កីឡាជាតិ
ជាតិ
ស្វាយរៀង ឈ្នះទាំង១០ប្រកួត កើនគម្លាតនាំមុខភ្នំពេញក្រោន ៨ពិន្ទុ
06, Nov 2023 , 5:23 pm        
រូបភាព
សមាជិកក្រុមស្វាយរៀង ឱបមិន រតនៈ ដែលរកបានគ្រាប់ជ័យជម្នះនៅចុងម៉ោង។ រូបភាព CPL
សមាជិកក្រុមស្វាយរៀង ឱបមិន រតនៈ ដែលរកបានគ្រាប់ជ័យជម្នះនៅចុងម៉ោង។ រូបភាព CPL
១គ្រាប់ចុងម៉ោងដែលរកបានដោយ មិន រតនៈ បានជួយព្រះខ័នរាជស្វាយរៀងឈ្នះក្រុមទ័ព Tiffy Army លទ្ធផល ១-០ ក្នុងការប្រកួតខេមបូឌាព្រីមៀរលីគ (CPL) សប្តាហ៍ទី១០។  ជ័យជម្នះលើកទី១០ជាប់គ្នានេះ បានជួយក្រុមមានមូលដ្ឋានក្នុងខេត្តស្វាយរៀង កើនគម្លាតពិន្ទុ ពីក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនចំនួន៨ពិន្ទុ។


ខ្សែបម្រើ មិន រតនៈ បានក្លាយជាវីរបុរស ក្នុងការជួយស្វាយរៀងបន្តរកបាន៣ពិន្ទុបន្ថែម ក្នុងជំនួបលីគសប្តាហ៍ទី១០ នៅថ្ងៃទី៥ ខែវិច្ឆិកា។ នៅកីឡដ្ឋានខេត្តស្វាយរៀង រតនៈ ដែលជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួត (Man of the match) ជាអ្នកបច្ចប់ទីក្រុមភ្ញៀវ Tiffy Army នៅនាទី៩០+ទៅហើយ។
 
១គ្រាប់របស់សមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះ បានជួយស្វាយរៀងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Pep Muñoz ឈ្នះទាំង១០ប្រកួតជាប់គ្នាតែម្តងនៅរដូវកាល ២០២៣-២៤ នេះ។ ស្វាយរៀង រកបាន៣០ពិន្ទុពេញ ឈរកំពូលតារាង CPL បណ្តោះអាសន្ន ដោយនាំមុខក្រុមលេខ២ភ្នំពេញក្រោន ចំនួន៨ពិន្ទុ។
 
នៅជំនួបសប្តាហ៍ទី១០ ម្ចាស់ការពារជើងឯកភ្នំពេញក្រោន ស្មើបឹងកេត ក្នុងលទ្ធផលប្រទាំងប្រទើស ៥-៥។ ១០គ្រាប់ កើតឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលប្រើពេលប្រកួតជាង១០០នាទី សម្រេចបានដោយ ម៉ាត់ នូរុន ៤គ្រាប់ម្នាក់ឯង​ និង ចាន់ វឌ្ឍនាការ១គ្រាប់សម្រាប់បឹងកេត ស្របពេល លឹម ពិសុទ្ធ រកបាន២គ្រាប់ Roldao Denilson, Shimizu Shintaro Rafael Andres Nieto ម្នាក់មួយគ្រាប់។
 
អង្គរថាយហ្គឺរ រកបានជ័យជម្នះលើកទី២ លើក្រុម អាយ អេស អាយ ដង្កោសែនជ័យ ក្នុងលទ្ធផល២-១​ ស្របពេលក្រុមបាតតារាងគិរីវង់សុខសែនជ័យ ចាញ់វិសាខា ២-០។ ណាហ្គាវើលដ៍ មានបញ្ហាទម្រង់លេងយ៉ាងខ្លាំង ដោយចាញ់ព្រៃវែងយ៉ាងអាម៉ាស់ ក្នុងលទ្ធផល ៤-០។
 
ក្រោយការប្រកួត១០លើក នៅជុំទី២ ស្វាយរៀងឈរលេខ១បណ្តោះអាសន្ន មាន៣០ពិន្ទុពេញ តាមពីក្រោយដោយភ្នំពេញក្រោនមាន២២ពិន្ទុ និងលេខ៣វិសាខា មាន២១ពិន្ទុ។ បឹងកេត រកបាន១៤ពិន្ទុ ឈរលេខ៤ ស្របពេល ព្រៃវែង នៅលេខ៥ មាន១៣ពិន្ទុ ស្មើ ដង្កោសែនជ័យដែលឈរលេខ៦។ Tiffy Army លេខ៧ មាន១០ពិន្ទុ ណាហ្គាវើលដ៍ រកបាន៩ពិន្ទុ ឈរលេខ៨ ស្របពេល អង្គរថាយហ្គឺរនៅលេខ៩ មាន៧ពិន្ទុ និងក្រុមបាតតារាងគិរីវង់ រកបាន៥ពិន្ទុ៕
 

Tag:
 មិន រតនៈ
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com