អន្តរជាតិ
ប្រជាជនអ៊ីស្រាអែលជួបជុំនៅក្រៅផ្ទះនាយករដ្ឋមន្ត្រី តវ៉ាឱ្យទទួលខុសត្រូវចំពោះបរាជ័យទប់ស្កាត់ក្រុមហាម៉ាស
05, Nov 2023 , 8:59 pm        
រូបភាព
ប៉ូលិសអ៊ីស្រាអែលបានរារាំងក្រុមបាតុករដែលធ្វើបាតុកម្មនៅខាងក្រៅគេហដ្ឋានរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី៤ ខែវិច្ឆិកា ខណៈពេលការខឹងសម្បារកាន់តែរីករាលដាលទៅលើបរាជ័យរបស់រដ្ឋាភិបាលដែលនាំឱ្យកើតមានការវាយប្រហារដ៏សាហាវកាលពីខែតុលាពីសំណាក់ក្រុមហាម៉ាស។

ក្រុមបាតុករបានគ្រវីទង់ជាតិអ៊ីស្រាអែល ហើយរុញច្រានរបាំងប៉ូលិសនៅជុំវិញគេហដ្ឋានរបស់លោក ណេតាន់យ៉ាហ៊ូ ដោយនាំគ្នាស្រែកថា ចាប់ដាក់គុកឥឡូវនេះ។ កំហឹងកាន់តែពុះកញ្ជ្រោលក្នុងចំណោមប្រជាជនអ៊ីស្រាអែលជុំវិញការវាយប្រហារថ្ងៃទី៧ ខែតុលាពីសំណាក់ក្រុមហាម៉ាស។
 
លោក ណេតាន់យ៉ាហ៊ូ ដែលរងការមិនពេញចិត្តស្រាប់ផងនោះ ជាមុខសញ្ញាទទួលខុសត្រូវចំពោះចន្លោះប្រហោងដែលទុកឱកាសឱ្យក្រុមហាម៉ាសវាយប្រហារយ៉ាងភ្ញាក់ផ្អើលលើអ៊ីស្រាអែល។ ការស្ទង់មតិរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ ១៣ របស់អ៊ីស្រាអែលបានរកឃើញថា ៧៦ភាគរយនៃប្រជាជនអ៊ីស្រាអែលគិតថាលោកនាយករដ្ឋមន្រ្តីគួរតែលាលែងពីតំណែង ឯ៦៤ភាគរយគិតថា គួរតែរៀបចំការបោះឆ្នោតភ្លាមៗបន្ទាប់ពីសង្គ្រាមរួច។
 
យ៉ាងណាក្ដី លោក ណេតាន់យ៉ាហ៊ូ ហាក់បីដូចជាមិនទាន់ទទួលយកកំហុសលើបរាជ័យដែលបណ្ដាលឱ្យកើតមានការវាយប្រហារដោយក្រុមខ្មាន់កាំភ្លើងហាម៉ាសដែលបានសម្លាប់មនុស្សជាង១,៤០០នាក់ និងចាប់ចំណាប់ខ្មាំងយ៉ាងហោចណាស់២៤០នាក់នោះទេ។
 
មុនពេលសង្គ្រាមបានកើតឡើង លោក ណេតាន់យ៉ាហូ ត្រូវបានរងការចោទប្រកាន់អំពើពុករលួយ ដែលលោកបានបដិសេធដែរ។ កាលពីខែ មករាកន្លងទៅ លោកក៏បានជំរុញផែនការទប់ស្កាត់អំណាចរបស់ប្រព័ន្ធតុលាការដែលបណ្ដាលឱ្យប្រជាជនរាប់សែននាក់តវ៉ាតាមដងផ្លូវផងដែរ៕ 
 
 

Tag:
 អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com