កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ម្ចាស់ការពារជើងឯក Man City និង Leipzig កក់កៅអីវគ្គ១៦ក្រុមមុនគេ ឯពូល F ប្រទាញប្រទង់
08, Nov 2023 , 10:29 am        
រូបភាព
ម្ចាស់ការពារតំណែងជើងឯក Manchester City និង RB Leipzig ជាក្រុមដំបូងគេកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League តាមរយៈការយកឈ្នះរៀងខ្លួនក្នុងពូល G។ Man City ឈ្នះ Young Boy ៣-០ ដែលជាជ័យជម្នះ៤លើកជាប់គ្នា ស្របពេល RB Leipzig ឈ្នះ FK Crvena Zvezda ២-១។ ពូល F ដែលជាពូលមរណៈប្រចាំរដូវកាល ២០២៣-២៤ ប្រដេញពិន្ទុគ្នាទាំង៤ក្រុម បើទោះឆ្លងកាត់៤ប្រកួតហើយក្តី។


២គ្រាប់របស់ខ្សែប្រយុទ្ធឆ្នើម Erling Haaland និង១គ្រាប់របស់ខ្សែបម្រើ Phil Foden ក្នុងការប្រកួតលើកទី៤ នៅ Etihad យប់ថ្ងៃទី៧ ខែវិច្ឆិកា នៃវគ្គសន្សំពិន្ទុពូល G គ្រប់គ្រាន់ដើម្បីជួយ Man City បន្តទៅវគ្គខ្វែងដោយស្វ័យប្រវត្តិ។
 
ឆ្លងកាត់ការប្រកួត៤លើក ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Pep Guardiola រកបាន១២ពិន្ទុពេញ នាំមុខក្រុមលេខ២ RB Leipzig ៣ពិន្ទុ និងក្រុមលេខ៣ FK Crvena Zvezda និងលេខ៤ Young Boys ចំនួន១ពិន្ទុ។ RB Leipzig បន្តឈ្នះ FK Crvena Zvezda ២-១។
 
ស្របពេលម្ចាស់ការពារជើងឯកឡើង និង Leipzig ទៅវគ្គខ្វែងស្វ័យប្រវត្តិនោះ ក្រុម FK Crvena Zvezda និង Young Boys សល់ឱកាសប្រជែងគ្នាដណ្តើមយកលេខ៣ ដើម្បីបានកៅអី Europa League។
 
ពូល F នៅតែប្រដេញពិន្ទុគ្នាទាំង៤ក្រុម បន្ទាប់ពី Newcastle United បន្តចាញ់ Borussia Dortmund ២-០ ហើយ AC Milan ឈ្នះ Paris Saint-Germain ២-១ នៅជុំទី២។ Dortmund​ ឡើងទៅឈរកំពូលតារាងជំនួស PSG វិញ ស្របពេល AC Milan ឡើងទៅលេខ៣ និង Newcastle ធ្លាក់ទៅបាតតារាង ដោយមានលំដាប់ពិន្ទុពី៧ពិន្ទុ ៦ពិន្ទុ ៥ពិន្ទុ និង៤ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត៤លើក។
 
Barcelona ភ្លាត់ចាញ់ Shakhtar Donetsk ១-០ ដែលជាបរាជ័យដំបូងក្នុងពូល H ចំណោម៤ប្រកួត។ ជ័យជម្នះនេះ ជួយក្រមអ៊ុយក្រែន Shakhtar បន្តឱកាសប្រជែងកៅអីទៅវគ្គខ្វែង ដោយបង្អាក់ Barcelona ដែលត្រូវបន្តទៅប្រកួតទី៥ ឬទី៦ ដើម្បីដឹងលទ្ធផលទៅវគ្គបន្ត។ ក្នុងពូលនេះដែរ FC Porto បន្តឈ្នះ Royal Antwerp ២-០។ Barcelona ឈរកំពូលតារាងបណ្តោះអាសន្នមាន៩ពិន្ទុ ស្មើ Porto ដែលនៅលេខ២ Donetsk នៅលេខ៣មាន៦ពិន្ទុ ស្របពេល Royal Antwerp អស់ឱកាសទៅវគ្គ១៦ក្រុម ក្រោយបរាជ័យទាំង៤ប្រកួត។
 
Atletico Madrid ឡើងឈរកំពូលតារាងពូល E មាន៨ពិន្ទុ ក្រោយឈ្នះក្រុមបាតារាង Celtic ៦-០ នៅជំនួបទី៤ ស្របពេល Lazio ដែលឈ្នះ Feyenoord ១-០ ឡើងទៅលេខ២វិញ ដោយរកបាន៧ពិន្ទុ។ Feyenoord ធ្លាក់មកលេខ៣វិញ ដោយរក្សា៦ពិន្ទុដដែល ឯ Celtic រកបានតែ១ពិន្ទុប៉ុណ្ណោះ៕

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com