អន្តរជាតិ
រដ្ឋធានីញូវដេលីដាក់កម្រិតលើការប្រើប្រាស់យានជំនិះដើម្បីទប់ស្កាត់ការបំពុលខ្យល់
07, Nov 2023 , 9:59 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌាបានលើកឡើងនាថ្ងៃទី៦ ខែវិច្ឆិកាថា ទីក្រុងញូវដែលីនឹងដាក់កម្រិតលើការប្រើប្រាស់យានយន្តរយៈពេលមួយសប្តាហ៍នៅចាប់ពីថ្ងៃទី១៣ និង២០ ខែវិច្ឆិកា ខណៈគុណភាពខ្យល់ នៅតែស្ថិតក្នុងកម្រិតធ្ងន់ធ្ងរទោះបីជាមានការខិតខំកាត់បន្ថយការបំពុលក៏ដោយ។

 
ច្បាប់ថ្មីដែលដាក់ចេញដោយរដ្ឋាភិបាលឥណ្ឌានឹងអនុញ្ញាតឱ្យយានជំនិះដែលមានស្លាកលេខសេស បើកបរនៅថ្ងៃលេខសេស ខណៈយានជំនិះដែលមានស្លាកលេខគូនឹងត្រូវបានអនុញ្ញាតឱ្យចរាចរ នៅលើដងផ្លូវនៅថ្ងៃឆ្លាស់គ្នាវិញ។
 
រដ្ឋធានីរបស់ឥណ្ឌា ជារឿយៗជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងដែលមានការបំពុលខ្លាំងបំផុតលើពិភពលោកជារៀងរាល់ឆ្នាំនៅមុនពេលចាប់ផ្តើមរដូវរងាក្នុងខែវិច្ឆិកា និងចំពេលដែលខ្យល់ស្ងប់ស្ងាត់ ព្រមទាំង សីតុណ្ហភាពទាបដែលមិនងាយធ្វើឱ្យការបំពុលពីប្រភពផ្សេងៗរសាត់ទៅ។ យោងតាមសហព័ន្ធគ្រប់ គ្រងការបំពុល គុណភាពខ្យល់គឺស្ថិតនៅក្នុងកម្រិតធ្ងន់ធ្ងររយៈពេលបីថ្ងៃជាប់ៗគ្នានៅក្នុងទីក្រុង ដែលបង្ខំឱ្យរដ្ឋាភិបាលពន្យារពេលការបិទសាលាបឋមសិក្សារហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា។
 
«វាមានលទ្ធភាពដែលការបំពុលខ្យល់នឹងកើនឡើងបន្ទាប់ពីពិធីបុណ្យ Diwali»។ រដ្ឋមន្ត្រីបរិស្ថានលោក Gopal Rai មានប្រសាសន៍បែបនេះដោយសំដៅទៅលើពិធីបុណ្យហិណ្ឌូនៅថ្ងៃទី១២ ខែវិច្ឆិកា ដែលអាជ្ញាធរតម្រូវមិនឱ្យមានការដុតផាវដែលត្រូវបានដុតជាញឹកញាប់សម្រាប់ពិធីបុណ្យនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតកីឡាគ្រីឃីត World Cup ដែលរួមបញ្ចូលស្រីលង្កា និងបង់ក្លាដែសបានដំណើរការនៅក្នុងទីក្រុងញូដែលីនៅថ្ងៃដដែលនេះ ដោយមានអ្នករៀបចំ ដំឡើងម៉ាស៊ីនបន្សុទ្ធខ្យល់នៅក្នុងបន្ទប់ស្លៀកពាក់របស់កីឡាករ និងប្រើប្រាស់ឧបករណ៍បាញ់ទឹក ដើម្បីកាត់បន្ថយការបំពុលបរិយាកាស៕
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com