អន្តរជាតិ
ជម្លោះអុីស្រាអែល-ហាម៉ាស៖ ត្រឹមរយៈពេល១ខែ អ្នកស្លាប់ក្នុងតំបន់កាហ្សាមានលើស១ម៉ឺននាក់
07, Nov 2023 , 12:09 pm        
រូបភាព
ជម្លោះអ៊ីស្រាអែល និងហាម៉ាស ដែលកើតឡើង១ខែមកនេះ សម្លាប់ជីវិតជាង១ម៉ឺននាក់ហើយនៅតំបន់កាហ្សា។

 
គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ជម្លោះអ៊ីស្រាអែល និងហាម៉ាស បានឈានចូលរយៈពេលមួយខែហើយ ដោយអ៊ីស្រាអែល បានបញ្ជូនកម្លាំងការពាររបស់ខ្លួនទៅក្នុងដែនដីកាហ្សា និងពុះចែកតំបន់មួយនេះជាពីរ គឺខាងត្បូង និងខាងជើង។ អ៊ីស្រាអែល នៅតែបន្តវាយប្រហារលើតំបន់កាហ្សាភាគខាងជើង ដែលចាត់ទុកជាមូលដ្ឋានដ៏សំខាន់មួយរបស់ក្រុមហាម៉ាស។
 
«ប្រតិបត្តិការផ្លូវគោកដោយកម្លាំងការពារអ៊ីស្រាអែល និងការបន្តទម្លាក់គ្រាប់បែក បានវាយប្រហារលើប្រជាជនស៊ីវិល មន្ទីរពេទ្យ ជំរំជនភៀសខ្លួន ព្រះវិហារសាសនា និងមជ្ឈមណ្ឌលអង្គការសហប្រជាជាតិ ដែលរួមមានកន្លែងជ្រកកោនផង»។ លោក អាន់តូនីញូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៦ ខែវិច្ឆិកា ទៅកាន់អ្នកសារព័ត៌មាន ដោយបន្តថា គ្មាននរណាម្នាក់មានសុវត្ថិភាពឡើយ នៅក្នុងតំបន់កាហ្សា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ប្រមុខUN បានកត់សម្គាល់ថា ក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត បានប្រើប្រាស់ប្រជាជនស៊ីវិល ជាខែលការពាររបស់ខ្លួន ហើយបន្តបាញ់គ្រាប់រ៉ុក្កែតដោយមិនខ្វល់ពីជីវិតប្រជាជនស៊ីវិលទៅក្នុងដីអ៊ីស្រាអែល។ បន្ថែមពីនេះ លោក ហ្គូតេរ៉េស បានទទូចជាថ្មីម្តងទៀត ឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានក្រុមហាម៉ាសចាប់ខ្លួន ចាប់តាំងពីមានការលួចវាយឆ្មក់នៅថ្ងៃទី៧ ខែតុលាមក។ 
 
ក្នុងរយៈពេល ១ខែមកនេះ ក្រសួងសុខាភិបាលប្រចាំនៅតំបន់កាហ្សា បានបង្ហាញថា មនុស្សនៅក្នុងតំបន់ យ៉ាងហោចណាស់ ១០០២២នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហារពីសំណាក់អ៊ីស្រាអែល ក្នុងនោះមានកុមារចំនួន ៤១០៤នាក់។ ចំណែកប្រជាជននៅអ៊ីស្រាអែល បានបាត់បង់ជីវិតយ៉ាងហោចណាស់១៤០០នាក់។
 
ទាក់ទិននឹងបញ្ហានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចាត់ទុកតំបន់កាហ្សាជាកន្លែង កប់សាកសពរបស់កុមារប៉ាឡេស្ទីន។ 
 
កន្លងមក បណ្តាប្រទេសជាច្រើន បានជំរុញឱ្យអ៊ីស្រាអែលមានបទឈប់បាញ់ជាមួយក្រុមហាម៉ាស ដើម្បីទប់ស្កាត់ការស្លាប់របស់ប្រជាជនស៊ីវិល។ យ៉ាងណាមិញ មេដឹកនាំអ៊ីស្រាអែល រួមទាំងរដ្ឋមន្រ្តីការបរទេសអាម៉េរិក មិនឯកភាពជុំវិញបញ្ហានេះឡើយ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី៥  ខែវិច្ឆិកា បានបដិសេដកិច្ចព្រមព្រៀងបទឈប់បាញ់ និងជំរុញឱ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងទាំងអស់ជាមុន។ 
 
យ៉ាងណាមិញ អ្នកនាំពាក្យក្រុមហាម៉ាស បានអះអាងថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួន នឹងដោះលែងចំណាប់ខ្មាំង ប្រសិនបើអ៊ីស្រាអែល ដោះលែងអ្នកទោសជនជាតិប៉ាឡេស្ទីនទាំងអស់។ ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រុមហាម៉ាស បានអះអាងថា ក្រុមរបស់ខ្លួនអាចមានកិច្ចចរចាដោយផ្នែកពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំង។
 
បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល បានទទួលយកការផ្អាកបាញ់រយៈពេលខ្លី សម្រាប់ដឹកជញ្ជូនជំនួយមនុស្សធម៌ទៅតំបន់កាហ្សា ប៉ុន្តែមិនទទួលយកបទឈប់បាញ់ឡើយ ប្រសិនបើក្រុមហាម៉ាស មិនដោះលែងចំណាប់ខ្មាំងទាំងអស់។ 
 
ចំណែកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ដែលមានចិនជាប្រធានផ្លាស់វេននៅក្នុងខែវិច្ឆិកាឯណោះវិញ សមាជិកទាំង១៥ កំពុងមានការខ្វែងគំនិតគ្នាជុំវិញបទឈប់បាញ់ និងការផ្អាកបាញ់រយៈពេលខ្លី៏ណាមូយ រហូតមិនអាចចេញអ្វីបាន។ អេមីរ៉ាតអារ៉ាប់រួម ដែលជាអ្នកស្នើកោះប្រជុំនៅថ្ងៃទី៦ ខែវិច្ឆិកា បានបង្ហាញពីក្តីបារម្ភជុំវិញស្ថានការណ៍វិវដ្តនៅតំបន់កាហ្សា និងការផ្តល់ជំនួយមនុស្សធម៌។ 
 
នាកិច្ចប្រជុំ តំណាងបារាំង បានជំរុញឱ្យមានកិច្ចព្រមព្រៀងមនុស្សធម៌ ដែលអាចនាំទៅរកបទឈប់បាញ់សម្រាប់ជម្លោះអ៊ីស្រាអែល និងហាម៉ាស។ យ៉ាងណាមិញ អាម៉េរិកចង់បានការផ្អាកការបាញ់គ្នាមួយរយៈពេលខ្លី សម្រាប់ដឹកជំនួយមនុស្សធម៌ទៅតំបន់កាហ្សា។ 
 
ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ចិន និងអេមីរ៉ាតអារ៉ាប់រួម បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយទទូចឱ្យមានសេចក្តីសម្រេចលើជម្លោះអ៊ីស្រាអែល និងហាម៉ាស។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Zhang Jun អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ​ បានអះអាងថា ចិន និងអេមីរ៉ាតអារ៉ាប់រួម អំពាវនាវឱ្យមានបទឈប់បាញ់ និងមានសេចក្តីសម្រេចមួយ ដែលអាចដាក់ចេញវិធានការបាន និងប្រកបដោយអត្ថន័យ។ 
 
ចំណែក លោកស្រី Lana Zaki Nusseibeh អគ្គរដ្ឋទូតអេមីរ៉ាតអារ៉ាប់រួម បានយល់ថា សង្រ្គាម គឺមានច្បាប់ ហើយភាគីនៃជម្លោះ ត្រូវតែគោរពវា ស្របពេលប្រជាជនស៊ីវិលនៅក្នុងតំបន់កាហ្សា មិនអាចរកកន្លែងសុវត្ថិភាពបានឡើយ សូម្បីតែនៅក្នុងជំរំជនភៀសខ្លួន មន្ទីរពេទ្យ និងមជ្ឈមណ្ឌលអង្គការសហប្រជាជាតិ៕
 

Tag:
 អ៊ីស្រាអែល
  ហាម៉ាស
  ក្រុមប្រឹក្សាសន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com