អន្តរជាតិ
មេដឹកនាំអុីស្រាអែលនៅតែច្រានចោលបទឈប់បាញ់ បើគ្មានការដោះលែងចំណាប់ខ្មាំង
06, Nov 2023 , 9:59 am        
រូបភាព
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល។ រូបភាព AFP
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល។ រូបភាព AFP
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី៥  ខែវិច្ឆិកា បានបដិសេដកិច្ចព្រមព្រៀងបទឈប់បាញ់ បើទោះបណ្តាប្រទេសជាច្រើនក្នុងតំបន់បានអំពាវនាវ និងស្វះស្វែករកកិច្ចព្រមព្រៀងមួយនេះក៏ដោយ។ មេដឹកនាំអ៊ីស្រាអែល បានទាមទារឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងទាំងអស់ ប្រសិនចង់បានកិច្ចព្រមព្រៀងបទឈប់បាញ់។

 
មនុស្សច្រើនជាង ២៤០នាក់ ដោយក្នុងនោះមានជនជាតិអ៊ីស្រាអែល ថៃ និងជនបរទេសផ្សេងទៀត ត្រូវបានក្រុមហាម៉ាស ចាប់ជាចំណាប់ខ្មាំង ចាប់តាំងពីមានការវាយប្រហារនៅថ្ងៃទី៧ ខែតុលា។ ខណៈមានបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អំពាវនាវឱ្យមានបទឈប់បាញ់ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានលើកឡើងថា ប្រសិនបើគ្មានការរំដោះចំណាប់ខ្មាំងទាំងអស់ កិច្ចព្រមព្រៀងបទឈប់បាញ់មិនអាចធ្វើទៅរួចឡើយ។ 
 
«វានឹងគ្មានបទឈប់បាញ់ ដោយគ្មានការរំដោះចំណាប់ខ្មាំងឡើយ»។ មេដឹកនាំអ៊ីស្រាអែល បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុខកងកម្លាំងអ៊ីស្រាអែល នៅមូលដ្ឋានទ័ពអាកាស Ramon ក្នុងថ្ងៃទី៥ ខែវិច្ឆិកា ដោយបន្តរក្សាជំហររបស់រដ្ឋាភិបាលអ៊ីស្រាអែលចំពោះក្រុមហាម៉ាសដដែល។ 
 
បើតាមលោក ណេតាន់យ៉ាហ៊ូ អ៊ីស្រាអែល បានប្រាប់ប្រទេសជាមិត្តរួចហើយថា កម្លាំងអ៊ីស្រាអែល នឹងបន្តប្រតិបត្តិការរបស់ខ្លួនហើយបន្តរហូតដល់យកឈ្នះលើក្រុមហាម៉ាស។ ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក រដ្ឋាភិបាលអ៊ីស្រាអែល បានប្តេជ្ញាតាមប្រមាញ់សមាជិកក្រុមហាម៉ាសឱ្យអស់នៅក្នុងតំបន់កាហ្សា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន សមភាគីកាតា, អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប, ហ្ស៊កដានី និងអេមីរ៉ាតអារ៉ាប់រួម បានទទូចឱ្យអាម៉េរិកបញ្ចុះបញ្ចូលអ៊ីស្រាអែលឱ្យមានបទឈប់បាញ់។ យ៉ាងណាមិញ លោក ប្លីងខិន មិនយល់ស្របលើបញ្ហានោះឡើយ។ 
 
ប្រមុខការទូតអាម៉េរិក បានត្រឹមតែឯកភាពលើការផ្អាកការបាញ់គ្នានៅតំបន់ណាមួយ ដើម្បីអាចដឹកជំនួយមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីន នៅតំបន់កាហ្សាភាគខាងត្បូងប៉ុណ្ណោះ។ លោកប្លីងខិនយល់ថា កិច្ចព្រមព្រៀងបទឈប់បាញ់មានតែអនុញ្ញាតឱ្យក្រុមហាម៉ាស ពង្រឹងសមត្ថភាពរបស់ខ្លួនឡើងវិញប៉ុណ្ណោះ។ 
 
ជិតរយៈពេលមួយខែហើយ ជម្លោះអ៊ីស្រាអែល និងហាម៉ាសនៅតែបន្ត ដោយអ៊ីស្រាអែល បានវាយប្រហារលើក្រុមហាម៉ាស តាមរយៈផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ យោធាអ៊ីស្រាអែល បានឡោមព័ទ្ធទីក្រុងកាហ្សា រួមទាំងមានការប្រយុទ្ធជាមួយក្រុមហាម៉ាស នៅតំបន់ទីក្រុងផ្សេងផង ក្នុងទឹកដីកាហ្សា។
 
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters លោក Itamar Yaar អតីតអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល​ បានលើកឡើងថា កម្លាំងអ៊ីស្រាអែល មិនបានរងសម្ពាធដូចប្រតិបត្តិការយោធានៅតំបន់កាហ្សាលើកមុនៗឡើយ។ ត្រង់ចំណុចនេះ លោក Yaar បានអះអាងថា ប្រសិនបើអ៊ីស្រាអែល សម្រេចគោលដៅរបស់ខ្លួន ប្រតិបត្តិការយោធាក្នុងតំបន់កាហ្សា អាចនឹងបញ្ចប់ត្រឹមរយៈពេល ៣ ឬ៤សប្តាហ៍ខាងមុខ។ យ៉ាងណាមិញ មន្រ្តីអ៊ីស្រាអែលរូបនេះ មិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ឡើយ។ 
 
នៅសប្តាហ៍មុន លោក Abu Ubaida អ្នកនាំពាក្យរបស់កងពលតូច Izz el-Deen al-Qassam នៃក្រុមហាម៉ាស បានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួន នឹងដោះលែងចំណាប់ខ្មាំង ប្រសិនបើអ៊ីស្រាអែល ដោះលែងអ្នកទោសជនជាតិប៉ាឡេស្ទីនទាំងអស់។ ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រុមហាម៉ាស បានអះអាងថា ក្រុមរបស់ខ្លួនអាចមានកិច្ចចរចាដោយផ្នែកពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំង។ 
 
តាមការវិវឌ្ឍស្ថានការណ៍ចុងក្រោយ អាម៉េរិក បានបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទៅក្នុងតំបន់ ក្រោយបញ្ជូននាវាដឹកយន្តហោះចម្បាំងចំនួន ២គ្រឿង ទៅសមុទ្រមីឌីទែរ៉ាណេខាងកើត សមុទ្រក្រហម និងឈូងសមុទ្រពែក្សជាដើម៕ 
 

Tag:
 អុីស្រាអែល
  ហាម៉ាស
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com