រងដោយកងជីវពលគាំទ្រយោធានៅជិតទីក្រុង Lashio ដែលជាទីប្រជុំជនធំជាងគេនៅរដ្ឋ Shan និងជាទីតាំងបញ្ជាការភាគឦសានរបស់យោធាមីយ៉ាន់ម៉ាផង។ ចំណែកក្រុមប្រដាប់អាវុធ MNDAA បាន​និយាយ​ថា ខ្លួន​បាន​ដណ្តើម​យក​ប៉ុស្តិ៍​យោធា​៣​បន្ថែម​ទៀត​ទៅ​ភាគ​ខាង​កើត។
 
របបយោធាមិនទាន់និយាយអ្វីទេលើការប៉ះទង្គិចគ្នាចុងក្រោយនេះ។ ប៉ុន្តែក្នុងសប្ដាហ៍នេះ អ្នកនាំពាក្យយោធាម្នាក់បានច្រានចោលព៏ត៌មានសម្ព័ន្ធភាពក្រុមប្រដាប់អាវុធទាំង៣ បានដណ្តើមកាន់កាប់ទីក្រុងជាច្រើនក្នុងរដ្ឋ Shan ។
 
ក្រៅពីក្រុមប្រដាប់អាវុធទាំង៣ របបយោធាលើកឡើងថា កងទ័ពឯករាជ្យកាឈិន (KIA) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយផ្សេងទៀតដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Kachin ជិតរដ្ឋ Shan ដែរនោះ បានចូលរួមការវាយប្រហារលើកងកម្លាំងយោធាដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏រាយការណ៍ដែរថា របបយោធាបានបាញ់ផ្លោងទីក្រុងដាច់ស្រយាល Laiza ជាប់ព្រំដែនចិន ដែលជាទីស្នាក់ការកណ្តាលរបស់ KIA វិញដែរ។
 
ប្រឈមមុខការងើបឡើងរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចនេះ  ប្រមុខរដ្ឋាភិបាលយោធាលោក មីន អ៊ុងឡាំង ប្តេជ្ញាវាយបកវិញដែរ។ ចិនវិញក៏បង្ហាញការព្រួយបារម្ភដែរ និងស្នើឱ្យមានបទឈប់បាញ់ក្នុងរដ្ឋ Shan ៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com