អន្តរជាតិ
លោកហ្សេលេនស្គីអញ្ជើញលោកត្រាំទៅទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីពន្យល់ពីស្ថានភាពសង្រ្គាម
06, Nov 2023 , 3:21 pm        
រូបភាព
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន (ឆ្វេង) និងលោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន (ឆ្វេង) និងលោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន អញ្ជើញលោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក ទៅទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីពន្យល់ពីស្ថានភាពសង្រ្គាមដែលអ៊ុយក្រែន កំពុងមានជាមួយរុស្ស៊ី។ សំណើអញ្ជើញនេះ ធ្វើឡើងក្រោយលោកត្រាំ បានប្រកាសថា លោកអាចដោះស្រាយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ត្រឹមរយៈពេល ២៤ម៉ោង ប្រសិនបើលោកក្លាយជាប្រធានាធិបតីអាម៉េរិកជាថ្មី។

 
ក្នុងកម្មវិធីជួបជាមួយអ្នកសារព័ត៌មានរបស់សារព័ត៌មាន NBC នៅក្នុងខែកញ្ញាកន្លងទៅ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក បានលើកឡើងថា លោក អាចដោះស្រាយសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី ត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកជាថ្មី។ បើតាមលោកត្រាំ លោកនឹងធ្វើឱ្យមានកិច្ចព្រមព្រៀងដ៏សមស្របមួយសម្រាប់ភាគីទាំងពីរ។ 
 
២ខែក្រោយការលើកឡើងរបស់លោកត្រាំ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន NBC ដដែល បានអះអាងថា លោកបានអញ្ជើញលោកត្រាំឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន។ ត្រង់ចំណុចនេះ មេដឹកនាំអ៊ុយក្រែន បានបញ្ជាក់ថា លោកត្រូវការរយៈពេលត្រឹម ២៤នាទីប៉ុណ្ណោះ ដើម្បីពន្យល់អតីតមេដឹកនាំអាម៉េរិកពីហេតុផល ដែលមិនអាចបញ្ចប់សង្រ្គាមបានត្រឹមរយៈពេល ២៤ម៉ោង។ 
 
«ប្រសិនបើគាត់ (លោក ដូណាល់ ត្រាំ) ទៅអ៊ុយក្រែន ខ្ញុំនឹងត្រូវតែ២៤នាទីប៉ុណ្ណោះ។ ពិតណាស់ ២៤នាទី»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៥ ខែវិច្ឆិកា ដោយបន្តថា លោកត្រាំ មិនអាចនាំសន្តិភាពឱ្យអ៊ុយក្រែនបានឡើយ ដោយសារតែលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ 
 
បន្ថែមពីនេះ មេដឹកនាំអ៊ុយក្រែន បានបន្ថែមថា លោកមិនមានទំនាក់ទំនងជាមួយលោកត្រាំឡើយ ចាប់តាំងពីលោកបញ្ចប់អាណត្តិនៅក្នុងខែមករា ឆ្នាំ២០២១កន្លងទៅ។ ជាងរយៈពេល ១ឆ្នាំហើយ ដែលរុស្ស៊ីបន្តឈ្លានពាន និងវាយប្រហារលើអ៊ុយក្រែន ក្រោមហេតុផលជួយប្រជាជនរុស្ស៊ី។ មកទល់ពេលនេះ ភាគីទាំងពីរនៅតែមិនទាន់ចូលតុចរចាឡើយ ដោយសារតែមិនឯកភាពគ្នាលើចំណុចជាច្រើន រួមទាំងការដកទ័ពចេញពីដែនដីអ៊ុយក្រែនផង។ 
 
ជាការពិត ប្រធានាធិបតីអ៊ុយក្រែន បានទទួលស្គាល់ថា ការគាំទ្រអ៊ុយក្រែន មិនមែនបានមកតែពីមេដឹកនាំអាម៉េរិក ឬអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាស្រ័យលើប្រជាជនអាម៉េរិក និងអឺរ៉ុបផងដែរ ដោយសារតែប្រជាជនអាម៉េរិក និងអឺរ៉ុប ជាអ្នកផ្តល់លុយ និងការគាំទ្រ។ 
 
លោកត្រាំ ជាបេក្ខជននាំមុខម្នាក់របស់បក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅក្នុងឆ្នាំ២០២៤ ខាងមុខ។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោកត្រាំ មិនធ្លាប់បំពេញទស្សនកិច្ចនៅអ៊ុយក្រែនឡើយ ខណៈបេក្ខជនប្រជែងតំណែងប្រធានាធិបតីអាម៉េរិករបស់បក្សសាធារណរដ្ឋដូចជាលោក Chris Christie និងលោក Mike Pence ជាដើម បានទៅអ៊ុយក្រែន។ ពេលនេះ លោក Pence បានផ្អាកយុទ្ធនាការក្នុងការបោះឆ្នោតឆ្នាំ២០២៤ ហើយ៕ 
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com