កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមឧន្ទាម ELN បន្តគំរាម និងពន្យាពេលដោះលែងឪពុករបស់កីឡារ Diaz
07, Nov 2023 , 1:59 pm        
រូបភាព
លោក Luis Manuel Diaz ឪពុករបស់ខ្សែប្រយុទ្ធ Luis Diaz របស់ក្រុម Liverpool ត្រូវបានក្រុមឧន្ទាមឆ្វេងនិយមរំដោះជាតិកូឡុំប៊ី (ELN) ចាប់ជំរិតរយៈពេល ១០ថ្ងៃរួចមកហើយ ខណៈដែលក្រុមគ្រួសារ Diaz និងរដ្ឋាភិបាលប្រទេសកូឡុំប៊ី ទាមទារឱ្យមានការដោះលែងជាបន្ទាន់។ ដល់ពេលនេះការដោះលែងឪពុករបស់ Diaz ត្រូវបានក្រុម ELN ពន្យាពេល ស្របពេលប្រតិបត្តិការយោធានៅតែបន្តអន្តរាគមន៍។



ម្តាយរបស់ Diaz អ្នកស្រី Cilenis Marulanda និងលោក Luis Manuel Diaz ត្រូវបានក្រុមខ្មាន់កាំភ្លើងដែលត្រូវបានគេស្គាល់ថាជាក្រុមឧន្ទាម ELN បានចាប់ជំរិតអំឡុងអ្នកទាំងពីរធ្វើដំណើរតាមរថយន្តនៅទីក្រុងមួយក្នុងខេត្ត​ ​La Guagira កាលថ្ងៃទី២៨ ខែតុលា។ ម្តាយ Diaz រួចខ្លួនវិញបន្ទាប់ពីក្រុមចាប់ជំរិតបានរត់គេចខ្លួន ពេលមន្ត្រីប៉ូលិសតំបន់ជិតទៅដល់ តែឪពុក Diaz ស្ថិតក្នុងរថយន្តត្រូវបានចាប់យកទៅ។
 
មូលហេតុការចាប់ខ្លួនមានភាពមិនច្បាស់លាស់ តែប្រភពសន្តិសុខអះអាងថាក្រុមឧន្ទាម តែងតែធ្វើរឿងរ៉ាវឧក្រិតកម្មការចាប់ជំរិតទាប្រាក់ និងការជួញដូរគ្រឿងញៀនជាដើម។
ទោះជាក្រុមនេះ និយាយថាឪពុករបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកូឡុំប៊ី Luis Diaz នឹងត្រូវដោះលែងក្នុងពេលដ៏ឆាប់ក្តី ក្រុម ELN កាលពីពេលថ្មីនេះក៏បានអះអាងតាមរយៈសេចក្តីថ្លែងការណ៍ខ្លួនថា វត្តមានការរុករកពីសំណាក់កងទ័ព និងមន្ត្រីប៉ូលិសកូឡុំប៊ី បានរារាំងដល់ការដោះលែងលោក Manuel Diaz។
 
«តំបន់នេះនៅតែមានយោធា មានការដាក់ពង្រាយកងទ័ពការផ្សាយតាមការឃោសនា ការផ្តល់រង្វាន់ផ្សេងៗ និងប្រតិបត្តិការសឹងដ៏ខ្លាំងថែមទៀត។ ប្រសិនបើប្រតិបត្តិយោធានៅតែបន្តក្នុងតំបន់ នោះការដោះលែងនឹងត្រូវបន្តពន្យាពេល ហើយវិបត្តិក៏នឹងកើនឡើងដូចគ្នា។»។ នេះបើតាមការសេចក្តីថ្លែងការណ៍របស់ក្រុម ELN ដែលត្រូវបានយកមកផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 
 
ក្រុមឧទ្ទាម ELN គឺជាក្រុមទ័ពព្រៃដ៏សកម្មមួយដែលនៅសេសសល់ដ៏សំខាន់របស់ប្រទេសកូឡុំប៊ី ហើយក្រុមឧទ្ទាមមួយនេះបានកើតឡើងតាំងពីឆ្នាំ ១៩៦៤ និងមានសមាជិកដល់ពេលបច្ចុប្បន្នប្រមាណ ២,៥០០នាក់។
 
កាលបីសប្តាហ៍មុនរដ្ឋាភិបាលប្រតេសកូឡុំប៊ី បានប្រកាសឱ្យក្រុម ELN ដោះលែងចំណាត់ខ្មាំងដែលជាឪពុករបស់ Diaz ជាបន្ទាន់ និងក្រោយគ្មានលក្ខខណ្ឌ៕
 

Tag:
 Luis Diaz
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com