កីឡាជាតិ
ជាតិ
ជាង១ពាន់នាក់ មកពី៣២ប្រទេស ចុះឈ្មោះរត់ក្នុងព្រឹត្តិការណ៍ Angkor Ultra Trail តំបន់អង្គរ
07, Nov 2023 , 6:59 pm        
រូបភាព
លោក ថោង ខុន អង្គុយនៅកណ្ដាល ខាងស្ដាំដៃ លោក វ៉ាត់ ចំរើន រូបពី NOCC
លោក ថោង ខុន អង្គុយនៅកណ្ដាល ខាងស្ដាំដៃ លោក វ៉ាត់ ចំរើន រូបពី NOCC
១២០០នាក់ មកពី៣២ប្រទេសហើយបានចុះឈ្មោះក្នុងព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ Angkor Ultra Trail លើកទី៧ ដែលគ្រោងរៀបចំក្នុងតំបន់អង្គរ ខេត្តសៀមរាប ឆ្នាំ២០២៤។ បើតាមការបញ្ជាក់របស់លោក ថោង ខុន ប្រធានគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) Angkor Ultra Trail 2024 ជាផ្នែកមួយក្នុងការស្ដារ និងផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តសៀមរាប ជាពិសេសតំបន់អង្គរតែម្តង។

 
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ​Angkor Ultra Trail 2024 នៅទីស្នាក់ការ NOCC ព្រឹកថ្ងៃទី៧ ខែវិច្ឆកា លោក ថោង ខុន លើកឡើងថាទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរលើកទី៧ ដែលនឹងត្រូវធ្វើ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅទឹកដីខេត្តសៀមរាប មានអ្នកចូលរួមកើនឡើងលើសឆ្នាំមុនៗ ដោយក្នុងនោះភាគច្រើនជាទេសចរមកពីតំបន់អឺរ៉ុប។
 
 នៅក្នុងឆ្នាំ២០១៦ ដែលឆ្នាំចាប់ផ្ដើមដំបូង ព្រឹត្តិការណ៍នេះ មានចូលរួម​ប្រមាណជាង ២៤០នាក់ ប៉ុណ្ណោះ។ ដោយឡែក ឆ្នាំ២០២៣នេះ មានអ្នកចូលរួម រហូតបាន១២០០នាក់។ មុនបិទការចុះឈ្មោះ នាថ្ងៃទី៣១ ខែធ្នូ លោក ថោង ខុន ជឿថា អ្នកចូលរួមអាចកើនឡើងពីចន្លោះ ១៥០០-២០០០នាក់។
 
ប្រធាន NOCC រូបនេះ បានប្រាប់ទៀតថា ចំនួនភ្ញៀវទេសចរ ទស្សនាខេត្តសៀមរាប មានការត្រឡប់មកវិញយឺត ដោយត្រឹមតែ ៣០ភាគរយ នៃចំនួនភ្ញៀវទេសចរ ដែលបានមកនាអំឡុងឆ្នាំ២០១៩ មុនពេលការរាតត្បាតនៃជំងឺកូវីដ-១៩។ តែយ៉ាងណាក៏ដោយ រឹត្តិការណ៍ Angkor Ultra Trail ទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរពីអឺរ៉ុប ហើយការចូលរួមនេះ គឺជាការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ជាពិសេសតំបន់អង្គរ។ ដូច្នេះ តាមរយៈព្រឹត្តិការណ៍នេះ លោក ថោង ខុន ជឿថា អាចជាផ្នែកមួយជួយស្ដារវិស័យទេសចរណ៍ខេត្តសៀមរាបឡើងវិញ។ 
 
«អ្នកចូលរួម ១២០០នាក់ មកពី ៣២ប្រទេស។ នៅក្នុងនោះ ស្ដ្រីមានចំនួន ៤០% ហើយភាគច្រើន នៃអ្នកចូលរួមនោះ មកពីប្រទេសបារាំង និងប្រទេសអឺរ៉ុបផ្សេងទៀត។ អ៊ីចឹងតាមព្រឹត្តិការណ៍មួយនេះ យើងអាចផ្សាយពីសៀមរាប ទៅកាន់ពិភពលោក។យើង ខិតខំផ្សព្វផ្សាយតំបន់សៀមរាប របស់យើងនេះ ដើម្បីទាកទាញភ្ញៀវទេសចរឲ្យ មកលេងបានច្រើន។ ចាប់ផ្ដើមដំបូង ឆ្នាំ២០១៦ មានជាងចំនួន ២៤០នាក់ ប៉ុន្ដែពី១ ឆ្នាំ ទៅមួយឆ្នាំ មានអ្នកចូលរួមកើនឡើង មានការចាប់អារម្មណ៍ច្រើនណាស់ ព្រោះនៅតំបន់អង្គរ គឺអំណោយផលណាស់ លើព្រឹត្តិការណ៍របៀបនេះ។»។ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍រូបនេះ បាននិយាយដូច្នេះ។
 
គណៈកម្មការរៀបចំទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ លើកទី៧ បានដាក់ ៦វិញ្ញាសា ក្នុងការប្រកួតមានដូចជា៖ វិញ្ញាសា ៨គីឡូម៉ែត្រ, ១៨ គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និង១០០គីឡូម៉ែត្រ។ ចំនួនអ្នកចុះឈ្មោះ ភាគច្រើនជាភ្ញៀវទេសចរជនជាតិបារាំង ក្រៅពីនោះក៏មាន កម្ពុជា, វៀតណាម, កូរ៉េ, អាមេរិក, អង់គ្លេស, ប៊ែលហ្សិក, ហូឡង់, ថៃ, ចិន, អូទ្រីស, អាល្លឺម៉ង់, រុស្ស៊ី, ព្រុយណេ, កាណាដា, អ៊ីតាលី, ជប៉ុន, ហ្វីលីពីន, ឆែក, អូស្ដ្រាលី, អៀរឡង់, សិង្ហបុរី, ហុងគ្រី, ព័រទុយហ្កាល់, រូម៉ានី, អាហ្វិកខាងត្បូង, ស៊ុយអែត, ឥណ្ឌា ។ល។
 
«តាមរយៈព្រឹត្តិការណ៍នេះ យើង ផ្សព្វផ្សាយតំបន់ទេសចរណ៍នៅសៀមរាប ទៅកាន់ពិភពលោក ជាពិសេស ទៅកាន់ ប្រទេសទាំង៣២ ដែលចូលរួមក្នុងការប្រកួតនេះ។»។ លោក ថោង ខុន បន្ថែមដូច្នេះ។
 
គួរបញ្ជាក់ផងដែរ ការរត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail លើកទី៦ ដែលធ្វើឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ មានអ្នកចូលរួមសរុប ៨៨១នាក់ មកពី៣៧ប្រទេស៕
 

Tag:
 ថោង ខុន
  Angkor Ultra Trail
© រក្សាសិទ្ធិដោយ thmeythmey.com