កីឡាជាតិ
ជាតិ
សេនាគុនខ្មែរ៖ កីឡាករកម្ពុជា ឈ្នះទាំងអស់ ស្មើតែគូ ព្រំ សំណាង​-Dave Leduc ដែលប្រើលក្ខខណ្ឌ Masfight
06, Nov 2023 , 11:03 am        
រូបភាព
មិនមានកីឡាករកម្ពុជា រងបរាជ័យឡើយក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ ព្រឹត្តិការណ៍ សេនាគុនខ្មែរពិភពលោក។ ក្នុងចំណោមគូអន្តរជាតិទាំង៦គូ កីឡាករម្ចាស់ផ្ទះទទួលបានជ័យជម្នះទាំងអស់ លើកលែងតែជំនួបរវាង ព្រំ សំណាង​ និង Dave Leduc ដែលបញ្ចប់ក្នុងលទ្ធផលស្មើ។



ព្រឹត្តិការណ៍ សេនាគុនខ្មែរពិភពលោក បានធ្វើឱ្យកក្រើកនៅសង្វៀនថោន ដែលរៀបចំនៅបរិវេណផ្សារ ជីបម៉ុង២៧១ នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា។ ការប្រកួតលំដាប់អន្តរជាតិដែលមានវត្តមាន លោក ថោង ខុន លោក វ៉ាត់ ចំរើន លោក តែម ម៉ឺន និងអ្នកមុខអ្នកការជាច្រើនផងនោះ ទទួលបានអ្នកគាំទ្រផ្ទាល់ច្រើនលើសលុប និងតាមទស្សនាលើបណ្តាញសង្គមជិតកន្លះលាន។
 
កីឡាករកម្ពុជាល្បីឈ្មោះទាំង៦រូប រួមមាន ឈុត សេរីវណ្ណថង, បឺត សង្ឃឹម, ផល សោភ័ណ្ឌ, រឿង សោភ័ណ្ឌ, ធឿន ធារ៉ា និងព្រំ សំណាង បានស្វាគមន៍អ្នកប្រដាល់បរទេសមកពី៦សាសន៍ផ្សេងគ្នា។ យ៉ាងណាងក៏ដោយ ក្នុងចំណោម៦គូ គ្មានកីឡាករកម្ពុជា ចាញ់ឡើយ ដោយឈ្នះ៥ និងស្មើ១ ក្នុងនោះសន្លប់មានដល់ទៅ៤គូ។
 
គូបើកឆាកសេនាគុនខ្មែរពិភពលោក ឈុត សេរីវណ្ណថង បានវាយឱ្យកីឡាកររុស្ស៊ី ម៉ាហ្សូរី ហ្សារេហ្វ (MAZORIEV SHARIF) បោះបង់ការប្រកួតត្រឹមទឹក២ លើប្រភេទទម្ងន់៦០ គីឡូក្រាម មុនពេល បឺត សង្ឃឹម យកឈ្នះកីឡាករកៀហ្ស៊ីស៊ីស្ថាន ទីម័រ (TIMUR) ដោយពិន្ទុ។
 
ផល សោភ័ណ្ឌ, រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា ក៏សុទ្ធតែបានបញ្ចប់គូប្រជែងឱ្យបោះបង់ប្រកួតរៀងខ្លួនផងដែរ។ ផល សោភ័ណ្ឌ ដែលវាយលើប្រភេទទម្ងន់ ៦៥គីឡូក្រាម បានផ្តួលកីឡាករចិន លី តាន់តៅ (LI TIANTAO) ខូចដៃនៅត្រឹមទឹកទី២។ រឿង សោភ័ណ្ឌ បញ្ចប់កីឡាអេស្ប៉ាញ មីខេល ជេសស៊ូ (MIKEL JESUA) នៅត្រឹមទឹកទី១ប៉ុណ្ណោះ លើទម្ងន់ ៦៩ គីឡូក្រាម បន្ទាប់ពីវាយដៃគូបែកត្រង់លើជញ្ជើម ដែលត្រូវគ្រូពេទ្យបញ្ឈប់។
 
ធឿន ធារ៉ា បានផ្តល់មេរៀនដល់កីឡាករប្រេស៊ីល Daniel Torres ដែលម្ចាស់ខ្សែក្រវ៉ាត់ប្រដាល់ពិភពលោក សន្លប់ធំលើសង្វៀនសេនាគុនខ្មែរពិភពលោក នៅត្រឹមទឹក២ លើប្រភេទទម្ងន់ ៧២គីឡូក្រាម។
 
ដោយឡែកជំនួបគូឯកប្រចាំព្រឹត្តិការណ៍ ដែលជាការប្រកួតដើម្បីរឹតចំណងមិត្តភាពកម្ពុជា-មីយ៉ាន់ម៉ា រវាងព្រំ សំណាង និង Dave Leduc ដែលប្រកួតតែមួយទឹក រយៈពេល៩នាទី បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា។ លទ្ធផលស្មើនេះ អាជ្ញាកណ្តាល សម្រេចដោយយោងតាមលក្ខខណ្ឌ មួយទឹក៩នាទី (Masfight) មានន័យថា បើទោះកីឡការមីយ៉ាន់ម៉ា ដើមកំណើតកាណាដា មានប្រៀបលើកីឡាករកម្ពុជា ព្រំ សំណាង ក្តី ប៉ុន្តែកីឡាករទាំងពីរ តស៊ូគ្នារហូតដល់ចប់ទឹក ដោយគ្មានអ្នកសន្លប់។
 
លោក គឹម ស្រ៊ុនកុសល ដែលគេស្គាល់ថា Tommy Kim អ្នករៀបចំព្រឹត្តិការណ៍សេនាគុនខ្មែរពិភពលោក បង្ហាញក្តីរំភើបចំពោះការគាំទ្រកីឡាប្រដាល់គុខខ្មែរដ៏ច្រើនសន្ធឹកបែបនេះ។ 
 
នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយចប់ការប្រកួត អ្នករៀបចំកីឡាប្រដាល់ប្រចាំទូរទស្សន៍ថោនរូបនេះ បានសរសេររៀបរាប់ អរគុណអ្នកគាំទ្រប្រដាល់គុនខ្មែរទូទាំងប្រទេស​ ដែលបានជួយជ្រោមជ្រែងគាំទ្រកម្មវិធី​ សេនាគុនខ្មែរពិភពលោក​ អោយទទួលបាមជោគជ័យ​ ហួសពីការរំពឹងទុក​៕
 

Tag:
 ព្រំ សំណាង​-Dave Leduc
© រក្សាសិទ្ធិដោយ thmeythmey.com