កីឡាអន្តរជាតិ
អន្តរជាតិ
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ក្លាយជាម្ចាស់ភាគហ៊ុន Police Tero និងគ្រោងជួយក្លិបថៃ ត្រឡប់ទៅភាពខ្លាំងវិញ
07, Nov 2023 , 4:56 pm        
រូបភាព
រូបភាពពីកាសែត The Nation
រូបភាពពីកាសែត The Nation
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ និងព្រះរៀម ព្រះអង្គម្ចាស់ នរោត្តម ពុទ្ធពង្ស សមាជិករាជវង្សានុវង្សខ្មែរ បានក្លាយជាម្ចាស់ភាគហ៊ុនក្លិបបាល់ទាត់ថៃ Police Tero FC។ បើតាមការប្រកាសរបស់ក្លិប Police Tero FC និងការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី៧ ខែវិច្ឆិកា ការបោះទុនរបស់ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលធ្លាប់ចង់ទិញក្លិប Saint-Etienne នៅ Ligue 2 របស់បារាំង មានបំណង ចង់ឱ្យក្លិបលីគកំពូលថៃមួយនេះវិលត្រឡប់ទៅកាន់ភាពខ្លាំងក្លាឡើងវិញ។

 
ក្រោយជួបគ្នាក្នុង​សន្និសីទ​សារព័ត៌មាននៅថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ដែលមានវត្ត​មាន​ព្រះ​អង្គ​ម្ចាស់​​ នរោត្តម រ៉ាវីចក្រ និង​ព្រះ​អង្គ​ម្ចាស់ នរោត្តម អម្រិតធីវង្ស រួមជាមួយភាគី​ថៃដែលមាន​​​លោក Kongsak Yodmanee ប្រធានអាជ្ញាធរ​កីឡា​ថៃ និងលោក​ Brian Linzze Markar អនុប្រធាន​ក្លិប Police Tero FC បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ក្លិបបាល់ទាត់នេះ ឱ្យស្របតាមគោលដៅរបស់អ្នកគ្រប់គ្រងក្លិបថ្មី។ បើតាមការអះអាងរបស់អ្នកចាត់ការក្លិបលោក Thanya Wongnak គោលដៅក្លិបរដូវកាលក្រោយ គឺប្រជែងចំណាត់ថ្នាក់លេខ ៣ និងឈ្នះកៅអីលេងក្នុងពានរង្វាន់ AFC Champions League។
 
ព្រអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស ដែលជាសមាជិករាជវង្សានុវង្សខ្មែរ និងជាព្រះរៀមរបស់ព្រះអង្គ រ៉ាវីចក្រ ជាតំណាងក្នុងការចុះហត្ថាលេខា ភាពជាដៃគូ ជាមួយនឹងក្លិប Police Tero។ ព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស បានមានបន្ទូលថា ទ្រង់ ចាប់អារម្មណ៍ក្នុងការគ្រប់គ្រងបាល់ទាត់ ព្រមទាំងមើលឃើញថាការបណ្តាក់ទុន ជាឱកាសល្អក្នុងការអភិវឌ្ឍន៍បាល់ទាត់ ទាំងក្នុងប្រទេសថៃ និងអាស៊ានទាំងមូល។



«យើងជ្រើសរើសក្លិប Police Tero ពីព្រោះក្រុមនេះមានប្រវត្តិយូរអង្វែង ក្លិបនេះជាអតីតជើងឯក Thai League ហើយបានឈ្នះចំណាត់ថ្នាក់លេខ ២ នៅក្នុងពានរង្វាន់ AFC។ យើងមានបំណងនាំយកភាពអស្ចារ្យត្រឡប់ទៅកម្រិតខ្ពស់នោះវិញ។»។ ព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស​ បានលើកឡើងដូច្នេះ។
 
ព្រះអង្គម្ចាស់ អម្រិតធីវង្ស បានអះអាងថាទ្រង់ នឹងប្រើទំនាក់ទំនងដោយផ្ទាល់របស់ទ្រង់ ក្នុងការទាក់ទាញកីឡាករបរទេស ឱ្យមកចូលរួមជាមួយក្រុម ព្រមទាំងការផ្សព្វផ្សាយវិស័យបាល់ទាត់ និងកីឡាករតំបន់អាស៊ីអាគ្នេយ៍ ឱ្យបានលេងនៅក្នុងកម្រិតខ្ពស់។
 
ព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស ធ្លាប់ជាអតីតកីឡាករក្រុមជម្រើសកម្ពុជា និងជាអ្នកគាំទ្រដ៏ខ្លាំងក្លា មួយរូបសម្រាប់វិស័យបាល់ទាត់។ លើសពីនេះ ទ្រង់ ត្រូវបានគេរំពឹងថា កំពុងសម្លឹងរកមើកការពង្រីកភាពជាដៃគូក្នុងកម្រិតអន្តរជាតិ ដើម្បីពង្រឹងវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។ 
 
ក្រៅពី ព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស ក៏មានវត្តមានព្រះអង្គម្ចាស់ នរោត្តម ណារិទ្ធិពុង ក៏ចូលរួមក្នុងការចុះហត្ថលេខាភាពជាដៃគូជាមួយនឹងក្លិប Police Tero។
 
ចំណែក ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលជាអ្នកដឹកនាំសម្រាប់ភាពជាដៃគូជាមួយក្លិប Police Tero FC ទម្រង់ធ្លាប់បានមានបំណងចង់ទិញក្លិបរបស់បារាំង ​Saint-Etienne នៃលីគទីពីររបស់បារាំង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២១។ កាលនោះព្រះអង្គ បានដាក់សំណើរតម្លៃ ១០០លានអឺរ៉ូ តាមករយៈធនាគារ KPMG ដើម្បីទិញក្លិបដែលមានមូលដ្ឋាននៅក្នុងទីកក្រុង Saint Etienne៕

Tag:
 ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ
  Police Tero
© រក្សាសិទ្ធិដោយ thmeythmey.com