អន្តរជាតិ
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ប្រកាសផ្ទេរអំណាចមុនការបោះឆ្នោតឆ្នាំ២០២៥
05, Nov 2023 , 3:09 pm        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ចាប់ដៃឧបនាយករដ្ឋមន្រ្តី ឡរ៉េន វង់។ រូបថត CNA
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ចាប់ដៃឧបនាយករដ្ឋមន្រ្តី ឡរ៉េន វង់។ រូបថត CNA
នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង ប្រកាសនៅថ្ងៃទី៥ ខែវិច្ឆិកា ថា លោកនឹងប្រគល់ផ្ទេរការដឹកនាំសិង្ហបុរីទៅអ្នកស្នងតំណែងជំនាន់ក្រោយនៅមុនការបោះឆ្នោតឆ្នាំ២០២៥ ។ បច្ចុប្បន្ន សិង្ហបុរីស្ថិតក្រោមការដឹកនាំរបស់មេដឹកនាំជំនាន់ទី៣ គិតតាំងពីការទទួលបានឯករាជ្យមក ហើយដែលមានលោក លី​ ជាអ្នកដឹកនាំ។

ផែនការផ្ទេរការដឹកនាំសិង្ហបុរីពីក្បាលម៉ាស៊ីនជំនាន់ទី៣ ទៅអ្នកជំនាន់ទី៤ របស់បក្សសកម្មភាពប្រជាជន (PAP) ដែលកំពុងកាន់អំណាច ទំនងគ្មានអ្វីប្រែប្រួលទៀតឡើយ ហើយអាចដំណើរការតាមការរំពឹងទុក។ លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងជាអគ្គលេខាធិការបក្ស PAP ប្រាប់សមាជិកបក្សថា លោកនឹងផ្ទេរការដឹកនាំប្រទេសទៅឱ្យឧបនាយករដ្ឋមន្រ្តី ឡរ៉េន វង់ នៅមុនការបោះឆ្នោតទូទៅឆ្នាំ២០២៥។
 
តាមពិតទៅ ផែនការផ្ទេរតំណែងនេះ ត្រូវបានរៀបចំយូរមកហើយ ដែលធ្វើតាមទម្លាប់នៃការប្រគល់អំណាចតាមជំនាន់ដឹកនាំមុនៗមក ប៉ុន្តែត្រូវបានអាក់ខានដោយបញ្ហាជាច្រើន ពិសេសចុងក្រោយការផ្ទុះជំងឺកូវីដ-១៩ តែម្ដង។។ លោក វង់ ត្រូវបានជ្រើសរើសដោយក្រុមមន្រ្តីជំនាន់ទី៤ សម្រាប់ការស្នងតំណែងនេះ។ ដូចនេះ លោក វង់ ទំនងដឹកនាំបក្ស PAP ដើម្បីប្រជែងការបោះឆ្នោតសភាខាងមុខដោយមិនចាំបាច់រង់ចាំឡើយ។
 
នាសន្និបាតថ្ងៃទី៥ ខែវិច្ឆិកា លោក លី ដែលពន្យារពេលចូលនិវត្តន៍ម្ដងហើយ និយាយថា ប្រសិនបើផែនការដំណើការរលូន លោកនឹងផ្ទេរតំណែងឱ្យក្រុមមន្រ្តីវ័យក្មេងនៅខួបកំណើតទី៧០ របស់បក្សនៅខែវិច្ឆិកា ឆ្នាំ២០២៤ ។
 
កូនប្រុសស្ថាបនិកសិង្ហបុរី លី ក្វាន់យូ អះអាងថា​ លោក វង់ និងមន្រ្តីជំនាន់ទី៤ សុទ្ធតែបានបំពេញការងារច្រើនឆ្នាំ ជាមួយការទទួលខុសត្រូវកាន់តែធំ ហើយក៏ត្រៀមខ្លួនជាស្រេចដើម្បីកាច់ចង្កូតប្រទេសដែរ។ បើតាមលោក លី លោក វង់ ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងនោះ ប្រាប់លោកថា ខ្លួនត្រៀមរួចហើយសម្រាប់ការងារថ្មី ដូចនេះគ្មានអ្វីដែលត្រូវពន្យារពេលផ្លាស់ប្ដូរអ្នកដឹកនាំឡើយ។
 
ក្រោយចាកចេញពីតំណែង លោក លី ទុកឱ្យលោក វង់ ជាអ្នកសម្រេចថា តើលោកអាចជួយអ្វីបាន ហើយលោកនឹងជួយបក្សសម្រាប់ការបោះឆ្នោតលើកក្រោយ៕
 
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com