កីឡាអន្តរជាតិ
អន្តរជាតិ
អង្គការសប្បុរសធម៌ខួរក្បាល បារម្ភគ្រោះថ្នាក់ក្នុងបាល់ទាត់ ក្រោយព្យាបាលរបួសក្បាល Maguire
07, Nov 2023 , 3:35 pm        
រូបភាព
ខ្សែការពារ Harry Maguire រងរបួសក្បាលរហូតត្រូវបានគ្រូពេទ្យពិនិត្យ ២ដង នៅក្នុងការប្រកួតក្រុម Manchester United យកឈ្នះ ១-០ លើក្រុម Fulham។ អង្គការសប្បុរសធម៌ខួរក្បាលឈានមុនគេនៅក្នុងប្រទេសអង់គ្លេស បង្ហាញពីការព្រួយបារម្ភខ្លាំង អំពីការព្យាបាលបន្ទាន់លើទីលានរបស់ក្រុមគ្រូពេទ្យរបស់ក្រុម ទៅលើបញ្ហារងរបួសត្រង់ក្បាលរបស់ខ្សែការពារ​ Maguire ហើយបានស្តីបន្ទោសថាក្លិបគ្មានការទទួលខុសត្រូវចំពោះកីឡាករ។



ក្នុងការប្រកួតនាកីឡដ្ឋាន Craven Cottage ខ្សែការពារ Maguire បានរងរបួសត្រង់ក្បាល ដោយការប៉ះទង្គិចក្បាលទល់ក្បាល ជាមួយនឹងកីឡាករ Rodrigo Muniz អំឡុងការប្រជែងបាល់គ្នាក្នុងការប្រកួត។ Maguire ត្រូវបានក្រុមគ្រូពេទ្យប្រចាំក្លិបបិសាចក្រហម ពិនិត្យដោយផ្ទាល់នៅលើទីលាន ពេលប៉ះទង្គិចរួច និងសម្រេចឱ្យខ្សែការពារអង់គ្លេសចូលលេងបន្ត។ 
 
យ៉ាងណានៅការប្រកួតវគ្គទីពីរ ខ្សែការពារអង់គ្លេស ក៏ត្រូវបានទទួលការពិនិត្យជាលើកទីពីរ ហើយរហូតដល់អាជ្ញាកណ្តាលការប្រកួត ស្នើឱ្យរូបគេផ្លាស់ប្តូរចេញដើម្បីកត្តាសុវត្ថិភាព។ ភ្លាមៗនោះ Maguire ក៏ត្រូវបានក្រុមសម្រេចចិត្តផ្លាស់ប្តូរចេញពីការប្រកួត។
  


ការប៉ះទង្គិចនេះ បានបន្តឱ្យមានការលើកឡើងជាថ្មីពីបញ្ហាគួរឱ្យបារម្ភខ្លាំង ពីបញ្ហាសុខភាពសុវត្ថិភាពរបស់កីឡាករ ក្រោយពេលដែលរងរបួស ហើយតម្រូវឱ្យចូលលេងបន្តដែលជាផលប៉ះពាល់ខ្លាំង។ 
 
​អ្នកជំនាញលោក ​Luke Grigge នាយកប្រត្តិបត្តិអង្គារសប្បុរសធម៌របួសខួរក្បាល ​Headway លើកឡើងពីបញ្ហាដ៏គួរឱ្យបារម្ភពីបញ្ហារបួសរបស់ Maguire ព្រមទាំងស្តីបន្ទោសការព្យាបាលបណ្តោះអាសន្ត របស់ក្រុមគ្រូពេទ្យរបស់ក្លិប។
 
«យើងធ្លាប់បានជួបរឿងរ៉ាវនេះ ចាប់តាំងពីអ្នកចាំទី Hugo Lloris ក្រោយគេរងរបួសហើយ តែត្រូវបានក្រុមគ្រូពេទ្យសម្រេចឱ្យវិលចូលទីលានប្រកូតវិញ នៅក្នុងការប្រកួតរវាង Spurs ទល់នឹង Everton ក្នុងឆ្នាំ ២០១៣។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ គឺជាសារដាស់តឿនដល់កីឡាបាល់ទាត់ យើងហៅវាថាគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ យើងទាមទារឱ្យមានការផ្លាស់ប្តូរជាបន្ទាន់ បើពេលមានជួបបញ្ហាទាំងនេះ។[…]»។ លោក Grigge បានលើកឡើងពីបញ្ហាដែលធ្លាប់បានកើតមាន នៅក្នុងវិស័យបាល់ទាត់។
 
ជុំវិញបញ្ហាដែលរបួស ហើយមិនត្រូវបានប្តូរចេញពីការប្រកួត ខ្សែការពារវ័យ ៣០ឆ្នាំ បានអះអាងទៀតថា ខ្លួនបានជាប់ការធ្វើតេស្តពេលពិនិត្យ អំឡុងស្ថិតក្នុងទីលានប្រកួត។ Maguire បានអះអាងដូច្នេះថា៖«ក្រុមគ្រូពេទ្យបានធ្វើតេស្ត ហើយខ្ញុំបានដឹងអំពីការឆ្លើយបែបណា នៅពេលដែលពួកគាត់សួរ ខ្ញុំបានសម្រេចវាបាន។ ប្រសិនបើគ្រូពេទ្យថាខ្ញុំអាចចូលប្រកួតបាន ដូច្នេះខ្ញុំត្រូវចូលរួមការប្រកួតបន្ត។»៕

Tag:
 Harry Maguire
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com