អន្តរជាតិ
ក្រុមសង្គ្រោះ​បន្ត​ស្វែង​រក​អ្នក​នៅ​ជីវិត​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់ ខណៈ​អ្នក​ស្លាប់​កើន​ដល់១៥៧​នាក់
05, Nov 2023 , 4:29 pm        
រូបភាព
ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅតំបន់ភាគខាងលិចនៃនេប៉ាល់កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានកើនឡើងដល់១៥៧នាក់ ខណៈពេលដែរក្រុមអ្នកជួយសង្គ្រោះបានចាប់ផ្តើមជីកកាយដោយដៃទទេរតាមគំនរបាក់បែកនៃផ្ទះដែលដួលរលំដើម្បីស្វែងរកអ្នកដែលនៅរស់រានមានជីវិត។

គ្រោះរញ្ជួយដីដែលបានវាយប្រហារតំបន់ Jajarkot ភាគខាងលិចនៃនេប៉ាល់ មានកម្រិត៦.៤ រ៉ិចទ័រ។ បើយោងតាមមជ្ឈមណ្ឌលរញ្ជួយដីនេប៉ាល់។ ទោះបីជាកម្រិតនៃការរញ្ជួយដីនេះមិនធ្ងន់ធ្ងរក៏ដោយ ការខូចខាត និងចំនួនអ្នកស្លាប់មានច្រើន ដោយសារតែគុណភាពសំណង់នៅតំបន់នោះមិនមាំល្អ ហើយគ្រោះរញ្ជួយដីនេះបានកើតឡើងនៅពេលដែរ ប្រជាជនកំពុងដេក។
 
អ្នកស្លាប់កើនដល់១៥៧នាក់ហើយ ស្របពេលការររុករកធ្វើឡើងទាំងលំបាក។ រដ្ឋាភិបាលនាយករដ្ឋមន្ត្រីនេប៉ាល់ Pushpa Kamal Dahal បានអំពាវនាវដល់គណបក្សនយោបាយ បុគ្គលិកសង្គម និងសាធារណជនឱ្យចូលរួមបរិច្ចាកថវិកាដើម្បីជួយផ្ដល់អាហារ ទឹក សំលៀកបំពាក់ និងតង់ដល់ជនរងគ្រោះដែលនៅរស់រានមានជីវិត។
 
ឧបនាយករដ្ឋមន្ត្រីនេប៉ាល់​ Narayan Kaji Shrestha ក៏បាននិយាយថា ឥណ្ឌា និងចិនបានផ្តល់ជំនួយក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះផងដែរ។
 
«យើងបានប្រាប់ពួកគថា យើងកំពុងធ្វើប្រតិបត្តិការស្វែងរក និងសង្គ្រោះឥឡូវនេះ» ។ លោក  Shrestha និយាយបែបនេះ។ 
 
លោកនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី វិញ ក៏បានបង្ហាញពីភាពសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិត និងការខូចខាតនៅនេប៉ាល់ផងដែរ។ គ្រោះរញ្ជួយដីមួយនេះ បានអង្រួនអគារនានារហូតដល់ទីក្រុងញូវដែលីដែលមានចម្ងាយប្រហែល៦០០គីឡូម៉ែត្រពីតំបន់កើតហេតុឯណោះ៕ 
 

Tag:
 នេប៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com