កីឡាអន្តរជាតិ
អន្តរជាតិ
FIFA នឹងផ្តល់សច្ចាប័នដល់អារ៉ាប៊ីសាអូឌីតនៅចុងឆ្នាំ ២០២៤ ជុំវិញការរៀប World Cup 2034
06, Nov 2023 , 8:39 am        
រូបភាព
សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នឹងផ្តល់សច្ចាប័នដល់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០៣៤ នៅចុងឆ្នាំ ២០២៤។ ការសម្រេចនេះ បន្ទាប់ពីការប្រកាសរបស់ FIFA ថាប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ ជាប្រទេសតែមួយគត់ដែលបានដាក់លិខិតដេញថ្លៃ។

ការសម្រេចចិត្តប្រគល់សិទ្ធិដល់ប្រទេសអារ៉ាប៊ីសាអូឌីតនេះ FIFA នឹងផ្តល់សច្ចាប័នជាផ្លូវការនៅចុងឆ្នាំ ២០២៤ ហើយនិងផ្តល់លក្ខណៈវិនិច្ឆ័យបច្ចេកទេសទាំងអស់បន្ថែមទៀតត្រូវបានបំពេញ។
 
ប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ពួកគេបានបោះដើមទុនវិនិយោគយ៉ាងខ្លាំងទៅលើវិស័យកីឡា ដូចជាវិស័យបាល់ទាត់, ការប្រណាំងរថយន្ត F1 ក៏ដូចជាកីឡាវាយកូនគោលជាដើម។ 
 
ប្រទេសនេះក៏នឹងត្រៀមខ្លួនកាន់កាប់តំណែងម្ចាស់ផ្ទះ World Cup ក្នុងឆ្នាំ ២០៣៤ បន្ទាប់ពីការប្រកួត World Cup 2030 ដែលធ្វើឡើងនៅទ្វីបចំនួន ៣ មានប្រទេសអាហ្សង់ទីន, ប៉ារ៉ាហ្កាយ និងអ៊ុយរូហ្កាយ មកពីទ្វីបអាម៉េរិកខាងត្បូងរៀបចំការប្រកួតថ្ងៃបើកឆាកចំនួន ៣ប្រកួតដំបូង ខណៈម៉ារ៉ុកមកពីទ្វីបអាហ្រ្វិក, អេស្ប៉ាញ និងព័រទុយហ្កាល់ នៅទ្វីបអឺរ៉ុប ជាអ្នករៀបចំការប្រកួតតាំងពីវគ្គចែកពូលដល់វគ្គផ្តាច់ព្រ័ត្រ។
 
ការដេញថ្លៃបានធ្វើឡើង មួយឆ្នាំក្រោយពេលដែលប្រទេសជិតខាងខ្លួនកាតា បានរៀបចំការប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅក្នុងមជ្ឈិមបូព៌ាបានយ៉ាងជោគជ័យ។ ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកួតយកឈ្នះក្រុមម្ចាស់ជើងឯកអាហ្សង់ទីនដោយលទ្ធផល ២-១ ក្នុងវគ្គចែកពូល។
 
បើតាមការអះអាងរបស់ស្ថាប័ន FIFA ប្រទេសអារ៉ាប៊ីសាអូឌីតគឺជាប្រទេសតែមួយគត់ដែលបានដាក់ចំណាប់អារម្មណ៍ដេញថ្លៃ។
 
បន្ទាប់ពីការដេញថ្លៃសម្រាប់រៀបចំធ្វើម្ចាស់ផ្ទះឆ្នាំ ២០៣០ និង ២០៣៤ ត្រូវបានរកឃើញប្រទេសម្ចាស់ផ្ទះរួចមក ប្រទេសទាំងនេះ នឹងត្រូវចាំទទួលការវាយតម្លៃដោយ FIFA បន្ថែមទៀត និងការបោះឆ្នោតគាំទ្របន្ថែមទៀត នៅក្នុងកិច្ចប្រជុំសមាជស្ថាប័នពិភពលោកចំនួន ២លើក ដាច់ដោយឡែកពីគ្នានៅចុងឆ្នាំ​ ២០២៤៕
 
 

Tag:
 FIFA
  World Cup
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com