អន្តរជាតិ
ហ្វីលីពីនសង្ឃឹមថានឹងមានកិច្ចព្រមព្រៀងបញ្ជូនទ័ពទៅវិញទៅមកជាមួយជប៉ុនក្នុងពេលឆាប់ៗ
07, Nov 2023 , 7:59 am        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វីមីអូ (ឆ្វេង) ជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.។ រូបភាពការិយាល័យទំនាក់ទំនងប្រធានាធិបតីហ្វីលីពីន
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វីមីអូ (ឆ្វេង) ជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.។ រូបភាពការិយាល័យទំនាក់ទំនងប្រធានាធិបតីហ្វីលីពីន
រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro នៅថ្ងៃទី៦ ខែវិច្ឆិកា បានបង្ហាញក្តីសង្ឃឹមថា កិច្ចព្រមព្រៀងបញ្ជូនកម្លាំងទ័ពទៅវិញទៅមកជាមួយជប៉ុន អាចនឹងចុះហត្ថលេខាក្នុងពេលឆាប់ៗតាមដែលអាចធ្វើបាន។



មេដឹកនាំជប៉ុន និងហ្វីលីពីននៅថ្ងៃទី៣ ខែវិច្ឆិកា បានព្រមព្រៀងគ្នាចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យប្រទេសទាំង២ បញ្ជូនកងទ័ព ទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងស្របពេលហ្វីលីពីន កំពុងមានភាពតានតឹងជាមួយចិន នៅសមុទ្រចិនខាងត្បូង។ 
 
ក្រោយការឯកភាពខាងលើ ប្រមុខការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានបង្ហាញក្តីសង្ឃឹមថា កិច្ចព្រមព្រៀងបញ្ជូនទ័ពទៅវិញទៅមក អាចនឹងចុះហត្ថលេខាឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។ 
 
«យើងរំពឹងធ្វើការលើកិច្ចព្រមព្រៀងបញ្ជូនទ័ពទៅវិញទៅមកជាមួយប្រទេសទាំងពីរ ដោយភ្ជាប់ជាមួយការប្តេជ្ញារបស់រដ្ឋាភិបាលជប៉ុន និងហ្វីលីពីន ក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិ និងច្បាប់អន្តរជាតិ»។ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៦ ខែវិច្ឆិកា ដោយបន្តថា នៅពេលកិច្ចព្រមព្រៀងបញ្ជូនទ័ពទៅវិញទៅមក ត្រូវបានចុះហត្ថលេខា វានឹងត្រូវដាក់ទៅសភាហ្វីលីពីន និងជប៉ុន ដើម្បីផ្តល់សច្ចាប័ន។ 
 
កិច្ចចរចាលើកិច្ចព្រមព្រៀងបញ្ជូនទ័ពទៅវិញទៅមក នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀតរវាងរដ្ឋាភិបាលក្រុងម៉ានីល និងក្រុងតូក្យូ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ក្រុងវ៉ាស៊ីនតោន។ កន្លងមក ហ្វីលីពីនមានកិច្ចព្រមព្រៀងបែបនេះ តែជាមួយអាម៉េរិកជាមួយគត់៕ 
 

Tag:
 ហ្វីលីពីន
  ជប៉ុន
  អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com