សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ការ​នាំ​ចេញ​សាច់​គោ Wagyu ​មក​កម្ពុជា​ធ្លាក់​ចុះ ខណៈអាជ្ញាធរជប៉ុនបង្រ្កាបការរត់ពន្ធ
06, Nov 2023 , 8:59 pm        
រូបភាព
រូបភាព ៖ Reuters
រូបភាព ៖ Reuters
ការនាំចេញសាច់គោជប៉ុន Wagyu មកកម្ពុជាដែលជាទីផ្សារនាំចេញដ៏ធំបំផុត បានធ្លាក់ចុះយ៉ាងខ្លាំង ស្របពេលមានការបង្រ្កាបកាន់តែខ្លាំង ពីអាជ្ញាធរជប៉ុនលើការរត់ពន្ធ។ បរិមាណនៃការនាំចេញសាច់គោជប៉ុន Wagyu មកកាន់កម្ពុជាបានធ្លាក់ចុះ ៦០ភាគរយក្នុងរយៈពេល៨ខែឆ្នាំនេះ បើធៀបជាមួយនឹងកម្រិតខ្ពស់បំផុត ក្នុងរយៈពេលដូចគ្នា នៅឆ្នាំ ២០២១។

 
យោងតាមតួលេខពាណិជ្ជកម្មដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុជប៉ុន ការនាំចេញសាច់គោសរុបរបស់ប្រទេសនេះមានចំនួនសរុប ៥០៣០តោនក្នុងអំឡុងខែមករាដល់ខែសីហានៃឆ្នាំនេះ កើនឡើង ១៥ភាគរយធៀបនឹងឆ្នាំមុន។
 
ការ​នាំ​ចេញ​ទៅ​កាន់​ទីក្រុង​ហុងកុង តៃវ៉ាន់ អាម៉េរិក និង​កន្លែង​ផ្សេង​ទៀត​បាន​កើន​ឡើង ដោយសារ​ប្រាក់​យ៉េន​ចុះ​ខ្សោយ។ ប៉ុន្តែការនាំចេញមកកម្ពុជា ដែលជាទីផ្សារដ៏ធំបំផុត សម្រាប់សាច់គោ wagyu ចន្លោះឆ្នាំ ២០១៩ និង ២០២១ នៅតែជាប់គាំងនៅក្នុងភាពស្រពិចស្រពិល ដោយធ្វើឱ្យនិន្នាការទាំងមូលធ្លាក់ចុះ។
 
ការនាំចេញទៅមកកម្ពុជាមានចំនួន ១៣៨៤តោន ក្នុងកំឡុងខែមករា ដល់ខែសីហា ឆ្នាំ២០២១ ដែលជាចំនួនខ្ពស់បំផុត ស្មើនឹង ២៩ភាគរយនៃការនាំចេញសាច់គោសរុបរបស់ជប៉ុនទៅក្រៅប្រទេស។
 
ប៉ុន្តែបរិមាណនៃការដឹកជញ្ជូនសាច់គោមកកម្ពុជា ចាប់តាំងពីពេលនោះ មកបានធ្លាក់ចុះយ៉ាងគំហុគ ដោយបានធ្លាក់ចុះមកត្រឹម ៤៥៨តោនក្នុងរយៈពេល៨ខែឆ្នាំ២០២២ និង ៥៧៨តោនក្នុងរយៈពេល៨ខែដូចគ្នាឆ្នាំ ២០២៣ ។
 
បើតាមសារព័ត៌មានជប៉ុន Nikkei កម្ពុជាត្រូវបានស្គាល់ជាសាធារណៈថា ជាផ្លូវរត់ពន្ធទៅកាន់ចិន ដែលបានដាក់បម្រាមលើការនាំចូលសាច់គោពីជប៉ុនក្នុងខែកញ្ញា ឆ្នាំ២០០១ បន្ទាប់ពីករណីដំបូងនៃជំងឺគោឆ្កួតរបស់ជប៉ុន ដែលគេស្គាល់ជាផ្លូវការថា ជាជំងឺរលាកខួរក្បាល។ 
 
ជា​ផ្លូវការ​មិន​មាន​ការ​នាំ​ចេញ​សាច់​គោ​ពី​​ជប៉ុន​ទៅ​កាន់​ចិន​ទេ​ ចាប់​តាំង​ពី​ពេល​នោះ​មក។ ប្រភព​រដ្ឋាភិបាល​ជប៉ុន​បាន​ពន្យល់​ថា ៖«​សាច់គោ​ Wagyu ​នាំចេញ​ពី​ជប៉ុន​មក​កម្ពុជា​បាន​និង​កំពុង​ហូរ​ចូល​ប្រទេស​ចិន​ ​»​។
 
រដ្ឋាភិបាល​ជប៉ុន ​បាន​លើក​ទឹកចិត្ត​ការ​នាំ​ចេញ​សាច់​គោ wagyu ស្រប​ពេល​ទីផ្សារ​ក្នុង​ស្រុក​ធ្លាក់​ចុះ។ ដោយសារលក្ខខណ្ឌនៃការទទួលយកការនាំចូលរបស់កម្ពុជាមានភាពធូររលុង ការនាំចេញរបស់ជប៉ុនទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងគួរឲ្យកត់សម្គាល់ ។ 
 
មូលហេតុដ៏ធំបំផុតសម្រាប់ការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញសាច់គោ wagyu មកកាន់កម្ពុជា ដោយសារតែមានការបង្រ្កាបដ៏តឹងរ៉ឹងពីអាជ្ញាធរ លើការនាំចេញមិនស្របទៅបរទេស។ 
 
បើតាមការចុះផ្សាយរបស់ Nikkie នៅថ្ងៃទី៥ ខែវិច្ឆិកា អ្នកដែលក្លែងបន្លំគោលដៅនាំចេញសាច់គោជប៉ុនមកកម្ពុជា ហើយបន្តទៅចិន ត្រូវបានចាប់ខ្លួន កាលពីដើមឆ្នាំនេះ។ ចាប់តាំងពីមុនពេលចាប់ខ្លួន អ្នកចូលរួមទីផ្សារ បាននិយាយថា អាជ្ញាធរកំពុងពង្រឹងការឃ្លាំមើលលើការនាំចេញសាច់គោមកកម្ពុជា ដោយសារប្រតិបត្តិការកើនឡើងលើសកម្រិត។
 
ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ចិន ​ក៏​ត្រូវ​បាន​គេ​ជឿ​ថា​ បាន​ជំរុញ​ឱ្យ​មាន​ចំណាត់​ការ​របស់​ក្រុមហ៊ុន​នាំ​ចេញ​សាច់​គោ​ជប៉ុន​ ក្នុង​ការ​បង្វែរ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស ​និង​តំបន់​ផ្សេង​ទៀត​ក្រៅពី​កម្ពុជា។
 
ក្នុងរយៈពេល៨ខែនៃឆ្នាំនេះ ការនាំចេញសាច់គោរបស់ជប៉ុនទៅកាន់អាម៉េរិកបានកើនឡើង ១៣ភាគរយធៀបនឹងឆ្នាំមុនដល់ទៅ ៧៧៩តោន ហើយផលិតផលទាំងនោះ ទៅតៃវ៉ាន់ក៏កើនឡើង ៣៧ភាគរយដល់ ៩៥១តោន។ ការ​នាំ​ចេញ​ទៅ​ម៉ាកាវ​ក៏​បាន​កើន​ឡើង​ពី ៩០ភាគរយ​ដល់ ១០៣តោន។ 
 
គួរបញ្ជាក់ថា សាច់គោ Wagyu ត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន ៤៤​ នៅ៨ខែឆ្នាំនេះ។ ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ ២០១៣ សាច់គោ Wagyu ត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន ១៣ប៉ុណ្ណោះ៕ 

Tag:
 ជប៉ុន
  Wagyu
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com