កីឡាអន្តរជាតិ
អន្តរជាតិ
Marcelo ចាត់ទុកការឈ្នះពាន Libertadores​ ជាពានធំ ជាងការឈ្នះ UCL ជាមួយ Real Madrid
05, Nov 2023 , 5:39 pm        
រូបភាព
Marcelo ខ្សែការពារជើងចាស់អតីតកីឡាករក្រុម Real Madrid និយាយថា ការឈ្នះពានរង្វាន់ក្លិបកំពូលទ្វីបអាម៉េរិកខាងត្បូង Copa Libertadores ជាមួយនឹងក្លិប Fluminense ដែលជាក្លិបគេធ្លាប់បានលេងកាលពីនៅយុវជន ជារឿងដ៏អស្ចារ្យខ្លាំងបំផុតសម្រាប់អាជីពជាកីឡាករ។ ខ្សែការពារស្លាបឆ្វេង អះអាងទៀតថា ការឈ្នះពានក្លិបកំពូលទ្វីបអាម៉េរិកខាងត្បូង គឺធំជាងការឈ្នះពានរង្វាន់ UEFA Champions League ទៅទៀត។

កីឡាករសញ្ជាតិប្រេស៊ីល បានឈ្នះពានរង្វាន់ ក្នុងទ្វីបអាម៉េរិកខាងត្បូង CONMEBOL ដែលជាលើកដំបូង បង្អស់មួយនឹងក្លិប Fluminense ក្រោយគេបានជួយដល់ក្រុមយកឈ្នះលើក្រុម Boca Juniors របស់អាហ្សង់ទីន ដោយលទ្ធផល ២-១ អំឡុងការប្រកួតរយៈពេល ១២០នាទីនៃវគ្គផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃទី៤ ខែវិច្ឆិកា។ ក្លិប Fluminense ជាក្លិបដែល Marcelo បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់នៅកម្រិតខ្ពស់ដំបូង មុនពេលចាកចេញទៅកាន់ Real Madrid។
 
មានវ័យ ៣៥ឆ្នាំ Marcelo ធ្លាប់បានឈ្នះបានរង្វាន់ UCL ចំនួន ៥លើក ជាមួយនឹងក្រុម Real Madrid អំឡុងពេលការរួមរស់រយៈពេល ១៦ឆ្នាំ របស់គេ។ ក្រៅពីពានរង្វាន់ UCL ខ្សែការពារអន្តរជាតិប្រេស៊ីលបានជួយដល់ Real Madrid ឈ្នះពានរង្វាន់ La Liga ៦លើក, Spain Super Cup ៥លើក, Club World Cup ៤លើក, UEFA Super Cup ៣លើក និង Copa Del Rey ចំនួន ៣លើក។
 
សរុបពានរង្វាន់ចំនួន ១៨ អំឡុងការចំណាយពេល ២១ឆ្នាំ នៅការប្រកួតប្រជែងកម្រិតកំពូលនៃបាល់ទាត់ ដែល Marcelo បានឈ្នះ។
 
នៅក្នុងការប្រកួតនាថ្ងៃទី៤ ខែវិច្ឆិកា Marcelo បានចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រឱ្យក្រុម Fluminense នៅក្នុងវគ្គទីពីរ ហើយរួមចំណែកដល់ក្រុមឈ្នះពានរង្វាន់លំដាប់កំពូលទ្វីបអាម៉េរិកខាងត្បូង។
 
«Real Madrid នឹងយល់ពីរឿងនេះ ថាវាគឺជាពានរង្វាន់សំខាន់យ៉ាងណាសម្រាប់អាជីពរបស់ខ្ញុំ និងនៅកម្រិតក្លិបកំពូលៗ ព្រោះតែក្លិបដែលខ្ញុំបានលេងគឺជាក្លិបដែលបានកសាងរូបខ្ញុំ។ ខ្ញុំបានឈ្នះពានរង្វាន់ដ៏សំខាន់ក្នុងជីវិត ជាមួយក្លិបដែលខ្ញុំចូលចិត្ត ហើយដែលក្លិបបានផ្តល់គ្រប់យ៉ាងដល់ខ្ញុំសម្រាប់អាជីពដ៏អស្ចារ្យមួយនេះ […] វាពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។»។ Marcelo បាននិយាយប្រាប់ទៅកាន់ទូរទស្សន៍ ESPN បែបនេះ។
 
ការឈ្នះពានរង្វាន់ Copa Libertadores ដូចដែលរូបគេធ្លាប់បានឈ្នះពានរង្វាន់ UEFA Champions League នេះបានន័យថា Marcelo បានចូលរួមជាមួយនឹងកីឡាករចំនួន ១៥ផ្សេងទៀត ដែលរួមមានវីរបុរសប្រទេសប្រេស៊ីល Ronaldinho, Neymar ក៏ដូចជាកីឡាករអាហ្សង់ទីន Julian Alvarez ដែលជាកីឡាកររបស់ទ្វីបអាម៉េរិកខាងត្បូងបានឈ្នះពានរង្វាន់ក្លិបកំពូលទាំងពីរអំឡុងពេលប្រកបអាជីព៕
 
 

Tag:
 Marcelo
  Libertadores
© រក្សាសិទ្ធិដោយ thmeythmey.com