កីឡាអន្តរជាតិ
អន្តរជាតិ
ឃើញ Spurs ធ្វើបានល្អ អតីតគ្រូ Pochettino សរសើរការដឹកនាំរបស់ប្រធានក្លិប Levy
06, Nov 2023 , 7:39 pm        
រូបភាព
លោក Mauricio Pochettino គ្រូបង្វឹកតោខៀវ Chelsea សរសើរប្រធានក្លិប Tottenham Hotspur លោក Daniel Levy ដែលដឹកនាំក្លិបយ៉ាងល្អខ្លាំងនៅរដូវកាលថ្មីនេះ ស្របពេល Spurs ស្ថិតនៅលើកំពូលតារាងក្របខណ្ឌ Premier League។ Pochettino សរសើរអតីតក្រុមខ្លួន មុនជំនួបប្រកួតរវាង Chelsea ទល់និង Spurs នៅរាត្រីថ្ងៃទី៦ ខែវិច្ឆិកា។



បុរសវ័យ ៥១ឆ្នាំ ជាអតីតអ្នកចាត់ការក្រុម Spurs ដោយលោកធ្លាប់បានដឹកនាំក្រុមស្ថិតក្នុងទីក្រុងឡុងដ៍ឈានជើងឡើងដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅក្នុងឆ្នាំ ២០១៩ មុនពេលត្រូវបានក្លិបបណ្តេញចេញ នៅរយៈពេល ៥ខែ ក្រោយ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានដឹកនាំ Spurs តាំងពីរដូវកាល ២០១៤-១៥ មកម្ល៉េះ ក្រោយពេលលោកបានជួយក្រុម Southampton ឡើងឈរចំណាត់ថ្នាក់លេខ​ ៨ ក្នុងលីគកំពូលក្នុងរដូវកាល ២០១៣-១៤។
 
Chelsea ត្រូវធ្វើដំណើរទៅកាន់ទឹកដីកីឡដ្ឋាន Tottenham Hotspur នាថ្ងៃទី៦ ខែវិច្ឆិកា ដើម្បីប្រជែងគ្នានៅក្នុងក្របខណ្ឌ Premier League។ គ្រូសញ្ជាតិអាហ្សង់ទីន​ថាមិនបារម្ភ អំពីការវិលត្រឡប់ទៅកាន់អតីតផ្ទះរបស់ខ្លួន និងមិនបារម្ភចំពោះមុខអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ។
  


«ខ្ញុំនឹងទទួលយកគ្រប់បែបយ៉ាង នូវអ្វីដែលពួកគេនឹងបង្ហាញ។ សម្រាប់លោក Levy យើងទាំងពីរមានទំនាក់ទំនងល្អ ហើយលោកក៏បានផ្ញើសារមកខ្ញុំពេលដែលខ្ញុំចូលរួមជាមួយ Chelsea។ លោកបានជូនពរខ្ញុំ និងគ្រប់គ្នាមានសំនាងល្អ […] ​លោក Levy បានធ្វើនូវរឿងរ៉ាវដ៏អស្ចារ្យសម្រាប់ក្លិប​ Tottenham ព្រមទាំងអ្នកគាំទ្រ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយមកនេះក្លិបមានការប្រែប្រួលយ៉ាងខ្លាំង។»។ លោក Pochettino និយាយបែបនេះមុនការប្រកួតទល់នឹងក្រុម Tottenham Hotspur។ 
 
ការវិលត្រឡប់ទៅកាន់ទឹកដីចាស់ Pochettino អះអាងអំពីការចាកចេញរបស់ខ្លួនពីក្រុម​ Spurs ដែលកំពុងតែមានទម្រង់លេងល្អពេលបច្ចុប្បន្នថា ត្រូវបានក្លិបបណ្តេញចេញ មិនមែនជាការសម្រេចចិត្តចង់ចេញដោយឯកឯងឡើយ។ 
 
គ្រូបង្វឹកវ័យ ៥១ឆ្នាំ អះអាងអំពីការត្រូវបានក្លិបបណ្តេញចេញដូច្នេះថា ៖ « ខ្ញុំមិនបានសម្រេចចិត្តចាកចេញទេ យើងចែកផ្លូវគ្នាព្រោះតែខ្ញុំត្រូវបានដេញចេញ តែវាមិនមែនជារឿងត្រូវរិះគន់ក្លិបទេ វាខុសគ្នាយើងមិនបានសម្រេចចិត្តចាកចេញ ប្រហែលជាយើងអាចនឹងត្រឡប់ទៅទីនោះ។»។
 
អំឡុងពេលមានឥទ្ធិពលនៅ ​Spurs អតីតគ្រូក្រុម Paris Saint Germain បានជួយដល់ក្រុម Spurs ឱ្យស្ថិតនៅចំណាត់ថ្នាក់ក្នុងចំណោមលេខ ៥​ នៅរដូវកាល ២០១៤-១៥, ចំណាត់ថ្នាក់លេខ ៣ រដូវកាល ២០១៥-១៦, លេខ ២ រដូវកាល ២០១៦-១៧, លេខ ៣ រដូវកាល ២០១៧-១៨ និងលេខ ៤ រដូវកាល ២០១៨-១៩ ហើយវគ្គផ្តាច់ព្រ័ត្រ UCL ចាញ់ក្រុម Liverpool ២-០។
 
ក្នុងរដូវកាល ២០១៩-២០ ក្រុមជួបបញ្ហានៅដើមរដូវកាលដោយលេងបានចំណាត់ថ្នាក់ ១៤ ហើយ Pochettino ត្រូវដេញចេញ ជំនួសដោយលោក Jose Mourinho។ 
 
រយៈពេលដឹកនាំ ៥ រដូវកាល និងទំនាក់ទំនងការងាររវាង Pochettino ជាមួយលោក Levy ក្រុម Spurs ជាក្រុមដែលប្រជែងពានរង្វាន់ក្របខណ្ឌ Premier League មិនតែប៉ុណ្ណោះក៏ប្រជែងទាំងពានរង្វាន់ Champions League ហើយក៏ជម្នះការកសាងកីឡដ្ឋានតម្លៃ ១ពាន់លានផោន (១,២៤ពាន់លានដុល្លារ)បានជោគជ័យថែមទៀត៕

Tag:
 Mauricio Pochettino
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com