សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ី​គ្រោង​​នាំ​ចូល​អង្ករ​ចំនួន២​លាន​តោន​នៅ​ឆ្នាំ​២០២៤
07, Nov 2023 , 10:29 am        
រូបភាព
អ្នកលក់អង្ករមួយកន្លែងនៅទីក្រុងហ្សាការតា ។ រូបភាព ៖ AFP
អ្នកលក់អង្ករមួយកន្លែងនៅទីក្រុងហ្សាការតា ។ រូបភាព ៖ AFP
រដ្ឋាភិបាលឥណ្ឌូណេស៊ី គ្រោងនឹងកំណត់កូតានាំចូលអង្ករសម្រាប់ឆ្នាំ ២០២៤ ចំនួន២ លានតោន ដែលធ្លាក់ចុះពី៣,៨លានតោននៅឆ្នាំនេះ។

 
ក្រុមហ៊ុន​លទ្ធកម្ម​ស្បៀងអាហារ​រដ្ឋ Bulog របស់​ឥណ្ឌូណេស៊ី​ ប្រកាស​នៅ​ថ្ងៃ​ទី៦ ខែវិច្ឆិកា ថា រដ្ឋាភិបាល​គ្រោង​នឹង​កំណត់​កូតា​នាំ​ចូល​អង្ករ​នៅ​ឆ្នាំ​ក្រោយ​ចំនួន២លាន​តោន ធ្លាក់ចុះ​ពី​កូតា​ឆ្នាំ​នេះ​ចំនួន ៣,៨ លាន​តោន​។
 
លេខាធិការសាជីវកម្មរបស់ Bulog លោក Awaludin Iqbal បានសង្កត់ធ្ងន់ថា បរិមាណអង្ករដែលនាំចូលនៅឆ្នាំក្រោយនឹងអាស្រ័យលើការផ្គត់ផ្គង់ និងតម្រូវការក្នុងស្រុក។
 
នៅថ្ងៃដដែលនោះ រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏បានប្រកាសបន្តកម្មវិធីគាំទ្រអង្ករប្រចាំខែសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាបប្រមាណ២២លានគ្រួសារ រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ដើម្បីការពារជនក្រីក្រពីការកើនឡើងតម្លៃស្រូវ។
 
បើតាមរដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម Zulkifli Hasan រដ្ឋាភិបាល​សម្រេច​បន្ត​កម្មវិធី​នេះ ដោយសារ​តម្លៃ​អង្ករ​មិន​ទាន់​ធ្លាក់​ចុះ។
 
តម្លៃ​អង្ករ ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដោយសារ​គ្រោះរាំងស្ងួត​ទាក់ទង​នឹង​បាតុភូត​អាកាសធាតុ El Nino ដែល​ប៉ះពាល់​ដល់​ដំណាំ​។ កន្លងមក​ លោកប្រធានាធិបតី ចូកូ​ វីដូដូ ធ្លាប់បាននិយាយថា តម្លៃអង្ករបានកើនឡើង១៩,៨ភាគរយគិតត្រឹមចុងខែតុលា។
 
យោងតាមស្ថិតិផ្លូវការ ការនាំចូលអង្កររបស់ឥណ្ឌូណេស៊ីក្នុងរយៈពេល៩ខែនៃឆ្នាំនេះ បានឈានដល់១,៧៩លានតោន ខណៈដែលស្តុកអង្កររបស់ Bulog មាន១,៤លានតោនគិតត្រឹមដើមខែវិច្ឆិកា។
 
នៅថ្ងៃទី៣ ខែវិច្ឆិកា ក្រុមហ៊ុន Bulog បានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យានាំចូលអង្ករចំនួន ១លានតោនក្នុងចំណោមកូតាបន្ថែមចំនួន ១,៥លានតោនពីប្រទេសចំនួន៤  រួមមាន ថៃ វៀតណាម ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា។
 
នាយកផ្នែកផ្គត់ផ្គង់ និងសេវាសាធារណៈរបស់ Bulog លោក Mokhamad Suyamto បានបញ្ជាក់ថា ការនាំចូលបន្ថែមនេះ គឺសំដៅបង្កើនទុនបម្រុងអង្កររបស់រដ្ឋាភិបាលរហូតដល់ឆ្នាំ ២០២៤។
 
បើតាមលោក Suyamto  ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ Bulog បានចែកចាយអង្ករសរុបចំនួន ៨៨៥ពាន់តោន ដើម្បីធ្វើឲ្យមានស្ថិរភាពទីផ្សារ និងអង្ករចំនួន ៦៤១ពាន់តោន ក្រោមកម្មវិធីឧបត្ថម្ភស្បៀងសម្រាប់ជនក្រីក្រទូទាំងប្រទេសក្នុងអំឡុងខែកញ្ញាដល់ ខែវិច្ឆិកា៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com