កីឡាជាតិ
ជាតិ
ករណីព្រំ សំណាង៖ អ្នកនាងស្រួង ភាវី ថាម្នាក់ៗ​គិតតែឈ្នះចាញ់ ប៉ុន្តែមិនខ្វល់ជីវភាព និងសុខទុក្ខកីឡាករ
08, Nov 2023 , 9:29 am        
រូបភាព
កីឡាការិនី ស្រួង ភាវី ម្ចាស់មេដាយមាសប៊ីយ៉ាការ៉ុម ស៊ីហ្គេមលើកទី៣២ បានបង្ហោះសារថា អ្នកគាំទ្រទាំងអស់ ដូចជាមិនយកចិត្តទុកដាក់លើសុខទុក្ខ របស់កីឡាករ-កីឡាការិនីប៉ុន្មានទេ ដោយពួកគេខ្វល់តែលើលទ្ធផលឈ្នះ និងចាញ់។ កីឡាការិនីរូបនេះ បង្ហោះសារដូច្នេះ ដោយបានភ្ជាប់ជាមួយវីឌីអូ ព្រំ សំណាង រងរបួសបន្ទាប់ពីប្រកួតស្មើជាមួយ Dave Leduc កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។



ជាកីឡាការិនី ធ្លាប់តំណាងឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ អ្នកនាង ស្រួង ភាវី បានបង្ហាញពីអារម្មណ៍ទំនងមិនសប្បាយចិត្ត នៅពេលដែលអ្នកគាំទ្រ មិនសូវយកចិត្តទុកដាក់ ឬអើពើពីសុខទុក្ខរបស់កីឡាករ ព្រំ សំណាង បន្ទាប់ពីរបួស ក្រោយការប្រកួតជាមួយ Dave Leduc។ មិនខ្វល់ពីសុខទុក្ខហើយ ក៏មានអ្នកគាំទ្រមួយចំនួន ​បង្ហាញការមិនពេញចិត្ត និងរិះគន់ចំពោះការវាយរបស់ ព្រំ សំណាង។ ​យោងលើការផុសរបស់ កីឡាការិនី ស្រួង ភាវី ដោយភ្ជាប់ជាមួយវីឌីអូរបស់ ព្រំ សំណាង សំណេររបស់កីឡាការិនីរូបនេះ ទំនងជាខកចិត្តចំពោះអ្នកគាំទ្រ ដែលសម្លឹងឃើញ តែលទ្ធផលរបស់កីឡាករ ហើយមិនដែលខ្វល់ខ្វាយពីសុខទុក្ខ និងការប្រឹងប្រែងហ្វឹកហាត់របស់ពួកគេ។ 
 
«ម្នាក់ៗ គិតគូរណាស់ ខ្វល់ខ្វាយណាស់ អំពីលទ្ធផលចាញ់-ឈ្នះរបស់កីឡាករ ប៉ុន្ដែម្នាក់ៗមិនសូវខ្វល់ខ្វាយ គិតគូរអំពីជីវភាពប្រចាំថ្ងៃ អំឡុងពេលហ្វឹកហាត់របស់កីឡាករ។ ប្រសិនបើ ម្នាក់ៗគិតគូរ ខ្វល់ខ្វាយអំពីជីវភាពប្រចាំថ្ងៃ អំឡុងពេលហ្វឹកហាត់របស់កីឡាករ ដូចគិតគូរខ្វលខ្វាយអំពីលទ្ធផល ចាញ់ឈ្នះ របស់កីឡាករ មិនដឹងវិស័យកីឡារបស់យើង រីកចម្រើនយ៉ាងណាទេ?»។
 
លម្អិតអំពីវីដេអូ ដែលកីឡាការិនី ស្រួង ភាវី ផុសនោះ កីឡករ ព្រំ សំណាង បានចេញសុំទោសអ្នកគាំទ្រ ចំពោះការធ្វើមិនបានល្អរប​ស់ខ្លួនក្នុងការប្រកួត បើទោះជាបានធ្វើអស់ពីសមត្ថភាពខ្លួនហើយ។ ម្យ៉ាងវិញទៀតនោះ គឺដោយសារតែត្រូវមួយដៃចំមុខយ៉ាងពេញទំហឹង ធ្វើឲ្យបាត់ស្មារតី និងស្រុតចុះ។ 
 
«សុំទោស ពុកម៉ែបងប្អូនទាំងអស់គ្នា ដែលធ្វើមិនបានល្អ។ ខ្ញុំ បានធ្វើអស់ពីសមត្ថភាពហើយ ដោយសារខ្ញុំចូលមួយដៃ ធ្វើឲ្យខ្ញុំបាត់បង់ស្មារតី ហើយកម្លាំងខ្ញុំស្រុតចុះ។ ខ្ញុំ មិនបានគ្រប់គ្រងអារម្មណ៍មកវិញទេ ដោយសារ ស្រុតខ្លាំងពេក។»។ កីឡាករ ព្រំ សំណាង បាននិយាយដូច្នេះ។
 
ជាការពិត អ្នកគាំទ្រមួយចំនួន គាំទ្រត្រឹមតែដឹងលទ្ធផលឈ្នះ ប៉ុណ្ណោះ លុះដល់ពេលចាញ់ បែរជាដាក់សម្ពាធទៅកីឡាករ តាមរយៈការរិះគន់ និងប្រើពាក្យសម្ដីមិនសមរម្យ។ កីឡាករ​ទាំងអស់ គ្មាននរណាម្នាក់ចង់ចាញ់ទេ ប៉ុន្ដែអ្នកគាំទ្រគួរតែស្វែងយល់ ឬគួរតែគិតគូរដល់បញ្ហាសុខទុក្ខ និងជីវភាពប្រចាំថ្ងៃ ដែលរាប់បញ្ចូលទាំងការហ្វឹកហាត់ផងដែរ។ អ្នកគាំទ្រជាកម្លាំងចិត្តសម្រាប់កីឡាករ ប៉ុន្ដែក៏ជាអ្នកធ្វើឲ្យកីឡាករ ធ្លាក់ និងបាក់ទឹកចិត្តផងដែរ៕

Tag:
 ស្រួង ភាវី
© រក្សាសិទ្ធិដោយ thmeythmey.com