អន្តរជាតិ
អុីស្រាអែល វាយលុកយ៉ាងជ្រៅក្នុងទីក្រុងកាហ្សាដែលជាមូលដ្ឋានដ៏សំខាន់របស់ក្រុមហាម៉ាស
08, Nov 2023 , 10:06 am        
រូបភាព
លោក Yoav Gallant រដ្ឋមន្រ្តីការពារជាតិអុីស្រាអែល។ រូបភាព AFP
លោក Yoav Gallant រដ្ឋមន្រ្តីការពារជាតិអុីស្រាអែល។ រូបភាព AFP
កម្លាំងយោធាអុីស្រាអែល កំពុងប្រតិបត្តិការយ៉ាងជ្រៅនៅក្នុងទីក្រុងកាហ្សា ដែលជាមូលដ្ឋានដ៏សំខាន់មួយរបស់ក្រុមហាម៉ាស ស្ថិតនៅតំបន់កាហ្សាភាគខាងជើង។ រដ្ឋមន្រ្តីការពារជាតិអុីស្រាអែល លោក Yoav Gallant បានបញ្ជាក់បែបនេះ នៅថ្ងៃទី៧ ខែវិច្ឆិកា។

 
ក្រោយពីឡោមព័ទ្ធទីក្រុងកាហ្សាបានប៉ុន្មានថ្ងៃ កម្លាំងយោធាអុីស្រាអែល បានវាយលុកចូលទីក្រុងមួយនេះយ៉ាងជ្រៅ ដើម្បីបោសសម្អាតក្រុមហាម៉ាស តាមការប្តេជ្ញារបស់មេដឹកនាំរបស់ខ្លួននៅពេលកន្លងមក។ ទីក្រុងកាហ្សា ស្ថិតនៅតំបន់កាហ្សាភាគខាងជើង និងត្រូវបានអុីស្រាអែល ចាត់ទុកជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ក្រុមសកម្មប្រយុទ្ធហាម៉ាស។ 
 
«ទាហានថ្មើរជើង រថយន្តពាសដែក និងរថក្រោះ មានគោលដៅតែមួយគត់ គឺក្រុមភេរវករហាម៉ាសក្នុងក្រុងកាហ្សា ហេដ្ឋារចនាសម្ព័ន្ធពួកគេ មេបញ្ជាការរបស់ពួកគេ លេណដ្ឋាន និងបន្ទប់ទំនាក់ទំនង»។ លោក Yoav Gallant ប្រមុខការពារជាតិអុីស្រាអែល បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៧  ខែវិច្ឆិកា ដោយបន្តថា កម្លាំងអុីស្រាអែល កំពុងឆ្ពោះកាន់តែជ្រៅទៅក្នុងទីក្រុងកាហ្សា ដែលជាតំបន់ដ៏សំខាន់។ ក្រុមហាម៉ាស ត្រូវបានអុីស្រាអែល អាម៉េរិក និងសហភាពអឺរ៉ុបជាដើម ចាត់ទុកជាក្រុមភេរវករ។ 
 
បើតាមលោក Gallant​ មេដឹកនាំជាន់ខ្ពស់ដ៏សំខាន់មួយរបស់ក្រុមហាម៉ាស លោក Yahya Sinwar កំពុងជាប់នៅក្នុងលេណដ្ឋាន ហើយកម្លាំងរបស់លោកក៏ត្រូវបានកាត់ផ្តាច់ផងដែរ។ ទាក់ទិននឹងបញ្ហានេះ ប្រមុខការពារជាតិអុីស្រាអែល បានចាត់ទុកលោក Sinwar ជាបុគ្គលមួយរូប ដែលបានសម្រេចចិត្តក្នុងការវាយប្រហារលើប្រជាជន ស្រ្តី និងកុមារអុីស្រាអែល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
នៅក្នុងក្រុងកាហ្សា ក្រុមហាម៉ាស បានរៀបចំផ្លូវនៅក្រោមដី ដែលស្ថិតនៅក្រោមមន្ទីរពេទ្យ និងសាលារៀន សម្រាប់ជាកន្លែងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ  បន្ទប់ទំនាក់ទំនង កន្លែងដាក់អាវុធ និងសម្ភារផ្សេងទៀត។ 
 
តាមរយៈសេចក្តីថ្លែងការណ៍មួយ  នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានថា អុីស្រាអែល បានបង្កើនការដាក់សម្ពាធលើក្រុមហាម៉ាស គ្រប់ពេលវេលា និងជារៀងរាល់ថ្ងៃ។ បើតាមប្រមុខរដ្ឋាភិបាលរូបនេះ យោធាអ៊ីស្រាអែល បានសម្លាប់ភេរវករទាំងនៅលើដី និងពួននៅក្រោមដី។ 
 
កន្លងមក ក្រុមហាម៉ាស តែងប្រើប្រាស់យុទ្ធសាស្រ្តលួចវាយប្រហារលើកម្លាំងអុីស្រាអែល ហើយលាក់ខ្លួន។ ផ្លូវក្រោមដី ជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហាម៉ាស ដើម្បីវាយប្រហារលើអុីស្រាអែល។ 
 
ជាងរយៈពេល ១ខែមកនេះ ប្រជាជននៅក្នុងតំបន់កាហ្សាច្រើនជាង​ ១ម៉ឺននាក់ ត្រូវបានសម្លាប់ ដោយក្នុងមានកុមារប្រមាណ ៤០ភាគរយ។ ចំណែកប្រជាជននៅអុីស្រាអែលយ៉ាងហោចណាស់ ១៤០០នាក់ បានបាត់បង់ជីវិត និងច្រើនជាង ២៤០នាក់ផ្សេងទៀត ត្រូវបានក្រុមហាម៉ាសចាប់ខ្លួន។ 
 
ខណៈពេលជម្លោះកាន់តែផុងជ្រៅ និងមានភាពស្មុគស្មាញ អង្គការអន្តរជាតិ និងបណ្តាប្រទេសជាច្រើន បានទទូចឱ្យមានបទឈប់បាញ់ទូទៅ ដើម្បីបង្ការវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងតំបន់កាហ្សា។ យ៉ាងណាមិញ មេដឹកនាំអុីស្រាអែល នៅតែបន្តបដិសេធមិនទទួលយកបទឈប់បាញ់ឡើយ ក្រោមហេតុផលមិនចង់ឱ្យប្រតិបត្តិការយោធារបស់ខ្លួនឥតន័យ ហើយអនុញ្ញាតឱ្យក្រុមហាម៉ាស ពង្រឹងកម្លាំងរបស់ខ្លួនឡើងវិញ៕

Tag:
 អុីស្រាអែល
  ហាម៉ាស
  ប៉ាឡេស្ទីន
  កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com