អន្តរជាតិ
មេបាល់ទាត់ជប៉ុនថា ជារឿងសមហេតុផល​ដែល FFC បញ្ចប់​កិច្ចសន្យាលោក Saito
06, Nov 2023 , 12:06 pm        
រូបភាព
លោក Tashima Kohzo ប្រធាន​សមាគម​កីឡាបាល់ទាត់ជប៉ុន។ រូបថត JFA
លោក Tashima Kohzo ប្រធាន​សមាគម​កីឡាបាល់ទាត់ជប៉ុន។ រូបថត JFA
«មិន​បាន​សម្រេច​គោល​ដៅ​ទៅតាម​អ្វី​ដែល​ខ្លួន​បានសន្យា»។ នេះជា​ចំណុ​ចដែល លោក Tashima Kohzo ​ប្រធានសមាគម​បាល់ទាត់ជប៉ុន (JFA) យល់​ស្របតាម​ការ​លើកឡើង​របស់លោក សៅ សុខា សមភាគី​កម្ពុជា ក្នុង​លិខិត​ឆ្លើយ​ឆ្លង​គ្នា ពាក់ព័ន្ធ​នឹងការ​សម្រេច​បញ្ចប់​​កិច្ច​សន្យា​របស់​លោក Satoshi Saito ពីតំណែងនាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL)។

 
ក្នុងលិខិតផ្ញើ​ទៅ​កាន់​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) កាលពីថ្ងៃទី​៤ ខែ​វិច្ឆិកា លោក Tashima Kohzo បង្ហាញពីក្តីរីករាយដែលមានជនជាតិជប៉ុន ដូចជាលោក Satoshi Saito បំពេញការងារនៅក្នុងវិស័យបាល់ទាត់កម្ពុជា បន្ថែមពី​លើ​​អ្នក​បច្ចេកទេស និងក្រុមគ្រូបង្វឹកមួយចំនួន ដូចជា លោក Karakida Tetsu, លោក Ohara Kazunori, លោក Gyotoku Koji, លោក Inoue Kazunori។
 
តាម​ពិតទៅ JFA មិន​ពាក់ព័ន្ធទាក់ទង​នឹង​វត្តមាន​របស់​លោក Saito ក្នុង​ក្រុមហ៊ុន​ខេមបូ​ឌាន​ព្រីមៀរលីគនោះឡើយ ប៉ុន្តែ​លោក Kohzo បាន​រំលឹក​សាវតា​ថា អ្នក​ជំនាញជនជាតិ​ជប៉ុន​រូបនេះ ធ្លាប់​ធ្វើ​ការនៅ​ JFA និង AFC (សហព័ន្ធ​កីឡា​បាល់ទាត់អាស៊ី) ក្នុងផ្នែក​ទីផ្សារប៉ុណ្ណោះ ពោល​គឺមិនមែនផ្នែក​បច្ចេក​ទេសឡើយ។


 
«អ្វីដែលយើងដឹងពីមិត្តរួមការងាររបស់គាត់នៅ AFC គឺគាត់មិនបានសម្រេចការងារនូវអ្វីដែលគេបានរំពឹងទុកថាគាត់អាចធ្វើបាននៅក្នុងះអំឡុងពេលធ្វើការ ហើយ AFC បានសម្រេចបញ្ចប់បើកិច្ច​សន្យារបស់គាត់។ ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង ពេលដែលដឹងថាគាត់អះអាងថាគាត់ទទួលបានការគាំទ្រពីសំណាក់ JFA ប៉ុន្តែយើងមិនបានដឹងទាល់តែសោះ ថាគាត់ធ្វើការនៅលីគកំពូលកម្ពុជា ហើយគាត់ក៏មិនទទួលការគាំទ្រពី JFA ដែរ។»។ នេះបើតាមការបញ្ជាក់របស់លោក Kohzo ក្នុងលិខិតផ្ញើទៅប្រធាន FFC។
 
អ្វី​ដែល​ប្រធាន JFA លើកឡើងនោះ ជា​សារ​បង្ហាញពី​ការគាំទ្រ​ចំពោះ​ការសម្រេច​ចិត្ត​របស់ FFC លើ​ការបញ្ចប់កិច្ច​សន្យាលោក Satoshi Saito ដែល​តាមពិតទៅ កិច្ចសន្យា២​ឆ្នាំ​របស់គាត់ ត្រូវផុត​កំណត់​នៅខែធ្នូ ប៉ុន្តែ​ការបញ្ចប់កិច្ចសន្យាមុនពេលនេះ ក៏ត្រូវបានតំណាងក្រុមប្រឹក្សា CPL អះអាងថា ផ្តល់ពេលសម្រាប់លោកទៅដោះស្រាយបញ្ហាគ្រួសារនៅក្នុងប្រទេសអេស្ប៉ាញ។
 


ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​កិច្ចសន្យាអ្នកជំនាញជប៉ុន បង្កឱ្យមាន​រលកនៃការរិះគន់​ពី​បណ្តាអ្នក​ប្រើ​ប្រាស់បណ្តាញសង្គមមួយចំនួន​តូច ដោយ​អ្នកខ្លះ​ថា អ្នកដែលគួរចាកចេញ គឺ​គ្រូបង្វឹក្រុមជម្រើសជាតិ លោក Felix Dalmas ដែលមិនអាចនាំក្រុមឱ្យឈាន​បន្តក្នុងព្រឹត្តិការណ៍ជម្រុះ World Cup ហើយ​អ្នកខ្លះទៀត ថែមទាំងនិយា​យសំដៅចំៗ ដល់​លោក សៅ សុខា។
 
ជាការឆ្លើយ​តបនៅ​លើ​បណ្តាញសង្គម​ហ្វេសប៊ុក ប្រធាន FFC បាន​បំភ្លឺពីមូលហេតុ​មួយ​ចំនួនពាក់ព័ន្ធ​នឹង​ការមិនបន្តកិច្ចសន្យាជាមួយលោក Saito។ «គាត់បានសន្យាយើងក្នុងមួយ​រដូវកាលគាត់រកអ្នកឧបត្ថម្ភឲ្យបានយ៉ាងតិច ៣លាន​ដុល្លារសម្រាប់ការរៀបចំការប្រកួត CPL។ យើងត្រូវផ្តល់ប្រាក់ខែឲ្យគាត់រាប់សែនដុល្លារ មានន័យថាយើងជួលគាត់មកដោយសារយើងឃើញគាត់ជាជនជាតិជប៉ុនស្រាប់យើងជឿគាត់។ […] ដើម្បីមានលុយជួលគាត់យើងបង្កើតក្រុមហ៊ុន League ដោយបង្កើតភាគហ៊ុនម្ចាស់ភាគហ៊ុនជាច្រើនគឺជាម្ចាស់ក្លិប ដែលមានក្រុមលេងក្នុង CPL ផ្ទុយទៅវិញគាត់មិនអាចរកអ្នកឧបត្តម្ភបានតាមការសន្យា គាត់មកចាយលុយយើងដែលខ្ញុំផ្ទាល់ជាអ្នករកអ្នកឧបត្ថម្ភចាប់ពីឆ្នាំ ២០១៨ មកពីក្រុមហ៊ុនទូរសព្ទមិត្តហ្វូន៥០ម៉ឺន​ដុល្លារ មួយឆ្នាំ។ […]។»។
 
ការបញ្ចប់រវាង CPL ជាមួយនឹងលោក Saito កាលពីថ្ងៃទី​៣១ ខែតុលា ត្រូវបានតំណាងក្រុមប្រឹក្សាភិបាលលីគកំពូលលោក សុខា រ៉ានាថ បញ្ជាក់ថា ក្រុមហ៊ុនលីគមានគម្រោងរុះរើ និងកំណែទម្រង់លីគជាថ្មី ព្រមទាំងការជ្រើសរើស CEO ថ្មី មកដឹកនាំក្នុងរយៈពេលយូតែម្តង៕
 

Tag:
 JFA
  ជប៉ុន
  សៅ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com