សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បន្តរឹតបន្តឹងការផ្គត់ផ្គង់ប្រេង
06, Nov 2023 , 5:11 pm        
រូបភាព
រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman និងប្រធានាធិបតីរុស្ស៊ី វ៉្លឌីមៀ ពូទីន ។  រូបភាព​  ៖ AFP
រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman និងប្រធានាធិបតីរុស្ស៊ី វ៉្លឌីមៀ ពូទីន ។ រូបភាព​ ៖ AFP
ប្រទេសនាំចេញប្រេងធំៗពីររបស់ពិភពលោកគឺរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតបានប្រកាសបន្តស្ម័គ្រចិត្តកាត់បន្ថយការផលិតប្រេងរហូតដល់ដំណាច់ឆ្នាំនេះ។

 
ក្រសួងថាមពលអារ៉ាប៊ីសាអូឌីតបានប្រកាសថា ប្រទេសនេះនៅតែកាត់បន្ថយការផលិតប្រេង ១លានបារ៉ែលក្នុងមួយថ្ងៃ ដោយរក្សាការផលិតប្រមាណតែ ៩លានបារ៉ែលក្នុងមួយថ្ងៃតែប៉ុណ្ណោះរហូតដល់ដំណាច់ឆ្នាំ ២០២៣។  ការធ្វើបែបនេះ ដោយព្រួយបារម្ភអំពីតម្រូវការនិងកំណើនសេដ្ឋកិច្ចដែលដាក់សម្ពាធលើទីផ្សារប្រេងឆៅ។
 
ទន្ទឹមនេះ អារ៉ាប៊ីសាអូឌីត នឹងពិនិត្យលើច្រវាក់ផលិតកម្មបន្ថែមនៅខែក្រោយ និងពិចារណាលើការបន្តកាត់បន្ថយប្រេង កាត់បន្ថយប្រេងបន្ថែម ឬបង្កើនច្រវាក់ផលិតកម្ម។ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Saudi Press Agency។ 
 
ទន្ទឹមនេះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak ក៏បានប្រកាសកាត់បន្ថយការនាំចេញប្រេងឆៅ និងផលិតផលប្រេងចំនួន ៣០០ពាន់បារ៉ែលក្នុងមួយថ្ងៃផងដែរ។ រុស្ស៊ី​បាន​រក្សា​ជំហរ​នេះ​តាំង​ពី​ខែ​សីហាមកម៉្លេះ ។
 
បើតាមសារព័ត៌មាន Reuters ការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្តនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ OPEC+ (អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន) ដើម្បីគាំទ្រដល់ស្ថិរភាព និងតុល្យភាពនៃទីផ្សារប្រេង។
 
មួយឆ្នាំកន្លងទៅ OPEC+ បាន​រក្សា​ការ​កាត់​បន្ថយ​ផលិតកម្មប្រេង​ដើម្បី​គាំទ្រ​ទីផ្សារ។ នៅខែតុលាឆ្នាំ២០២២ អង្គការ OPEC + បានប្រកាសពីការកាត់បន្ថយផលិតកម្មចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាចំនួនដ៏ច្រើនបំផុតចាប់តាំងពីជំងឺកូវីដ-១៩ បានរាលដាលពេសពេញពិភពលោក។ 
 
កាលពីខែឧសភា អារ៉ាប៊ីសាអូឌីតបាននាំមុខគេ ក្នុងការប្រកាសកាត់បន្ថយការស្ម័គ្រចិត្តបន្ថែម ១លានបារ៉ែលក្នុងមួយថ្ងៃ។ នៅខែកក្កដាប្រទេសនេះបានកាត់បន្ថយការផលិត ១ លានបារ៉ែលបន្ថែមទៀត។ ចាប់តាំងពីខែមេសា រុស្ស៊ីក៏បានកាត់បន្ថយការផលិតចំនួន ៥០០ពាន់ធុងក្នុងមួយថ្ងៃ។
 
យោងតាមការគណនាដោយក្រុមហ៊ុនប្រឹក្សា Energy Aspects គោលនយោបាយរឹតបន្តឹងការផ្គត់ផ្គង់ប្រេងបានជួយរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត រកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារពីការលក់ប្រេងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ មូលហេតុ​គឺ​ដោយសារ​ការ​ឡើង​ថ្លៃ​ប្រេង​គ្រប់គ្រាន់​ដើម្បី​ប៉ះប៉ូវ​ការ​ថយ​ចុះ​នៃ​បរិមាណ​នាំ​ចេញ។
 
នៅឆ្នាំនេះតម្លៃប្រេង Brent បានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំមក ដែលមានតម្លៃ៩៨ ដុល្លារក្នុងមួយបារ៉ែល។ យ៉ាងណាមិញ គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា តម្លៃប្រេងមានត្រឹមតែ ៨៥ដុល្លារប៉ុណ្ណោះ បើទោះបីជាជម្លោះកំពុងបន្តនៅមជ្ឈិមបូព៌ាក៏ដោយ៕ 
 

Tag:
 រុស្ស៊ី
  អារ៉ាប៊ីសាអូឌីត
  ប្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com