សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃ៖ផ្លូវដឹកជញ្ជូនថ្មីនឹងលេចរូបរាងឡើងជំនួសព្រែកជីកក្រា
07, Nov 2023 , 9:09 am        
រូបភាព
រូបភាព ៖ Thailand
រូបភាព ៖ Thailand 's Ministry of Transport
ផែនការសាងសង់ថ្លូវដឹកជញ្ជូនថ្មីជំនួសព្រែកជីកក្រា ដែលមានប្រវែង ៩០គីឡូម៉ែត្រ ឆ្លងកាត់តំបន់ភាគខាងត្បូងថៃ ត្រូវបានលោក សេដ្ឋា ថាវីស៊ីន ប្តេជ្ញាធ្វើឲ្យលេចជារូបរាងឡើង នៅក្នុងអាណត្តិដែលលោកធ្វើជានាយករដ្ឋមន្រ្តី ។​ គម្រោងផ្លូវដឹកជញ្ជូនថ្មីនេះគ្រោងចំណាយថវិកា ១ទ្រីលានបាត (២៨,២៣ពាន់លានដុល្លារ) នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៥ ដោយរំពឹងដាក់ឲ្យដំណើការនៅឆ្នាំ២០៣០។

 
ដោយមើលឃើញពីមធ្យោបាយដឹកជញ្ជូន និងប្រតិបត្តិការតាមផ្លូវគោក ដែលជំនួសច្រកសមុទ្រម៉ាឡាកានេះ អ្នកវិភាគមួយចំនួនបានព្រមានថា គំនិតផ្តួចផ្តើមផ្លូវដឹកជញ្ជូនថ្មីរបស់ថៃ អាចបញ្ចប់ដោយការបរាជ័យ ប្រសិនបើមិនបានគ្រោងទុកដោយប្រុងប្រយ័ត្ន។
 
ប៉ុន្តែសម្រាប់នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន គម្រោងនេះ ត្រូវបានរំពឹងថានឹងទាក់ទាញអ្នកវិនិយោគអន្តរជាតិ និងប្រែក្លាយថៃ ទៅជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំមួយនៅក្នុងតំបន់ ។
 
ថ្លែងក្នុងវេទិកាវិនិយោគថៃ-ចិននៅទីក្រុងប៉េកាំងនាពេលថ្មីៗនេះ លោក សេដ្ឋា បានសង្កត់ធ្ងន់ថា ផែនការនេះ នឹងក្លាយជាគម្រោងដំធំជាងគេមួយ នៅលើពិភពលោក ដែលនឹងកាត់បន្ថយរយៈពេលនៃការដឹកជញ្ជូនទំនិញ តាមច្រកសមុទ្រម៉ាឡាកាពី ៦ថ្ងៃទៅ ៩ថ្ងៃ ។
 
នាយករដ្ឋមន្រ្តីរូបនេះបញ្ជាក់ថា ថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍អ្នកវិនិយោគចិន ដើម្បីជួយអភិវឌ្ឍប្រទេស និងបានសន្យាថា នឹងធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលនៃការធ្វើអាជីវកម្មនៅថៃនាពេលអនាគត។
 
ផ្លូវពាណិជ្ជកម្មថ្មីដែលភ្ជាប់មហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក
 
គម្រោងផ្លូវដឹកជញ្ជូនថ្មីនេះ នឹងបង្កើតជាផ្លូវពាណិជ្ជកម្មថ្មីរវាងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក។ វានឹងរួមបញ្ចូលកំពង់ផែសមុទ្រទឹកជ្រៅចំនួនពីរ នៅឆ្នេរសមុទ្រភាគខាងកើត និងខាងលិចរបស់ថៃ ព្រមទាំងប្រព័ន្ធផ្លូវដែក និងផ្លូវថ្នល់ ដែលតភ្ជាប់ជាមួយគ្នា។
 
កំពង់ផែភាគខាងកើតមានទីតាំងនៅខេត្ត Chumphon នៅលើឈូងសមុទ្រថៃ ខណៈភាគខាងលិចនៅខេត្ត Ranong នៅលើសមុទ្រ Andaman ។ បើ​តាម​លោក សេដ្ឋា ការ​ចំណាយ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន ៣៥,៦ ពាន់​លាន​ដុល្លារ។
 
សាស្ត្រាចារ្យ Antonio L Rappa មកពីសាលាធុរកិច្ចនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមសិង្ហបុរីបានលើកឡើងថា ប្រសិនបើគម្រោងនេះ ត្រូវបានអភិវឌ្ឍន៍ដោយជោគជ័យ នឹងប៉ះពាល់យ៉ាងខ្លាំងដល់សិង្ហបុរីយ៉ាងហោចណាស់ ៥០ឆ្នាំ ចាប់ពីពេលនេះតទៅ។
 
គម្រោងផ្លូវដឹកជញ្ជូនថ្មីនេះ ក៏ត្រូវបានសិក្សាផងដែរក្នុងអំឡុងរដ្ឋាភិបាលមុនរបស់លោក ប្រាយុទ្ធ ចាន់អូចា ដែលមានបំណងពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ថៃ និងប្រែក្លាយប្រទេសទៅជាមជ្ឈមណ្ឌលដឹកជញ្ជូននៃអាស៊ី។
 
គម្រោងផ្លូវដឹកជញ្ជូនថ្មី និងព្រែកជីកក្រាកាលពីមុន 
 
គំនិតនៃការបង្កើតផ្លូវសមុទ្រថ្មីមួយដោយភ្ជាប់ឈូងសមុទ្រថៃជាមួយសមុទ្រ Andaman មិនមែនជារឿងថ្មីនោះទេ។  ភ័ស្តុតាងប្រវត្តិសាស្ត្របង្ហាញពីគំនិតនេះ មានតាំងពីសតវត្សទី ១៧ ។ ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ​ រដ្ឋាភិបាលថៃជាច្រើនបានព្យាយាម និងបរាជ័យក្នុងការជីកប្រឡាយក្រា។ 
 
យោងតាមលោក Yuttaporn Issarachai អ្នកវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Sukhothai Thammathirat Open គម្រោងព្រែកជីកក្រាដែលបានស្នើឡើង ត្រូវបានរារាំងដោយនយោបាយក្នុងស្រុក និងការព្រួយបារម្ភអំពីផលប៉ះពាល់របស់វាទៅលើបរិស្ថាន ក៏ដូចជាសន្តិសុខផ្ទៃក្នុង។
 
ទោះបីជាគម្រោងផ្លូវដឹកជញ្ជូនថ្មីនេះ មិនពាក់ព័ន្ធនឹងព្រែកជីកពីមុនក៏ដោយ លោកថាវាជាគំនិតស្រដៀងគ្នា ហើយអាចប្រឈមមុខនឹងបញ្ហាជាច្រើនរួមទាំងជម្លោះភូមិសាស្ត្រនយោបាយផងដែរ។
 
លោក Yuttaporn បានចង្អុលបង្ហាញពីរបៀបដែលជម្លោះដែនសមុទ្រពាក់ព័ន្ធនឹងប្រទេសមួយចំនួនដូចជាចិន វៀតណាម និងហ្វីលីពីន ហើយតាមរយៈការកសាងផ្លូវឆ្លងកាត់ដែនសមុទ្រថ្មីមួយ ដែលមានទីតាំងនៅជិតតំបន់ជម្លោះ ថៃអាចរងផលប៉ះពាល់។ 
 
«​វា​អាច​រុញច្រាន​​ថៃ​ទៅក្នុង​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ យើង​មិន​អាច​ភ្លេច​ថា ​ផ្លូវ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ទាក់​ទង​នឹង​ប្រាក់​ចំណេញ​សេដ្ឋកិច្ច​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ និងក៏ជា​ស្ថិរភាព​នយោបាយ ​ក្នុង​តំបន់ផងដែរ»។ នេះបើតាមការបញ្ជាក់របស់លោក Yuttaporn Issarachai ប្រាប់ទូរទស្សន៍សិសង្ហបុរី CNA ។ 
 
បញ្ហាប្រឈមនានាជុំវិញគម្រោងផ្លូវដឹកជញ្ជូនថ្មី 
 
បើធៀបទៅនឹងការជីកព្រែកក្រា ហេដ្ឋារចនាសម្ព័ន្ធមួយនេះ នឹងជួយកាត់បន្ថយការព្រួយបារម្ភជាសាធារណៈ អំពីសកម្មភាពបំបែកខ្លួននៅភាគខាងត្បូងរបស់ថៃ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក Anutin Charnvirakul បានសម្តែងការគាំទ្រចំពោះគម្រោងនេះ ដោយលោក​​បញ្ជាក់​ថា វានឹង​មិន​ប៉ះពាល់​ដល់​សន្តិសុខ​ផ្ទៃ​ក្នុង​ទេ។ 
 
ទោះ​ជា​យ៉ាង​ណា អ្នក​វិភាគ​ចោទជាសំណួរថា តើ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នឹង​ជ្រើស​រើស​ប្រើតាមផ្លូវដឹកជញ្ជូនថ្មីនេះ​ដែរ​ឬ​អត់​ ? ដោយសារតែកប៉ាល់ត្រូវចូលចតនៅកំពង់ផែ Ranong ឬ Chumphon ហើយត្រូវដឹកជញ្ជូនទំនិញនៅលើផ្លូវគោកអាចចំណាយថ្លៃជាង។
 
ការសិក្សាមួយរបស់សកលវិទ្យាល័យជូឡាឡុងកនបានបង្ហាញថា ការកាត់បន្ថយពេលវេលាផ្នែកមួយដែលក្រុមហ៊ុនដឹកជញ្ជូនភាគច្រើនបានពិចារណា ។ ប៉ុន្តែអ្វីដែលសំខាន់គឺថ្លៃដឹកជញ្ជូន នឹងកើនទ្វេដងក្នុងការផ្ទេរកុងតឺន័រពីកំពង់ផែមួយ ទៅកំពុងផែមួយទៀត។ គម្រោងនេះ​ អាចទាក់ទាញតែកប៉ាល់ដឹកទំនិញណា ដែលដាក់ទំនិញនៅតំបន់នេះតែប៉ុណ្ណោះ ខណៈកប៉ាល់ដែលធ្វើដំណើរមិនឈប់នៅចន្លោះសមុទ្រទាំងពីរនេះ មិនចាប់អារម្មណ៍ប្រើប្រាស់ចំណតផ្លូវដឹកជញ្ជូនថ្មីនេះទេ ។ 
 
បន្ថែមពីនេះ​ វិស័យទេសចរណ៍នៅភាគខាងត្បូងរបស់ថៃនឹងរងផលប៉ះពាល់ខ្លាំង ដោយសារតំបន់ដែលគ្រោងស្នើចូលជាបេតិភណ្ឌពិភពលោកចំនួន២ គឺឧទ្យាន Mu Ko Ranong និង Laemson Marine ស្ថិតនៅចម្ងាយតែ ៣គីឡូម៉ែត្រពីកំពង់ផែថ្មីនេះ។ 
 
ចំណែកសំណួរថា តើរដ្ឋាភិបាលថៃនឹងមានកញ្ចប់ថវិកាគ្រប់គ្រាន់ ដើម្បីសម្រចលេចជារូបរាងឡើងដែរឬទេ? ត្រង់ចំណុចនេះ នាយករដ្ឋមន្រ្តីលោក សេដ្ឋា ថាវីស៊ីន បានបញ្ជាក់ថា​ ៖« កុំបារម្ភ វាស្ថិតក្រោមទម្រង់រវាងវិស័យឯកជន និងរដ្ឋាភិបាល» ៕ 
 

Tag:
 ថៃ
  ព្រែកជីកក្រា
© រក្សាសិទ្ធិដោយ thmeythmey.com