ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យស្ថាបនាផ្លូវរថភ្លើងឱ្យរត់បានល្បឿន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង
07, Nov 2023 , 8:19 pm        
រូបភាព
ដើម្បីកាត់បន្ថយការចំណាយ និងងាយស្រួលដល់ការដឹកជញ្ជូននោះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជំរុញឱ្យស្ថាបនាផ្លូវរថភ្លើងឱ្យរត់បានល្បឿន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង។



សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងជញ្ជូន សិក្សាលើការស្ថាបនាផ្លូវរថភ្លើងនេះ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ១៥,១៩៤នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៧ វិច្ឆិកា ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ដូច្នេះថា៖«យើងកុំនិយាយពីរឿងផ្លូវរថភ្លើងល្បឿនលឿនអី យើងនិយាយពីផ្លូវដែកដឹកទំនិញ ។ ផ្លូវដែកយើងបច្ចុប្បន្ន យើងបើកបានតែ៤០គីឡូម៉ែត្រ ទៅ៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ឥឡូវយើងធ្វើម៉េច Upgrade ឱ្យវាអាចដឹកទំនិញបាន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង»។
 
សម្ដេចនាយករដ្ឋមន្រ្តី កំពុងជំរុញឱ្យក្រុមការងារសិក្សាពីការកាត់បន្ថយតម្លៃដឹកជញ្ជូន លើដងផ្លូវផងដែរ។ «អ៊ីចឹងបើយើងធ្វើបាន (រថផ្លូវល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង) យើងអាចដឹកទំនិញបានច្រើនមកដល់ទីនេះ»។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា ការស្ថាបនាផ្លូវរថភ្លើងនេះ ក៏ជាផ្នែកមួយ ជួយសម្រួលដល់ការដឹកជញ្ជូនលើដងផ្លូវ និងការចំណាយផ្សេងៗ ជាពិសេសស្របគ្នាជាមួយគម្រោងព្រែកជីកតេជោសែន ដែលជាច្រកសេដ្ឋកិច្ចថ្មីមួយទៀត របស់កម្ពុជា។
 
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com