កីឡាអន្តរជាតិ
អន្តរជាតិ
Hermoso រងសម្ពាធពីស្រមោលអាស្រូវថើប ខណៈនាងសង្ឃឹមការផ្លាស់ប្តូរវិជ្ជមានក្នុងអាជីព
07, Nov 2023 , 8:59 pm        
រូបភាព
កីឡាការិនី Jenni Hermoso នៅតែរងសម្ពាធទាក់ទងនឹងរឿងអាស្រូវការថើបពីសំណាក់លោក Luis Rubiales អតីតប្រធានសហព័ន្ធអេស្ប៉ាញ អំឡុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកស្រ្តី World Cup 2023 បន្តរហូតដល់ចប់រឿងក្តីការប្តឹងផ្តល់គ្នា ក្នុងរយៈពេលជិត៣ខែ។ កីឡាការិនីវ័យ ៣៣ឆ្នាំ បាននិយាយថានាងរំពឹងរឿងដែលល្អៗចូលក្នុងជីវិតនាងឡើងវិញ បន្ទាប់ពីរឿងអាស្រូវនេះបញ្ចប់។



អតីតមេបាល់ទាត់អេស្ប៉ាញ លោក Rubiales ត្រូវបានហាមឃាត់ពីសកម្មភាពបាល់ទាត់ ដោយសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) រយៈពេល ៣ឆ្នាំ ក្រោយពេលមានរឿងអាស្រូវការថើបរួចមក។ អំឡុងកម្មវិធីប្រគល់ពានរង្វាន់បាល់ទាត់ពិភពលោកស្ត្រី ឆ្នាំ ២០២៣ នៅក្នុងទីក្រុងសីដនី ប្រទេសអូស្ត្រាលី រឿងហេតុបានកើតឡើងពេលដែលកីឡាការិនីឡើងទទួលការបំពាក់មេដាយ និងប្រគល់ពានពីសំណាក់លោក Gianni Infantino ប្រធាន FIFA។
 
លោក Rubiales បានអបអរជ័យជម្នះដោយបានថើបលើកីឡាការិនីក្រុមអេស្ប៉ាញ ប៉ុន្តែនៅពេលដល់វេណរបស់កីឡាការិនី Hermoso អតីតប្រធានសហព័ន្ធ​ RFEF ក៏បានថើបនាងនៅលើបបូរមាត់ បង្កជារឿងក្តីក្តាន់។ រងពិន័យ ៣ឆ្នាំ ពី FIFA អតីតមេ RFEF ថានឹងដាក់ពាក្យប្តឹងឧទ្ធរណ៍ដើម្បីការពារខ្លួន តែ FIFA មិនផ្តល់ឱកាសឡើយ។
 
យ៉ាងណារឿងអាស្រូវនៅតែជាស្រមោលតាមមិនដាច់ទៅលើនាង Hermoso ដែលជារឿងតែងផ្តល់សម្ពាធដល់រូបនាង ព្រមទាំងប៉ះពាល់ដល់អាជីពនាងយ៉ាងខ្លាំង។ កីឡាការិនីម្ចាស់ពាន World Cup 2023 ក៏បង្ហាញក្តីរំពឹងនាងថា នឹងជួបរឿងល្អៗឡើងវិញបន្ទាប់ពីជួប និងបញ្ចប់រឿងអាស្រូវរួចរាល់។
 
«វាចប់ហើយ! សំណាងឬអកុសលមានរឿងនេះ តែខ្ញុំនឹងរៀនទាញយកប្រយោជន៍ពីវាដោយវិជ្ជមាន ដើម្បីតស៊ូ ដើម្បីអ្វីដែលខ្ញុំជឿថាល្អសម្រាប់សង្គម។ […] ប៉ុន្មានខែនេះ ជាមួយនឹងអ្វីគ្រប់យ៉ាងដែលបានកើតឡើង ចិត្តរបស់ខ្ញុំបានឃ្លាត់ឆ្ងាយបន្តិចពីបាល់ទាត់ ពេលខ្លះ ខ្ញុំមិនចាំថាខ្ញុមជាកីឡាករបាល់ទាត់ទេ។ ប៉ុន្តែខ្ញុំត្រឡប់ទៅហ្វឹកហាត់វិញ ទៅទីលានមួយ និងសម្រាប់
បង្ហាញឯកសណ្ឋានក្រុមជម្រើសជាតិអេស្ប៉ាញ ហើយខ្ញុំចង់ផ្តល់កំណែដ៏ល្អបំផុតសម្រាប់អាជីពខ្ញុំម្តងទៀត។»។ កីឡាការិនី Hermoso បាននិយាយប្រាប់កាសែត GQSpain បែបនេះ។
 
Hermoso បានវិលត្រឡប់ចូលរួមក្រុមជម្រើសជាតិអេស្ប៉ាញ កាលពីខែតុលា នៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់អឺរ៉ុប UEFA Nations League ដោយនាងបានរកគ្រាប់បាល់ក្នុងការប្រកួតដែលយកឈ្នះលើក្រុមនារីអ៊ីតាលី សម្រាប់ការវិលត្រឡប់របស់នាង៕
 

Tag:
 Jenni Hermoso
  អេស្ប៉ាញ
© រក្សាសិទ្ធិដោយ thmeythmey.com