កីឡាជាតិ
ជាតិ
បុណ្យអុំទូក
លោក វ៉ាត់ ចំរើន៖ ១២ប្រទេសចូលរួមព្រឹត្តិការណ៍គុនខ្មែរជើងឯកពិភពលោក នៅទឹកដីអង្គរ អំឡុងបុណ្យអុំទូក
08, Nov 2023 , 8:39 am        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក រូបពី NOCC
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក រូបពី NOCC
ព្រឹត្តិការណ៍គុនខ្មែរជ្រើសរើសជើងឯកពិភពលោក នឹងរៀបចំឡើងនៅខេត្តសៀមរាប អំឡុងពេលពិធីបុណ្យអុំទូក នាថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បញ្ជាក់ថាការដាក់កីឡាគុនខ្មែរ ប្រកួតនៅអង្គរវត្ដ អំឡុងពេលអុំទូក ដោយសារប្រទេសជាសមាជិកគុនខ្មែរ ប្រមាណជាង៦០ សំណូមពរ ដែលនេះជាឱកាសសម្រាប់កម្ពុជា បង្កើន និងពង្រឹងចំណងសាមគ្គីភាព កាន់តែខ្លាំងជាមួយប្រទេសជាសមាជិកទាំងអស់។ កិច្ចប្រជុំកីឡាគុនខ្មែរពិភពលោក ក៏នឹងរៀបចំអំឡុងពេលនោះដែរ។

 
ក្រោយបញ្ចប់សន្និសីតព័ត៌មាន ​Angkor Ultra Trail 2024 នៅទីស្នាក់ការ NOCC ព្រឹកថ្ងៃទី៧ ខែវិច្ឆកា លោក វ៉ាត់ ចំរើន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គណៈកម្មាធិការរៀបចំពិធីបុណ្យអុំទូក នឹងរៀបចំការប្រកួតកីឡាមួយចំនួន នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប អំឡុងពិធីបុណ្យអុំទូក ដែលនឹងត្រូវធ្វើនៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ក្នុងនោះមានទាំងប្រកួតគុនខ្មែរផង។ 
 
អគ្គលេខាធិការ NOCC បញ្ជាក់បន្ថែមថា មាន ១២ប្រទេស បានចុះឈ្មោះ ប្រកួតគុនខ្មែរ នៅខេត្តសៀមរាបក្នុងអំឡុងពេលអុំទូក ដោយប្រទេសទាំងនោះ មានមកពីរុស្ស៊ី អូស្ដ្រាលី ជប៉ុន ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀត។ លោក វ៉ាត់ ចំរើន បញ្ជាក់ថា ការយកទឹកដីអង្គរជាកន្លែងប្រកួត គុនខ្មែរជ្រើសរើសជើងឯកពិភពលោក គឺដោយសារ ការសំណូមពរពីប្រទេសជាសមាជិកគុនខ្មែរ និងភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។
 
«នៅទីក្រុងភ្នំពេញ គណៈកម្មាធិការរៀបចំបុណ្យអុំទូក ក៏មានរៀបចំប្រកួតប្រដាល់ និងសកម្មភាពកីឡាមួយចំនួនដែរ ប៉ុន្ដែ ការរៀបចំប្រដាល់នៅខេត្តសៀមរាប ព្រោះប្រទេសចូលរួមប្រកួត និងភ្ញៀវទេសចរ សំណូមពរ។ ចំពោះការប្រកួតគុនខ្មែររបស់យើង នៅសៀមរាប គឺជាកន្លែងមួយ ដែលប្រទេសផ្សេងៗទៀត សំណូមពរឲ្យលេងនៅសៀមរាប។ គេ ថាបើលេងនៅសៀមរាប គេសប្បាយចិត្ត នឹងមកចូលរួម ហើយគេបានទស្សនាប្រាសាទអង្គរ និងប្រាសាទនានាផង។ ម្យ៉ាងវិញទៀត កន្លែងនេះ គឺជាទីតាំងប្រវត្តិសាស្ដ្រ នៃគុនខ្មែររបស់យើង នៅទីដែរ។»។ អគ្គលេខាធិការ NOCC រូបនេះ បាននិយាយដូច្នេះ។
 
ដោយឡែក លោក វ៉ាត់ ចំរើន ពន្យល់បន្ថែមថា ការប្រកួតគុនខ្មែរនៅបុណ្យអុំទូក គឺមានលក្ខណៈជាកីឡា មិនមែនប្រកួតបែបអាជីពដើម្បីរកកម្រៃទេ។ «ប្រដាល់អំឡុងពេលបុណ្យអុំទូក គឺប្រកួតលក្ខណៈជាកីឡា មិនមែនជាអាជីពទេ។ យើង ប្រកួតក្នុងកម្រិតដាក់ពិន្ទុ ជាកីឡា ដែលបានដាក់បទបញ្ជារក្នុងស៊ីហ្គេម និងផ្លូវការរបស់ការប្រកួតគុនខ្មែរយើង មិនប្រកួតលក្ខណៈអាជីព ឬដើម្បីស្វែងរកកម្រៃអីទេ។»។ លោក វ៉ាត់ ចំរើន បានពន្យល់ដូច្នេះ។
 
ក្នុងពិធីបុណ្យដដែរនេះ ពោល គឺថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា អគ្គលេខាធិការ NOCC រូបនេះ និយាយថា កម្ពុជា នឹងមានកិច្ចប្រជុំកីឡាគុនខ្មែរពិភពលោក នៅខេត្តសៀមរាប ជាមួយប្រទេសជាសមាជិក ប្រមាណជា ៦០ប្រទេស ហើយកម្ពុជា ក៏គ្រោង នឹងគ្រោងធ្វើមហាសន្និបាតគុនខ្មែរ ទូទាំងពិភពលោក នៅដើមឆ្នាំ២០២៤ ផងដែរ។
 
អគ្គលេខាធិការរូបនេះ ក៏បង្ហើបឲ្យដឹងថា ប្រទេសជាសមាជិកគុនខ្មែរ ជំរុញឲ្យកម្ពុជា ឈានចូលដំណាក់កាលទី២ ពោលគឺដាក់កីឡានេះ ទទួលស្គាល់ជាកម្រិតអាស៊ី ដែលមាន ៤៥ប្រទេស។ លោក វ៉ាត់ ចំរើន និយាយថា កម្ពុជា ជោគជ័យ ក្នុងការដាក់គុនខ្មែរ ក្នុងការប្រកួតស៊ីហ្គេម ប៉ុន្ដែមានគោលដៅប​ន្ទាប់គឺដាក់ក្នុងការប្រកួតកីឡាអាស៊ី ហើយដំណាក់កាលចុងក្រោយ គឺដាក់កីឡានេះ ជាកម្រិតអូឡាំពិក។
 
«យើង ឃើញថាប្រទេសជាសមាជិកគុនខ្មែរ ជំរុញយើងឲ្យឈានចូលដំណាក់កាលទី២។ ដំណាក់កាលទី២ គឺយុទ្ធសាស្ដ្រ ជំរុញឲ្យគេទទួលស្គាល់កម្រិតអាស៊ី ព្រោះយើង ត្រូវបានគេទទួលស្គាល់ ជាកម្រិតក្បាច់គុន ក្នុងការប្រកួតពហុកីឡា ដែលគេហៅថាជាហ្គេម នៅក្នុងស៊ីហ្គេម ហើយ។ អ៊ីចឹង យើង ត្រូវរុញឲ្យដល់កម្រិត Asian Games ដែលមាន ៤៥ប្រទេស។ ហើយយុទ្ធសាស្ដ្រទី៣ របស់យើង គឺរុញគុនខ្មែរឲ្យដល់អូឡាំពិកហ្គេម។»។ លោក វ៉ាត់ ចំរើន និយាយដូច្នេះ៕
 

Tag:
 វ៉ាត់ ចំរើន
  អ៊ុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com