ជាតិ
នាយករដ្ឋមន្រ្តី ប្រាប់ឱ្យក្រសួងកសិកម្ម ធ្វើពិពិធកម្ម និងផលិតស្បៀងអាហារ ដែលសម្បូរសារជាតិចិញ្ចឹម
06, Nov 2023 , 2:12 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យមន្ត្រីយកចិត្តទុកដាក់លើប្រព័ន្ធស្បៀងអាហារ ពិសេសគឺការបន្តស្រាវជ្រាវរកដំណាំ និងសត្វណាដែលធន់នឹងការប្រែប្រួលអាកាសធាតុ។ នេះបើតាមសារលិខិតរបស់សម្ដេច ហ៊ុន ម៉ាណែត នៅក្នុងទិវាជាតិអាហារូបត្ថម្ភ លើកទី១០ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» ។

 
សម្ដេច ហ៊ុន ម៉ាណែត កត់សម្គាល់ឃើញ ប្រទេសមួយចំនួនក្នុងពិភពលោក កំពុងប្រឈមនឹងបញ្ហាអសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ ខណៈកម្ពុជាជៀសផុតពីវិបត្តិស្បៀងអាហារនេះ ហើយថែមទាំងចាប់យកឱកាសនេះ ដើម្បីពង្រឹងប្រព័ន្ធស្បៀង សម្រាប់នាំចេញ។ 
 
ហេតុនេះ នៅទិវាជាតិអាហារូបត្ថម្ភលើកទី១០ «ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» នាយករដ្ឋមន្ត្រី ណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តពង្រឹង និងពង្រីកការស្រាវជ្រាវ រកគ្រាប់ពូជដំណាំ និងពូជសត្វ ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងផ្ដោតលើការធ្វើពិពិធកម្មកសិកម្ម ផលិតកម្មស្បៀងអាហារ ដែលសម្បូរសារជាតិចិញ្ចឹម ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់ប្រជាជន។ លើសពីនេះ ត្រូវផ្សព្វផ្សាយពីអ្វីដែលបានស្រាវជ្រាវរកឃើញ។ 
 
អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញឱ្យពលរដ្ឋដាំដុះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ សហគមន៍ តាមសាលារៀន ដើម្បីបង្កើនស្បៀងឱ្យបានគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន។ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងប្រព័ន្ធស្បៀង សុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានទៅដល់កន្លែងបរិភោគ ត្រូវសហការនិងផ្ដល់ព័ត៌មានឱ្យគ្នា ដើម្បីកាត់បន្ថយការបាត់បង់ស្បៀងអាហារ និងខ្ជះខ្ជាយម្ហូបអាហារ សម្រាប់គ្រប់គ្រងហានិភ័យនានា។ នេះជាការណែនាំរបស់ សម្ដេច ហ៊ុន ម៉ាណែត។
 
រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន តែងរៀបចំទិវាជាតិ អាហារូបត្ថម្ភ រាល់ថ្ងៃទី ៦វិច្ឆិកា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សាព្វផ្សាយ  អប់រំ និងលើកម្ពស់ការយល់ដឹងជាសាធារណៈ ឱ្យបានទូលំទូលាយពីសារៈសំខាន់ នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្ស បង្កើតប្រសិទ្ធិភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម៕

Tag:
 អាហាររូបបត្ថម្ភ
  ស្បៀងអាហារ
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com