កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាអេឡិចត្រូនិក៖ Kairi ជឿថា ក្រុមកម្ពុជា See You Soon នឹងឈានដល់វគ្គ៨ក្រុម ពានពិភពលោក M5
07, Nov 2023 , 9:59 am        
រូបភាព
ក្រុមកីឡាអេឡិចត្រូនិក See You Soon របស់កម្ពុជា ត្រូវបាន Kairi របស់ក្រុម ONIC Esports ប្រទេសឥណ្ឌូណេស៊ី ជ្រើសរើសថានឹងជាប់ទៅកាន់វគ្គ ៨ក្រុមចុងក្រោយ នៅក្នុងការប្រកួត Mobile Legends ពានរង្វាន់ពិភពលោក M5 World Championship នៅក្នុងប្រទេសហ្វីលីពីន ក្នុងខែធ្នូ ខាងមុខ។ See You Soon តំណាងឱ្យកម្ពុជានៅការប្រកួតពានអន្តរជាតិវិញ្ញាសា Mobile Legends ក្រោយពួកគេឈ្នះពានរង្វាន់លីគ MPL Cambodia រដូវកាលទី៥ កាលពីខែតុលា។



ការប្រកួតកីឡាអេឡិចត្រូនិក Mobile Legends ពានរង្វាន់លំដាប់ថ្នាក់ពិភពលោក M5 World Championship ជាការប្រកួតដ៏ធំប្រចាំឆ្នាំ ទៅលើប្រភេទកីឡាអេឡិចត្រូនិកនៅលើទូរស័ព្ទដៃ។ ក្រុមខ្លាំងៗ ដែលជាជើងឯក និងជើងឯករង មកពីលីគ MPL និងការប្រកួតជម្រុះតំបន់ផ្សេងៗគ្នាចំនួន ១៦ក្រុម នឹងត្រូវប្រជែងគ្នាដើម្បីពានរង្វាន់ដ៏ធំប្រចាំឆ្នាំ ធ្វើឡើងនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃ១៧ ក្នុងខែធ្នូ។
 
នៅក្នុងកម្មវិធីចាប់ពូលសម្រាប់ការប្រកួតពានរង្វាន់ M5 កីឡាករសញ្ជាតិហ្វីលីពីន Kairi ដែលធ្លាប់បានបង្ហាញវត្តមានប្រកួតក្នុងពានរង្វាន់ MSC 2023 នៅក្នុងប្រទេសកម្ពុជា ត្រូវបានពិធីការិនីដែលជាអ្នកនាង Mara Aquino សាកសួរអំពីចំណាប់អារម្មណ៍ ថាតើរូបគេជ្រើសរើសក្រុមណា ដែលនឹងអាចឈានជើងឡើងវគ្គ ៨ក្រុមចុងក្រោយ។ See You Soon របស់កម្ពុជា ជាក្រុមមួយចំណោមការជ្រើសរើសទាំង ៨ របស់ Kairi។
 
Kairi កីឡាកររួមចំណែកដល់ក្រុម ONIC Esports ឈ្នះពានរង្វាន់ ៣ ជាប់គ្នា MSC 2023, SNAPDRAGON Pro Serie និង MPL ID ឥណ្ឌណេស៊ី បានជ្រើសរើសក្រុមដែលនឹងឡើងវគ្គ ៨ក្រុមចុងក្រោយ រួមមាន ៖ Geek FAM, Blacklist International, AP Bren, ONIC Esports, RRQ Akira, HOMEBOIS, See You Soon និងក្រុមដែលឈ្នះការប្រកួតប្រជែងពីការ​ដណ្តើមកៅអី Wild Cards។ 
 
ក្រុមចំនួន ១៦ ដែលរួមមាន ONIC Esports និង Geek Fam របស់ឥណ្ឌូណេស៊ី, ក្រុម AP Bren និង Blacklist International របស់ហ្វីលីន, See You Soon តំណាងកម្ពុជា, HOMEBOIS តំណាងម៉ាឡេស៊ី, Team Flash តំណាងសិង្ហបុរី, Burmese Ghouls តំណាងមីយ៉ាន់ម៉ា, RRQ Akira និង BIGETRON Sons តំណាងប្រេស៊ីល, DEUSVULT មកពីរុស្ស៊ី, Fire Flux Esports មកពីតួកគី, Tripple Esports មកពីអារ៉ាប៊ីសាអូឌីត, The Ohio Brothers មកពីអាម៉េរិក និងកៅអី Wild Card ចំនួន ២ផ្សេងទៀត ត្រូវប្រជែងក្នុងពានរង្វាន់ M5។
 
ក្រុមទាំង ១៦ ត្រូវចាប់ឱ្យស្ថិតនៅក្នុងពូលចំនួន ៤ ផ្សេងគ្នា កាលពីថ្ងៃទី៤ ខែវិច្ឆិកា​ ហើយក្រុម See You Soon របស់កម្ពុជាស្ថិតនៅក្នុងពូល A ជាមួយនឹងក្រុមខ្លាំង ONIC Esports របស់ Kairi រួមជាមួយនឹងក្រុម Tripple Esports និង BIGETRON Sons។ 
 
សម្រាប់កៅអី Wild Cards ជាឱកាសសម្រាប់ក្រុមកីឡាអេឡិចត្រូនិកដទៃ ត្រូវដណ្តើមសម្រាប់មានវត្តមានប្រកួតក្នុងព្រឹត្តិការណ៍ M5។​ ជាការប្រកួតដាច់ដោយឡែកនៅចុងខែវិច្ឆិកា ដែលធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ក្រុមចំនួន ៨ ទាំងជើងឯករង និងក្រុមដែលអញ្ជើញដោយផ្ទាល់ រួមមានក្រុម Imperio មកពីអាហ្សង់ទីន, Team SMG មកពីម៉ាឡេស៊ី, Umbrella Squad មកពីរុស្ស៊ី, 4Merical Esports មកពីនេប៉ាល់, Nightmare Esports មកពីឡាវ, Team Lilgun មកពីម៉ុងហ្គោល, Team Falcons មកពីអារ៉ាប៊ីសាអូឌីត និង Keep Best Gaming​ មកពីប្រទេសចិនដែលជាការបង្ហាញខ្លួនដំបូង នឹងប្រជែងដណ្តើមកៅអី Wild Cards ចំនួន ២ ដែលនៅដល់ដើម្បីឱកាសប្រកួតនៅ M5។
 
ខាងក្រោមនេះជាការចាប់ពូលក្រុមនីមួយៗសម្រាប់ការប្រកួតវគ្គជម្រុះចែកពូលពានរង្វាន់ M5៖ 
 
ពូល B 
Blacklist International, Fire Flux Esports, RRQ Akira និងក្រុមឈ្នះ Wild Cards
ពូល C
AP Bren, Burmese Ghouls, Team Flash និងក្រុមឈ្នះ Wild Cards
ពូល D
Geek Fam, The Ohio Brother, HOMEBOIS និង DEUSVULT៕

Tag:
 Kairi
  See You Soon
  កីឡាអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com