RFI
អន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុនប្រកាសផែនការទ្រទ្រង់សេដ្ឋកិច្ច១១៣ពាន់លានដុល្លារ
05, Nov 2023 , 9:59 pm        
រូបភាព
លោកហ្វូមីអូ គីស៊ីដាប្រកាសផែនការទ្រទ្រង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ប្រមាណ ១១៣ពាន់លានដុល្លារ AP - Kiyoshi Ota
លោកហ្វូមីអូ គីស៊ីដាប្រកាសផែនការទ្រទ្រង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ប្រមាណ ១១៣ពាន់លានដុល្លារ AP - Kiyoshi Ota
ដោយ៖ឈាង បុប្ផា/RFI
 
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃព្រហស្បតិ៍ទី​២ ​វិច្ឆិកា ដែលមានការចូលរួមពីអ្នកតំណាងជាន់ខ្ពស់របស់គណបក្សកាន់អំណាច នាយករដ្ឋមន្រ្តីជប៉ុន លោក​ហ្វូមីអូ គីស៊ីដា​ប្រកាស​ផែនការទ្រទ្រង់សេដ្ឋកិច្ច​ក្នុងទំហំទឹកប្រាក់​ប្រមាណ ១១៣​ពាន់លានដុល្លារ។ ប្រមុខរដ្ឋាភិបាលជប៉ុន​បញ្ចេញថវិកា​ជាង​១០០ពាន់ដុល្លារ​ក្នុងបំណងជួយជីវភាពប្រជាជនជប៉ុន ម្ចាស់សំឡេងឆ្នោត​ដែលកំពុង​ប្រឈមនឹងវិបត្តិអតិផរណា ទំនិញឡើងថ្លៃ។

ជប៉ុន មហាអំណាចសេដ្ឋកិច្ច​ធំទី៣​នៅក្នុងពិភពលោក​បន្ទាប់ពីអាមេរិក និងចិន​កំពុងជួបបញ្ហាអតិផរណាធ្ងន់ធ្ងរមិនធ្លាប់មាន គិតចាប់តាំងពី​រុស្ស៊ីធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែនដែលបានជំរុញឲ្យ ​តម្លៃថាមពលឡើងថ្លៃកប់ពពក។
 
នៅក្នុងគោលដៅជួយសម្រាលបញ្ហាអតិផរណា​របស់​ប្រជាជន និងជំរុញប្រាក់ចំណូលក្រុមហ៊ុនជប៉ុនលោកនាយករដ្ឋមន្រ្តី ​ហ្វូមីអូ​ គីស៊ីដា ​ប្រកាសនៅ​ថ្ងៃ​ព្រហស្បតិ៍ទី​២​វិច្ឆិកា ​កញ្ចប់ថវិកា​ជាង ១១៣ពាន់លានដុល្លារ​សម្រាប់​ផែនការទ្រទ្រង់សេដ្ឋកិច្ច​។ តាមកាសែតក្នុងស្រុកជប៉ុន ផែនការទ្រទ្រង់​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​នឹង​អាចឡើង​ដល់​ជាង​២៣៧ពាន់លានដុល្លារ បើសិន​គេរាប់បញ្ចូល​ការវិនិយោគរបស់វិស័យឯកជន។
 
សម្រាប់ប្រមុខរដ្ឋាភិបាល​ជប៉ុន នេះជាលើកទី១ នៅក្នុង​រយៈពេល​៣០ឆ្នាំ​មកនេះ​ដែលជប៉ុន​មានឱកាស​បោះជំហាន​ទៅក្នុង​ដំណាក់កាល​សេដ្ឋកិច្ច​ថ្មីមួយទៀត។ ប៉ុន្តែ នៅក្នុងកាលៈទេសៈដែល​ប្រាក់ខែឡើងមិនទាន់តម្លៃទំនិញដែលចេះឡើងថ្លៃក្រឺតៗ រដ្ឋាភិបាល​ចាំបាច់ត្រូវជួយជាបណ្តោះអាសន្ន​គាំទ្រ​ប្រាក់ចំណូល​របស់​ប្រជាជន​ជប៉ុន។ តាមទូរទស្សន៍ជប៉ុនNHK វិធានការរបស់​រដ្ឋាភិបាល​ជប៉ុន​មាន​និយាយតាំងពីការកាត់បន្ថយពន្ធជាង​២៥០ដុល្លារ​សម្រាប់​ប្រជាជនម្នាក់ៗ និងប្រាក់ឧបត្ថម្ភជិត​៥០០​ដុល្លារសម្រាប់​អ្នកដែលមានប្រាក់ចំណូលទាប។ លើសពីនោះ រដ្ឋាភិបាល​នឹង​បន្តជួយផ្នែកថាមពល និង​ថវិកា​សម្រាប់ជំរុញ​ការវិនិយោគ​លើ​វិស័យបច្ចេកវិទ្យា​ដែលមានតាំងពីការផលិតសឺមីកុងឌុចទ័រ និង​ឧស្សាហកម្ម​អវកាស។
 
ផែនការទ្រទ្រង់សេដ្ឋកិច្ច​ក្នុងទំហំទឹកប្រាក់សរុបជាង​២០០ពាន់លាន​ដុល្លារ​នឹង​ធ្វើ​ឲ្យ​ភ្នំបំណុលរបស់រដ្ឋាភិបាលជប៉ុន​កាន់តែកើនឡើងខ្ពស់។ មានប្រាក់បំណុល​ដែលស្មើនឹង​២៦១%​នៃ​ផលិតផលក្នុងស្រុកសរុប ជប៉ុនជាប្រទេស​ដែលមាន​ប្រាក់បំណុលជាតិ​ច្រើនបំផុតមួយក្នុងពិភពលោក។
 
​សម្រាប់សេដ្ឋកិច្ចវិទូជប៉ុនដូចជា លោក​ ហ៊ីដេអូ គូម៉ាណូ លោកនាយករដ្ឋមន្រ្តីជប៉ុន​នឹង​អាច​ប្រឈម​នឹង​ការបាត់បង់សំឡេងគាំទ្រ​នៅក្នុងជួរបក្ស​កាន់អំណាចរបស់លោក ព្រោះថាមានសមាជិក​មួយចំនួន​ ​ប្រឆាំង​ដាច់ខាត​នឹង​ការបង្កើនប្រាក់បំណុលដើម្បីយកទៅចែកចាយ​ជួយប្រជាជន។ អ្នកជំនាញជប៉ុន​រូបនេះ​កំពុងចោទសួរផងដែរថា តើ​លោកនាយករដ្ឋមន្រ្តី​បញ្ចេញ​ថវិកា​មហាសាល​ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ឬ​ក៏ជួយសម្រាលបន្ទុកអតិផរណារបស់ប្រជាជនដើម្បីសំឡេងឆ្នោតផ្ទាល់ខ្លួន។ ការពិតមួយដែលគេ​មិនអាចប្រកែកបាននៅត្រង់ថា ​វិបត្តិអតិផរណា ប៉ុន្តែ ប្រាក់ខែ​នៅទាបមិនសមស្របនឹង​ទំនិញឡើងថ្លៃបានធ្វើ​ឲ្យ​កូដប្រជាប្រិយភាព​របស់​លោក​នាយករដ្ឋមន្រ្តី​គីស៊ីដា​ធ្លាក់ចុះ​ខ្លាំង គិត​ចាប់តាំង​ពីលោក​ឈ្នះឆ្នោត​ចូល​កាន់តំណែង នៅ​ឆ្នាំ ២០២១៕
 

© រក្សាសិទ្ធិដោយ thmeythmey.com